រាជធានីភ្នំពេញ ៖ ការរៀបចំពិព័រណ៌សៀវភៅកម្ពុជា លើកទី១១ ត្រូវបានរំពឹងទុកថា នឹងទទួលបានអ្នកចូលរួមទស្សនាកើនជាងលើកមុន ខណៈអ្នករៀបចំចង់ឲ្យមានការទិញសៀវភៅ យកទៅអានឲ្យបានច្រើន ដើម្បីលើកកម្ពស់ការអាន និងស្នាដៃអ្នកនិពន្ធ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ពិព័រណ៌សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ «អ្នកអានជាអ្នករៀនពេញមួយជីវិត» នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា មហាព្រឹត្តិការណ៍ពិព័រណ៌សៀវភៅ លើកទី១១នេះ នឹងធ្វើរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី១៩-២០-២១ និង២២ ខែធ្នូ នៅកោះពេជ្រ ។
លោកបន្តថា ការពិព័រណ៌សៀវភៅ នឹងមានការចូលរួមពីឯកឧត្តមសភាចារ្យ ហង់ ជួន ណារ៉ុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងឯកឧត្តម ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ។
លោក គឹម ពីនន់ បានលើកឡើងទៀតថា គោលបំណង នៃការរៀបចំពិព័រណ៌សៀវភៅ គឺចង់ឲ្យមានការផ្សព្វផ្សាយការបោះពុម្ភសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃថ្មី និងស្នាដៃចាស់ ដើម្បីឲ្យមានទីផ្សារ និងជំរុញឲ្យប្រជាជនខ្មែរមានទំលាប់ក្នុងការអានសៀវភៅ ហើយជាសារមួយទៅកាន់យុវជនឲ្យដឹងពីគុណតម្លៃ នៃការអានសៀវភៅ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងបង្កើនគំនិត ក្នុងការសិក្សាការងារ។ លើសពីនេះ ដើម្បីបង្កើនកម្មវិធិនិន្ទានរឿងនឹងគំនូរភាពផ្សេងៗ ធ្វើយ៉ាងណាឲ្យកុមារស្រឡាញ់សៀវភៅតាំងពីនៅតូចៗ។ គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា និងនៅពិភពលោក។ ជាងនេះ ដើម្បីលើកទឹកចិត្តដល់កវីនិពន្ធស្រាវជ្រាវ ផលិតករខ្មែរដើម្បី បង្កើនស្នាដៃថ្មីៗបន្ថែមទៀត ។
លោកអនុរដ្ឋលេខាធិការ ក៏បានឲ្យដឹងថា នៅក្នុងពិព័រណ៌សៀវភៅនេះដែរ ក៏នឹងមានការបញ្ចុះតម្លៃសៀវភៅ ឬការចែកជូនសៀវភៅ ដោយឥតគិតថ្លៃ ដល់អ្នកដែលចូលរួមទស្សនានៅពិព័រណ៌ ផងដែរ ។
ចំណែកលោក សុខ ឬទ្ធី អនុប្រធានគណៈកម្មការរៀបចំពិព័រណ៌សៀវភៅ បានឲ្យដឹងថា ការដាក់ពិព័រណ៌សៀវភៅ ពីមួយឆ្នាំទៅមួយឆ្នាំ មានចំនួនអ្នកទស្សនាបានកើនឡើងជាលំដាប់ រហូតដល់ដូរទីតាំងមកនៅកោះពេជ្រ ដែលមានបរិវេណធំទូលាយងាយស្រួលឲ្យអ្នកទស្សនាអាចចូលរួមបានច្រើន ។
លោកថា ការពិព័រណ៌សៀវភៅនេះ បានថវិការពីក្រសួងវប្បធម៌ និងបានពីអ្នកឧត្ថម្ភ និងបានពីការជួលស្តង់ដល់អ្នកដែលដាក់លក់សៀវភៅ ឬសម្ភារៈផ្សេងៗ ។
ក្នុងឱកាសនោះដែរ លោក ហុក សុទ្ធិ សមាជិកគណៈកម្មការពិព័រណ៌សៀវភៅ បានលើកឡើងថា ចំនួនស្តង់ដែលដាក់តាំងពិព័រណ៌សៀវភៅនៅឆ្នាំ២០២៤ មានចំនួនកើន ជាងឆ្នាំកន្លងមកនេះ មានចំនួន២៩២ស្តង់ និង២០ស្តង់ជាកន្លែងសម្រាប់លក់ភេជ្ជៈ និងអាហារផ្សេងៗ ។
លោកបញ្ជាក់ថា ៖ «អ៊ីចឹងឆ្នាំនេះ មានចំនួនកើនច្រើនជាឆ្នាំទៅ ហើយស្តង់សៀវភៅឆ្នាំទៅ មិនបាន២៥០ស្តង់ផង អ៊ីចឹងឆ្នាំនេះបានច្រើន។ ហើយឆ្នាំទៅតាមការរាប់នោះយើងឃើញថា មានអ្នកចូលរួមប្រមាណជាង២០ម៉ឺននាក់ ដែលជាចំនួនច្រើនណាស់ក្នុងយៈពេល៤ថ្ងៃ» ។
លោកបន្តថា សម្រាប់ពិព័រណ៌ឆ្នាំនេះ អាចនឹងបានចំនួនអ្នកទស្សនាច្រើនជាងឆ្នាំទៅ។ កម្ពុជាមានអ្នកចូលរួមទស្សនាពិព័រណ៌ច្រើនជាងគេ បើធៀបនឹងប្រទេសគេ ប៉ុន្តែនៅកម្ពុជា នៅខ្វះខាតមួយ គឺអ្នកទិញសៀវភៅយកទៅអាន ។
លោក ហុក សុទ្ធិ បានគូសបញ្ជាក់ថា ៖ «កម្ពុជាយើងមានអ្នកចូលរួមទស្សនាច្រើនសម្រាប់ពិព័រណ៌សៀវភៅ ប៉ុន្តែយើងនៅខ្វះខាតកម្លាំងទិញសៀវភៅ ដែលខុសពីពិព័រណ៌របស់ប្រទេសគេ គឺមានអ្នកចូលរួមតែ៤ឬ៥ម៉ឺននាក់ តែថវិការគេដោះដូរទិញក្នុងពិព័រណ៌បានរាប់លានដុល្លារ តែកម្ពុជាយើងមានចំនួនតិច» ។
មូលហេតុ ដែលក្នុងពិព័រណ៌ទទួលបានថវិការតិច ត្រូវបានលោក ហុក សុទ្ធិ ថាដោយសារអ្នកដែលចូលទស្សនាពិព័រណ៌ភាគច្រើនសុទ្ធតែយុវជន ឬវ័យជំទង់ដែលគេនៅចាយលុយរបស់ឪពុកម្តាយ តែគាត់ចាប់អារម្មណ៍ចូលមើលពិព័រណ៌សៀវភៅ តែទិញបានតិចតួច ។
ជាមួយគ្នានោះដែរ លោក ហុក សុទ្ធិ បានអំពាវនាវឲ្យអ្នកដែលចូលរួមជួយទិញសៀវភៅ នៅក្នុងពិព័រណ៌សៀវភៅ ឲ្យបានច្រើនដើម្បីលើកកម្ពស់ស្នាដៃអ្នកនិពន្ធ លើកទឹកចិត្តឲ្យពួកគាត់ ខិតខំស្រាវជ្រាវកងក្រងសៀវភៅសម្រាប់បោះពុម្ពបន្តទៀត ៕
ចែករំលែកព័តមាននេះ