ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ស៊ីរី​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​ស្ថិរ​ភាព និង​ភាព​ស្ងប់​ស្ងាត់

18 ម៉ោង មុន

ទី​ក្រុង​ដាម៉ាស់​៖ នាយក​រដ្ឋ​មន្ត្រី​​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​ស៊ីរី​​ថ្លែង​ថា​​ដល់​ពេល​វេលា​ដែល​​ប្រជា​ជន​ស៊ីរី​​រស់​នៅ​ក្នុង​ជីវភាព​ស្ងប់​ស្ងាត់​ និង​ស្ថិរ​ភាព​ឡើង​វិញ​ហើយ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​លោក​អាល់​អាសាត​។​​ លោក​​មហា​មេត​ អាល់​បាសៀ (Mohammed al-Bashir) ​ជា​អតីត​ប្រធាន​រដ្ឋ​បាល​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ពា​យព្យ​ ​ហើយ​​លោក​​នឹង​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​រហូត​ដល់​ដើម​ខែ​មីនា ឆ្នាំ​២០២៥​តាម​ការ​តែង​តាំង​របស់​​ក្រុ​ម​ឧទ្ទាម​ហាយ៉ាត​…

ទី​ក្រុង​ដាម៉ាស់​៖ នាយក​រដ្ឋ​មន្ត្រី​​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​ស៊ីរី​​ថ្លែង​ថា​​ដល់​ពេល​វេលា​ដែល​​ប្រជា​ជន​ស៊ីរី​​រស់​នៅ​ក្នុង​ជីវភាព​ស្ងប់​ស្ងាត់​ និង​ស្ថិរ​ភាព​ឡើង​វិញ​ហើយ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​លោក​អាល់​អាសាត​។​​ លោក​​មហា​មេត​ អាល់​បាសៀ (Mohammed al-Bashir) ​ជា​អតីត​ប្រធាន​រដ្ឋ​បាល​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ពា​យព្យ​ ​ហើយ​​លោក​​នឹង​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​រហូត​ដល់​ដើម​ខែ​មីនា ឆ្នាំ​២០២៥​តាម​ការ​តែង​តាំង​របស់​​ក្រុ​ម​ឧទ្ទាម​ហាយ៉ាត​ (Hayat) និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​។

​កាល​ពី​ថ្ងៃ​អង្គារ​ លោក​អាល់​បាសៀ​បាន​ដឹក​នាំកិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ដែល​​មាន​សមាស​ភាព​មក​ពី​​រដ្ឋា​ភិបាល​ថ្មី​ខ្លះ និង​មន្ត្រី​ដែលបន្សល់​ទុក​​​តាំង​ពី​ជំនាន់​​លោក​អាល់​អាសាត​ខ្លះ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀប​ចំ​ដំណើរ​ការ​រដ្ឋាភិបាល​ និង​ស្ថាប័ន​របស់​រដ្ឋ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រេសិត​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​អំពាវ​នាវ​ឱ្យ​ពួក​​ឧទ្ទាម​អនុ​វត្ត​នូវ​​អ្វី​ដែល​ពួក​គេ​បាន​សន្យា​​។

កាល​ពី​មុន​នេះ មាន​មនុស្សតិច​តួច​ណាស់​ដែល​ស្គាល់​​នាយក​រដ្ឋ​មន្ត្រី​បណ្ដោះ​អាសន្ន​​​។​ លើក​លែង​តែ​តំបន់​ដែល​ត្រួត​ត្រា​ដោយ​ពួក​ឧទ្ទាម​ហាយ៉ាត​នៅ​ភាគ​ពាយព្យ​តែ​ប៉ុណ្ណោះ​។ ​យោង​តាម​ប្រវត្តិ​រូប​សង្ខេប​របស់​គាត់​ គាត់​​សិក្សា​​ផ្នែក​​អគ្គិស​នី​ និង​បម្រើ​ការ​នៅ​ក្នុង​រោង​ចក្រ​ផលិត​ឧស្ម័ន​។ ក្រោយ​មក​នៅ​ពេល​ផ្ទុះ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​ក្នុង​ឆ្នាំ​២០១១​ គាត់​ក៏​ប្រឡូក​នៅ​ក្នុង​អាជីព​នយោបាយ​​។

​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​ក្រោយ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នោះ​ លោក​អាល់​បាសៀ​ថ្លែង​ថា​យើង​បាន​អញ្ជើញ​​មន្ត្រី​របស់​រដ្ឋាភិបាល​មុន​ និង​មន្ត្រី​រដ្ឋបាល​នៅ​ទី​ក្រុង​អ៊ីតលីប​ (ដែល​ជា​តំបន់​ត្រួត​ត្រា​របស់​ពួក​ឧទ្ទាម​មួយ​ក្រុម​ទៀត​) មក​ចូល​រួម​ប្រជុំ​ដើម្បី​បំពេញ​ការ​ងារ​រយៈ​ពេល​ជាង​២​ខែ​ទៅ​មុខ​ទៀត​រហូត​ដល់​ប្រទេស​ស៊ីរី​បង្កើត​បាន​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​ដែល​ឆ្លុះ​បញ្ចាំង​អំពី​​ឆន្ទៈ​របស់​ប្រជា​ជន​​។​

នៅ​រដ្ឋ​ធានី​ដាម៉ាស់​ សភាព​ការណ៍​ចាប់​ផ្ដើម​វិល​មក​រក​ភាព​ប្រ​ក្រតី​ឡើង​វិញ​ហើយ​។​​ អ្នក​ប្រកប​​មុខ​របរ​ទទួល​ទាន និង​ហាង​លក់​ទំនិញ​ចាប់​ផ្ដើម​បើក​ទ្វារ​ជា​ធម្ម​តា​​ឡើង​វិញ​បន្ទាប់​ពី​​ប្រទេស​ជាតិ​ឆ្លង​កាត់​ដំណាក់​កាល​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ពួក​​ឧទ្ទាម​ចូល​កាន់​កាប់​រដ្ឋ​ធានី​។ មេសាសនា​ឥស្លាម​ម្នាក់​ប្រាប់​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​ថា​ប្រជាជន​ស៊ីរី​ជា​ទូទៅ​ចង់​សម្លឹង​ទៅ​រក​អនាគត​ជា​ជាង​អតីត​កាល​ ហើយ​ចង់​រួម​រស់​នៅ​ក្នុង​សុខ​សន្តិ​ភាព និង​ការ​បង្រួប​បង្រួម​ជាតិ​។​​

ប្រេសិត​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ថាការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ទៅ​រក​របប​ថ្មី​នា​ពេល​​អនា​គត​ត្រូវ​តែ​ធានា​ថា​ជា​រដ្ឋា​ភិបាល​នេះ​​​តំណាង​ឱ្យ​សង្គម​ស៊ីរី​ជា​ទូ​ទៅ​ និងចូល​រួម​ពី​គ្រប់​និន្នា​ការ​នយោបាយ​។ បើ​មិន​អាច​បំពេញ​ទៅ​តាម​លក្ខ​ខណ្ឌ​នេះ​ទេ​ លោក​យល់​ថាប្រទេស​ស៊ីរី​អាច​នឹង​វិល​ទៅ​រក​​សង្គ្រាម​​​សា​ជា​ថ្មី​។ លោក​យល់​ថា​ករណី​ដែល​មេ​ឧទ្ទាម​ឈ្មោះ​ជោឡានី​ (Jolani) នៅ​តែ​បន្ត​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រុម​ប្រទេស​មហា​អំណាច​នោះ​នឹង​ក្លាយ​ជា​កត្តា​ស្មុគ​ស្មាញ​​។

​លោក​ចង់​មាន​ន័យ​ថា​​គេ​គួរតែ​​ដក​ឈ្មោះ​របស់​គាត់​ (មេ​ឧទ្ទាម) ​​ចេញ​ពី​បញ្ជី​ខ្មៅ​ដើម្បី​ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​។ ឥឡូវ​នេះ ក្រុម​បស្ចិម​ប្រទេស​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ពួកគេ​ចង់​មើល​ជំហរ​របស់​ពួក​ឧទ្ទាម និង​មន្ត្រី​ដែល​​​នៅ​សេស​សល់​ពី​របប​ចាស់​ដើម្បី​ចង់​ដឹង​ថា​តើ​ពួក​គេ​អាច​ធ្វើ​ការ​ចុះ​សម្រុង​គ្នា និង​​​បន្ត​ដំណើរ​ជា​មួយ​គ្នា​កម្រិត​ណា​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថ្លែង​ថា​បើ​រដ្ឋា​ភិបាល​ស៊ី​រី​នា​ពេល​អនា​គត​បង្កើត​ឡើង​ដោយ​បរិយាប័ណ្ណ​ គួរ​ឱ្យ​ជឿ​ទុក​ចិត្ត និង​គោរព​សិទ្ធិ​របស់​ជន​ជាតិ​ភាគ​តិច​ ពេល​នោះ​ទី​ក្រុង​វ៉ាស៊ីន​នឹង​ប្រកាស​ស្វាគមន៍​ដៃ​២ ហើយ​នឹង​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ