ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរ បានស្លាប់ក្រោយពេលក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្ពង ខណៈដែលមន្ត្រីរបស់សាលាស្រុកឱរ៉ាល់ម្នាស់សង្ស័យស្រវឹងស្រាជោគជាំជិះម៉ូតូលឿនបុកស្ត្រីរងគ្រោះពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច។
ហេតុការណ៍បុរសជាមន្ត្រីសាលាស្រុកឱរ៉ាល់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រាបុកស្ត្រីម្នាក់ស្លាប់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨~ទៅលេខ៨៩ នៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋបាននិយាយឱ្យបុរសម្នាក់បានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ហើយបានជ្រុលទៅបុកអ្នកធ្វើដំណើរតាមដងផ្លូវពេញទំហឹងបណ្តាលរងរបួសធ្ងន់ធ្ងរ ហើយបានបាត់បង់អាយុជីវិតក្រោយដឹកតាមរថយន្តដើម្បីជួយសង្រ្គោះ ធ្វើឱ្យសាច់ញាតិក្រុមគ្រួសារ ពិតជាមានក្តីអាណិតអាសូរជាពន់ពេក។
ក្រុមគ្រួសារសពស្ត្រីរងគ្រោះខាងលើបាននិយាយឱ្យដឹងថា ម្តាយរបស់ពួកគាត់ពិតជាលឿនពេកហើយដោយពួកគាត់ទទួលយកមិនបាននោះទេ គឺផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកម្តាយរបស់ពួកគាត់ដែលដើរលើផ្លូវជាតិលេខ៤៤ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងនិងដៃ ប៉ះពាល់ក្បាលធ្ងន់ធ្ងរ បន្ទាប់មកបានបាត់បង់អាយុជិវិតស្របពេលដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុក។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៤៥ នាទី លើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨៨-៨៩ ត្រង់ចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺមានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងអ្នកបើកបរម៉ូតូបុកអ្នកធ្វើដំណើរលើដងផ្លូវ។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាក HONDA WAVE 110CC ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរដោយ ឈ្មោះ ជា ហៃ ភេទប្រុស អាយុ៤០ឆ្នាំ ( មិនពាក់មួកសុវត្ថិភាព ) រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុនពេលបើកបរបានសេពគ្រឿងស្រវឹង ដោយមានអត្រាជាតិអាល់កុល (កម្រិត 0,65 mg/L ) បានបើកបរម៉ូតូពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ បានបុកមនុស្សម្នាក់ មានឈ្មោះ សៅ ម៉ុន ភេទស្រី អាយុ ៦៨ឆ្នាំ ( រងរបួសធ្ងន់ ) រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង កន្លែងកើតហេតុខាងលើ ដែលកំពុងដើរលើផ្លូវបញ្រ្ចាសទិសគ្នា ករណីនេះបណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោមរួមមាន ៖
-អ្នកថ្មើរជើងរងរបួសធ្ងន់ ១នាក់ ស្រី ( ឈ្មោះ សៅ ម៉ុន ) បានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីពេទ្យ ។
នគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយមន្ត្រីសាលាស្រុកឱរ៉ាល់ម្នាក់នេះ បណ្តាលឱ្យស្ត្រីវ័យចំណាស់ស្លាប់
ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល ក្រោយកើតហេតុនគរបាលជំនាញបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង សពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើករម៉ូតូ ឈ្មោះ( ជា ហៃ ) នគរបាលបានឃាត់យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ