ប្រទេសយេម៉ែន ៖ ក្រោយការចរចាគ្នាអស់ពេលច្រើនថ្ងៃនៅអូម៉ង់ ជាអ្នកអាជ្ញាកណ្ដាលគន្លឹះក្នុងជម្លោះនៅយេម៉ែន រវាងរដ្ឋាភិបាលនិងពួកឧទ្ទាមហ៊ូធី កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកគ្នាមួយត្រូវបានរកឃើញ។ សម្រាប់ពេលនេះនៅមិនទាន់មានកាលបរិច្ឆេទណាមួយចំពោការដោះដូរឈ្លើយសឹកគ្នានោះនៅឡើយ។ តាមកិច្ចព្រមព្រៀងនោះថា ឈ្លើយសឹកហ៊ូធី១៧០០នាក់ និងឈ្លើយសឹកខាងរដ្ឋាភិបាល១២០០នាក់ ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអូឌីត៧នាក់និងជនជាតិស៊ូដង់២៣នាក់នឹងត្រូវដោះលែង។
បេសកជនពិសេសអ.ស.ប សម្រាប់យេម៉ែនលោកHANS GRUNDBERG បានសម្ដែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងនោះ ដោយចាត់ទុកថាជាវិធានការវិជ្ជមាននិងសំខាន់មួយ។ ទោះបីយ៉ាងណាលោកព្រមានថា ការអនុវត្តនឹងចាំបាច់ត្រូវមានការសន្យានិងកិច្ចសហប្រតិបត្តិការជាបន្តរបស់បណ្ដាភាគី។ ក្នុងចំណោមមនុស្សដែលជាប់ជាឈ្លើយសឹករបស់ពួកហ៊ូធី ក៏មានផងដែរនិយោជិតអ.ស.បច្រើនសិបនាក់។
ចំណែកកាកបាទក្រហមអន្តរជាតិវិញនិយាយថា ត្រៀមរៀបចំសម្រាប់ការដោះលែង ការផ្ទេរនិងការធ្វើមាតុភូមិនិវត្តន៍របស់បណ្ដាឈ្លើយសឹក។ គួរកត់សម្គាល់ថា ការដោះដូរឈ្លើយសឹកគ្នា ពិតជារឿងកម្រក្នុងជម្លោះនៅយេម៉ែន ។ ការដោះដូរមានម្ដងកាលពីឆ្នាំ២០២៣ ដោយភាគីទាំង២បានដោះដូរឈ្លើយសឹកគ្នាជិត៩០០នាក់។ រួចកាលពី៣ឆ្នាំមុននេះ ឈ្លើយសឹកជាង១០០០នាក់ ត្រូវបានដោះលែង។ ការដោះដូរលើកនេះនឹងជាការដោះដូរសំខាន់ ពុំធ្លាប់មានចាប់តាំងពីមានជម្លោះពីឆ្នាំ២០១៤មក៕
ចែករំលែកព័តមាននេះ