ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអ្នកស្រុកធ្វើស្រែបានផល លោកជំទាវម្នាក់​យក​ម៉ាស៊ីនមកច្រូតយកអស់ មិនទាន់ដោះស្រាយ​ចប់ទេ

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្មានអាណិតប្រជាជនបន្តិចសោះ! អាជ្ញាធរសម្របសម្រួលឱ្យប្រជាជនច្រូតស្រូវដោយដៃយកទុកហូប កូនចៅជំទាវ នាង ហៀបទៅប្រមូលហើយថែមទាំងដាក់ម៉ាស៊ីនច្រូតទាំងបំពានមិនញញើតសោះ ប្រជាពលរដ្ឋម្ចាស់ស្រូវស្រែកដង្ហើយរកយុត្តិធម៌ ។ គួររំលឹកថា…

ខេត្តកំពង់ស្ពឺ ៖ គ្មានអាណិតប្រជាជនបន្តិចសោះ! អាជ្ញាធរសម្របសម្រួលឱ្យប្រជាជនច្រូតស្រូវដោយដៃយកទុកហូប កូនចៅជំទាវ នាង ហៀបទៅប្រមូលហើយថែមទាំងដាក់ម៉ាស៊ីនច្រូតទាំងបំពានមិនញញើតសោះ ប្រជាពលរដ្ឋម្ចាស់ស្រូវស្រែកដង្ហើយរកយុត្តិធម៌ ។ គួររំលឹកថា អ្នកស្រុកថាយុត្តិធម៌ឆ្ងាយដូចជើងមេឃ រឿងធ្វើស្រែបានផល ជំទាវម្នាក់មកច្រូត​យកអស់ អ្នកនាំពាក្យសាលាខេត្តកំពង់ស្ពឺថារង់ចាំការដោះស្រាយទៀត​

បើទោះបីជាមានការសម្របសម្រួលដោះស្រាយពីសំណាក់ អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថា ឱ្យប្រជាពលរដ្ឋទៅច្រូតស្រូវលើដីទំហំ៦ហិកតាដើម្បីយកទុកហូបក៏ដោយ។ ប៉ុន្តែលោកជំទាវ នាង ហៀប នៅតែបំពានទៅលើប្រជាពលរដ្ឋម្ចាស់ស្រូវទៅដណ្តើម និងដាក់ម៉ាស៊ីនច្រូតស្រូវរបស់ប្រជាពលរដ្ឋមិនញញើតច្បាប់ទាល់តែសោះ លោកជំទាវ នាង ហៀប ពិតជាមានអំណាចលើសអាជ្ញាធរខេត្តកំពង់ស្ពឺមែន។

បើតាមប្រជាពលរដ្ឋឈ្មោះ ស្រីទូច អាយុជាង៥០ឆ្នាំ និងឈ្មោះ មៀក រ៉ាន់ អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់ជាម្ចាស់ស្រែស្រូវនៅលើផ្ទៃដីទំហំ៦ហិកតា(ស្រូវមិនសូវល្អទេមានស្មៅច្រើន) កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បន្ទាប់ពីផ្ទុះរឿងលោកជំទាវ នាង ហៀប បានបញ្ជាកូនចៅយកម៉ាស៊ីនមកច្រូតស្រូវរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតា យកស្រូវអស់រាប់តោននោះ ភ្ញាក់ផ្អើលដល់អាជ្ញាធរឃុំ-ស្រុក និងលេចវត្តមាន លោក សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ អមដំណើរដោយអ្នកមុខអ្នកការ អញ្ជើញចុះទៅដល់ទីតាំងដីស្រែដែលមានវិវាទនោះ។ ដោយទាស់ពាក្យសម្តីគ្នាឡើងតឹងសរសៃក រវាងប្រជាពលរដ្ឋម្ចាស់ស្រែម្ចាស់ស្រូវ និងលោកជំទាវ នាង ហៀប។ ពេលនោះ លោក សុខ សុទ្ធី អភិបាលរងខេត្តបានធ្វើការសម្របសម្រួល ដោយអនុញ្ញាតឱ្យប្រជាកសិករម្ចាស់ស្រូវច្រូតដោយដៃយកទុកហូបចុះ បើជួលម៉ាស៊ីនគេច្រូតខ្លាចចំណាយអស់ថវិកាច្រើន ណាមួយស្រែសុទ្ធតែស្មៅទៀត។

​ទោះបី​មានការអនុញ្ញាតពីលោក អភិបាលរងខេត្តកំពង់ស្ពឺក៏ដោយនោះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋឈ្មោះ មៀក រ៉ាន់ អាយុ៣០ឆ្នាំបានចុះទៅច្រូតស្រូវដោយដៃដើម្បីបានទុកហូប ស្រាប់តែកូនចៅរបស់លោកជំទាវ នាង ហៀប បែរជាបើកគោយន្តនិងរថយន្តកែច្នៃមកប្រមូលកណ្តាប់ស្រូវដែលឈ្មោះ មៀក រ៉ាន់នោះយកទៅបាត់អស់ ដោយអស់សង្ឃឹមមានតែទ្រហោយំដើម្បីរំសាយកំហឹង និងស្រែថាអយុត្តិធម៌តែប៉ុណ្ណោះ រួចហើយក៏ត្រឡប់មកផ្ទះវិញដោយក្តីឈឺចាប់និងភាពអស់សង្ឃឹម។

ប្រជាពលរដ្ឋឈ្មោះស្រីទូច និងឈ្មោះ មៀក រ៉ាន់ បានបន្តទៀតថា លុះព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កូនចៅលោកជំទាវនាង ហៀប បានយកម៉ាស៊ីនច្រូតស្រូវចំនួនពីរគ្រឿង មកច្រូតស្រូវលើផ្ទៃដីទំហំ៦ហិកតាដែលប្រជាពលរដ្ឋជាអ្នក​ធ្វើ​ផ្ទាល់ដៃ ខណៈដែលលោក សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺបានអនុញ្ញាតឱ្យកសិករម្ចាស់ស្រូវច្រូតដោយដៃទុកហូបចិញ្ចឹមជីវិត ពេលប្រជាពលរដ្ឋទៅឃាត់គ្រឿងចក្រនោះ កូនចៅលោកជំទាវ នាង ហៀប បានគំរាមកំហែងប្រជាពលរដ្ឋថា បើសិនជាបែកធ្លាយរឿងនេះទៅដល់អ្នកកាសែត ហើយធ្វើការឡាយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនោះ ច្បាស់ជាមានរឿងធំជាក់ជាមិនខានឡើយ។ ដោយខ្លាចការគំរាមកំហែងពីសំណាក់កូនចៅលោកជំទាវ នាង ហៀប ដែលមានអំណាច និងខ្នងបង្អែកអ្នកធំៗនៅពីក្រោយខ្នងធំប៉ុនមហាមេឃនោះ ប្រជាកសិករក្រីក្រស្លូតត្រង់ក៏ត្រឡប់មកផ្ទះវិញទាំងក្តីអស់សង្ឃឹម ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ