ទីក្រុងសេអ៊ូល៖ ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល ត្រូវសមត្ថកិច្ចចុះឆែកឆេរកាលពីព្រឹកមិញ។ នេះជាផ្នែក១នៃការស៊ើបអង្កេតនៅក្នុងសំណុំរឿងក្បត់ជាតិដែលប្រព្រឹត្តដោយលោកយូនស៊ុកយូល និងក្រុមរបស់គាត់។ សមត្ថកិច្ចក៏បន្តចាប់ខ្លួនមន្ត្រីគ្រាក់ៗរបស់លោកដែលចូលរួមនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន។ ក្រៅពីអតីតរដ្ឋមន្ត្រីការពារជាតិដែលត្រូវចាប់ខ្លួនរួចហើយ អគ្គស្នងការនគរបាលជាតិក៏ត្រូវចាប់ខ្លួនផងដែរ។
នៅក្នុងដំណាក់កាលស៊ើបអង្កេតនេះ សមត្ថកិច្ចហាមឃាត់លោកយូនស៊ុកយូលមិនឱ្យធ្វើដំណើរទៅក្រៅប្រទេសទេ។ បក្សពួករបស់លោកត្រូវបានចោទប្រកាន់ជាបណ្ដើរៗទៅតុលាការហើយពីបទចូលរួមនៅក្នុងអំពើក្បត់ជាតិ និងរំលោភអំណាច។ បន្ទាប់ពីចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ អតីតរដ្ឋមន្ត្រីការពារជាតិ លោកគីមយ៉ុងយុន (Kim Yong-hyun) ប្រុងបញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែមានគេរត់ទៅឃាត់ទាន់។
សមត្ថកិច្ចថ្លែងថាការចាប់ខ្លួនអតីតរដ្ឋមន្ត្រីរូបនេះដើម្បីទប់ស្កាត់មិនឱ្យគាត់មានឱកាសអាចបំផ្លាញភស្តុតាងចោល។ លោកគីមយ៉ុងយុនហាក់ដូចជាចង់ទទួលទោសកំហុសតែម្នាក់ឯង។ គាត់ថាកំហុសគ្រប់យ៉ាងកើតមកពីរូបគាត់តែម្នាក់ប៉ុណ្ណោះ។ ដោយឡែក អគ្គស្នងការនគរបាលជាតិ រួមជាមួយស្នងការនគរបាលក្រុងសេអ៊ូលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ ហើយត្រូវបានចោទប្រកាន់ទៅតុលាការពីបទចូលរួមនៅក្នុងអំពើក្បត់ជាតិ។
សមត្ថកិច្ចរកឃើញថានៅថ្ងៃប្រកាសច្បាប់អាជ្ញាសឹក អ្នកទាំង២បានដាក់ពង្រាយកម្លាំងនគរបាលទប់ស្កាត់មិនឱ្យក្រុមអ្នកតំណាងរាស្ត្រធ្វើដំណើរទៅប្រជុំ និងបោះឆ្នោតជំទាស់នឹងច្បាប់អាជ្ញាសឹក។ គម្រោងរបស់គណបក្សកាន់អំណាចដែលចង់រៀបចំ «ផែនទីបង្ហាញផ្លូវសម្រាប់ការចុះចេញពីតំណែង» របស់លោកយូនស៊ុកយូលនៅឆ្នាំក្រោយមិនដឹងថាទៅរួចឬអត់។ មូលហេតុដោយសារគណបក្សប្រឆាំងនៅតែចិញ្ចឹមចិត្តចង់ដកតំណែងរបស់គាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូងថ្លែងថាខ្លួននឹងស្នើសុំកោះប្រជុំសភានៅថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីដកតំណែងលោកយូស៊ុកយូល។ អ្នកតំណាងរាស្ត្រខ្លះរបស់គណបក្សកាន់អំណាចប្រកាសថាលើកនេះខុសពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ពួកគេក៏នឹងបោះឆ្នោតគាំទ្រញត្តិស្នើសុំដកតំណែងនេះ។ លោកលីជេម្យុងដែលជាប្រធានគណបក្សប្រជាធិបតេយ្យប្រៀបប្រដូចវិធានការនេះទៅនឹងរថភ្លើងដែលកំពុងរត់ និងដែលគ្មានអ្វីអាចបញ្ឈប់ចលនានេះបានទេ។
លោកយូនស៊ុកយូលធ្លាប់ប្រកាសរួចហើយថាទោះជាយ៉ាងណាក្ដី លោកមិនចុះចេញពីតំណែងជាដាច់ខាត។ លោកយូនខ្លួនឯងក៏ប្រឈមនឹងការកាត់ទោសប្រហារជីវិតផងដែរ។ គ្រាន់តែថាសមត្ថកិច្ចមិនទាន់ចាប់ខ្លួនគាត់ ឬចោទប្រកាន់គាត់ទៅតុលាការ។ ប៉ុន្តែសមត្ថកិច្ចក៏ចាប់ផ្ដើមស៊ើបអង្កេតទៅលើរូបគាត់ជាបណ្ដើរៗហើយដូចជាករណីចូលឆែកឆេរខុទ្ទកាល័យរបស់គាត់កាលពីព្រឹកមិញជាដើម។
សព្វថ្ងៃនេះលោកយូនស៊ុកយូលមានតែសម្បកខ្លួនតែប៉ុណ្ណោះ។ សូម្បីតែតំណែងប្រធានាធិបតីក៏គ្រាន់តែជាតំណែងខ្យល់តែប៉ុណ្ណោះ។ គាត់គ្មានភារកិច្ច និងតួនាទីអ្វីទាំងអស់បន្ទាប់ពីគាត់ស្ម័គ្រចិត្តផ្ទេរអំណាចទាំងអស់ទៅឱ្យនាយករដ្ឋមន្ត្រី និងប្រធានគណបក្សកាន់អំណាចតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនជាថ្នូរនឹងការមិនបោះឆ្នោតដកតំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕
ចែករំលែកព័តមាននេះ