ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងភូមិក្បាលដំរី ភូមិសំរោង និងភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងស្រែកដង្ហើយរកយុត្តិធម៌ដោយសារតែមានលោកជំទាវឈ្មោះ នាង ហៀប ដែលអះអាងថាជាប្រធានក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយនៅឯរាជធានីភ្នំពេញ មានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយ បានបញ្ជាកូនចៅក្រោមឱវាទច្រូតស្រូវរបស់ប្រជាពលរដ្ឋទាំងបំពាន បើទោះបីប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅអាជ្ញាធរភូមិ-ឃុំ-និងស្រុកឱរ៉ាល់រួចហើយក៏ដោយ ប៉ុន្តែដោះស្រាយត្រឹមតែពីរគ្រួសារថាជាតំណាងប្រជាពលរដ្ឋ ។ ចុះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនគ្រួសារទៀតដែលត្រូវបាត់បង់ស្រូវ គ្មានដំណោះស្រាយរហូតស្ងាត់បាត់ឈឹង។ ប៉ុន្តែបែរជារដ្ឋបាលស្រុកឱរ៉ាល់ និងរដ្ឋបាលខេត្តកំពង់ស្ពឺចេញសេចក្តីប្រកាសថា បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋរួចហើយទៅវិញ។ គួររំលឹកថា រឿងមិនធ្លាប់មាន ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញ
លោក សៅ ងិន អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា គាត់បានកាន់កាប់អាស្រ័យផលនៅលើដីទំហំ៧ហិកតា តាំងពីអំឡុងឆ្នាំ២០០៨-២០០៩មកម្លេះ។ ហើយបានធ្វើស្រែស្រូវជារៀងរាល់ឆ្នាំ លុះឆ្នាំ២០១២ មានក្រុមនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោហ៊ុនសែន បានចុះធ្វើការវាស់វែង(ប្លង់០១)ទំហំ២ហិកតាកន្លះ ប្លង់ទន់ដីជាប់ក្បាលស្រែទំហំជាង៤ហិកតា ហើយគាត់បានប្រកបរបរធ្វើស្រែ និងចែកឱ្យកូនៗ ធ្វើស្រែដូចគ្នាដែរ។ ស្រាប់តែក្នុងអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែច្រូតស្រូវ មានម៉ាស៊ីនច្រូតចុះមកច្រូតស្រូវរបស់គាត់ទាំងបំពាន ពេលដែលគាត់ធ្វើការតវ៉ា គេហៅគាត់ទៅដោះស្រាយថាចែកស្រូវពាក់កណ្តាលម្នាក់ ទើបខាងលោកជំទាវព្រម ពីព្រោះគាត់និយាយថាប្រជាពលរដ្ឋបានធ្វើស្រែនៅក្នុងដីក្រុមហ៊ុនរបស់គាត់។
លោក សៅ ងិន បានបន្តថា ដោយសារតែគេច្រូតស្រូវរបស់គាត់អស់ទៅហើយនោះទំហំ៧ហិកតា ស្រូវជាង១០តោន គាត់បង្ខំចិត្តព្រមយកពាក់កណ្តាល(ចែកគ្នាស្មើ) ។ មិនតែប៉ុណ្ណោះកូនចៅលោកជំទាវ នាង ហៀប បានគំរាមថាឆ្នាំក្រោយលែងឱ្យធ្វើស្រូវនៅលើដីនេះទៀតហើយ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋឈ្មោះ ផឹម ស្រីរ៉ឹម ភេទស្រីអាយុ៣១ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បាននិយាយឱ្យដឹងថា គាត់មានដីទំហំ៣ហិកតា(ប្លង់ទន់ ភូមិ-ឃុំ) ដែលឪពុកម្តាយចែកឱ្យ ហើយធ្វើស្រែស្រូវជារៀងរាល់ឆ្នាំ ដោយក្នុង១ហិកតាបានផលចាប់ពី១តោនកន្លះ ដល់២តោនកន្លះតាមស្រូវល្អមិនល្អ ស្រាប់តែខាងក្រុមហ៊ុនច្រូតស្រូវរបស់គាត់យកទៅអស់រលីង ។ គាត់បានដាក់ពាក្យបណ្តឹងទៅភូមិ-ឃុំ-ស្រុក ប៉ុន្តែធ្វើការដោះស្រាយមិនមានភាពយុត្តិធម៌នោះទេ។ គាត់គិតថាការដោះស្រាយបែបលំអៀង ដោយគ្រាន់តែភាគីខាងក្រុមហ៊ុន ដែលមានលោកជំទាវ នាង ហៀប នោះបង្ហាញប្លង់នៅលើទូរស័ព្ទទៅអស់លោកអាជ្ញាធរថាគេមានប្លង់រួចហើយ។ ខណៈដែលប្រជាពលរដ្ឋរស់នៅ កាន់កាប់អាស្រ័យផលនៅទីតាំងនេះជាយូរឆ្នាំណាស់មកហើយ មិនដែលឃើញមានក្រុមហ៊ុនណានោះទេ ហើយប្រជាពលរដ្ឋក៏មិនបានលក់ដីទៅឱ្យលោកជំទាវ និងក្រុមហ៊ុននោះដែរ។បើលោកជំទាវ និងម្ចាស់ក្រុមហ៊ុនចង់បាន ឬចង់ទិញដីរបស់ប្រជាពលដ្ឋយកទៅវិនិយោគ សូមធ្វើការដោះស្រាយ ឬទិញតាមផ្លូវច្បាប់ទៅ សូមកុំធ្វើបាបប្រជាពលរដ្ឋបែបនេះអី!។
ដោយឡែកប្រជាពលរដ្ឋឈ្មោះ មៀក រ៉ាន់ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា មានដីសរុបជិត៥ហិកតា ប្លង់រឹង០១នោះ ទំហំជិត២ហិកតា ប្លង់ទន់(ភូមិ-ឃុំ)ទំហំ៣ហិកតា ធ្វើស្រែរាល់ឆ្នាំ។ ហើយឆ្នាំនេះបានប្រមូលផលហើយ ស្រាប់តែនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ខាងលោកជំទាវ នាង ហៀប ដែលអះអាងថាម្ចាស់ក្រុមហ៊ុន បានយកម៉ាស៊ីនច្រូតយកស្រូវរបស់គាត់អស់ប្រហែលជាង៦តោន បើទោះបីជាគាត់ប្តឹងផ្តល់ទៅលោកមេភូមិ-លោកមេឃុំ និងលោកអភិបាលស្រុកឱរ៉ាល់ក៏គ្មានដំណោះស្រាយណាមួយជូនគាត់នោះទេ!។ ហើយគាត់ក៏គ្មានក្តីសង្ឃឹមណាមួយបានស្រូវពីលោកជំទាវ នាង ហៀប ហើយក៏គ្មានក្តីសង្ឃឹមថាទទួលបានភាពយុត្តិធម៌ពីសំណាក់អស់លោកអាជ្ញាធរនោះដែរ។
ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋធ្វើការសំណូមពរយ៉ាងទទូចដល់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ ធ្វើស្រែគ្រាន់បានចិញ្ចឹមជីវិតបានរស់ផង។
ពាក់ព័ន្ធនិងការលើកឡើងនូវក្តីកង្វល់របស់ប្រជាពលរដ្ឋម្ចាស់ស្រែខាងលើដែលរងនូវការរំលោភបំពានពីសំណាក់ លោកជំទាវ នាង ហៀប និងជាម្ចាស់ក្រុមហ៊ុនខាងលើនេះ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យសាលាខេត្តបានឱ្យកោះសន្តិភាពដឹងថា សូមអ្នកកាសែតមើលតាមសេចក្តីប្រកាសរបស់សាលាខេត្តទៅ គឺបានដោះស្រាយរួចរាល់ហើយ។ ចំពោះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ មានលោកអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ចុះទៅដល់ទីតាំងដីស្រែរបស់ប្រជាពលរដ្ឋនោះបាននិយាយថា រង់ចាំការដោះស្រាយនៅពេលក្រោយទៀតសិន ចាំផ្តល់ព័ត៌មាននៅពេលក្រោយទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕













ចែករំលែកព័តមាននេះ