ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំមួយថ្មី នៅដើមខែ ហើយបានដាក់ឱសាន្តវាទត្រឹមថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៤ថា នរណាក៏ដោយឲ្យតែល្មើសលើសារាចរណែនាំស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែ.ងស៊ីសងខុសច្បាប់ ក្រសួងនឹងមានវិធានការយ៉ាងតឹងរ៉ឹង។
ការប្រកាសរបស់ក្រសួងបែបនេះ បានកើតមានឡើងក្រោយពេលដែលពលរដ្ឋបានរអ៊ូរទាំជាបន្តបន្ទាប់ថា ក្រុមអ្នកដែលបើកល្បែ.ងស៊ីសងនានាបានបង្កការរំខានដល់ពួកគេជាមួយនឹងសារតាមបណ្តាញសង្គម ផង តាមរយៈសារទៅក្នុងបណ្តាញទូរស័ព្ទចល័តផ្ទាល់ខ្លួនពួកគេផង ។ សារទាំងនោះ មានលក្ខណៈជាការណែនាំសេវាកម្មល្បែ.ងស៊ីសងទាំងនោះ ដោយប្រើប្រាស់នូវអត្ថន័យផ្សេងៗ ប៉ុន្តែសំខាន់ គឺអូសទាញ និងអន្ទងសាធារណជនឲ្យលង់នឹងការឃោសនារបស់ពួកគេ ។
ក្រៅពីនេះ ក្រុមអ្នកដែលកំពុងតែប្រកបរបររកស៊ី ដោយបនល្បែ.ង និងកាស៊ីណូអនឡាញទាំងស្របច្បាប់និងមិនស្របច្បាប់ក៏បានឧបតម្ថម្ភការបង្កើតនូវមាតិកាផ្សេងៗដូចជា ការកម្សាន្ត ហើយបញ្ចូលខ្លឹមសារអូសទាញប្រជាពលរដ្ឋទៅលេងល្បែ.ងស៊ីសងនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ។ ពាក់ព័ន្ធនឹងបញ្ហាអសសកម្មទាំងនេះ ក្រសួងមហាផ្ទៃ ដែលកំពុងតែស្ថិតនៅក្រោមការដឹកនាំរបស់លោកឧបនាយក រដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងនេះស្រាប់បានដាក់ឱសានវាទហើយលើរឿងនេះ ប៉ុន្តែគេនៅមិនទាន់ដឹងប្រសិទ្ធភាពនៅឡើយទេ គឺមានតែរង់ចាំមើលតែប៉ុណ្ណោះ ។
ក្រោយពេលដែលសារាចរណែនាំស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែ.ងស៊ីសងខុសច្បាប់ចេញភ្លាម មួយថ្ងៃក្រោយមកលោកបានកោះប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារលើការងារនេះភ្លាមជាមួយសមត្ថកិច្ច និងអាជ្ញាធរជំនាញមានតាំងពីអគ្គស្នងការនគរបាលជាតិ អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូហ្ស៊ូម ពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទូទាំងប្រទេស ។
លោក ស សុខា បានលើកឡើងថា ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តសារាចរណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ ។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែ.ងខុសច្បាប់ទាំងអស់បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោល គឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្ត្រីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំងតាមបណ្ដាញអ៊ីនធើណិត និងជំនាញបង្ក្រាបនឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុតតាមទស្សនៈល្មើសមួយ បង្ក្រាបមួយ ល្មើសពីរបង្ក្រាបពីរ ។
លោកឧបនាយករដ្ឋមន្ត្រីមន្ត្រី ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្ត និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែ.ងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងបង្កលក្ខណៈឱ្យមានការលេងល្បែ.ងស៊ីសង ដោយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។
ពន្លាតចេញពីករណីល្បែ.ងអនឡាញនេះដែរ លោក ស សុខា ក៏បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ពិនិត្យយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកល្បែ.ង និងមេល្បែ.ង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែ.ងខុសច្បាប់ ។
តាមសារាចរនោះអ្នកណាក៏ដោយ គឺត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែ.ងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែ.ងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី ។ ក្រៅពីនេះការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែ.ងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងការបន្តចែកចាយក៏ត្រូវហាមឃាត់ផងដែរ ។
នៅកម្ពុជាមកដល់ពេលបច្ចុប្បន្នអាចនៅមានកាស៊ីណូស្របច្បាប់ប្រមាណជា៨០កន្លែង ហើយកាស៊ីណូ ស្របច្បាប់នៅរាជធានីមានតែមួយគត់ គឺណាហ្គា ក្រៅពីនោះ គឺសុទ្ធតែខុសច្បាប់ ។ កាស៊ីណូដែលទទួល អាជ្ញាប័ណ្ណទាំងនេះភាគច្រើនបំផុត គឺមានទីតាំងនៅតាមព្រំដែននៃប្រទេសកម្ពុជា ជាពិសេស គឺថៃ និងវៀតណាម និងនៅខេត្តព្រះសីហនុ ។
ពាក់ព័ន្ធនឹងកាស៊ីណូ និងល្បែងស៊ីសងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាមិនលើកទឹកចិត្តទេ ប៉ុន្តែវាជាតម្រូវ ការសម្រាប់អ្នកទេសចរបរទេស ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍រួចហើយថា នៅតំបន់មួយចំនួនរាជរដ្ឋាភិបាលនឹងមិនចេញអាជ្ញាប័ណ្ណកាស៊ីណូ បន្ថែមថ្មីឡើយ ហើយតំបន់ខ្លះ គឺមិនអោយមានតែម្តង ។
សរុបមកវិញ សូមទាំងអស់គ្នាចូលរួមតាមដានថា តើជោគវាសនានៃអ្នកដែលបង្កើតមាតិការនៅលើបណ្តាញ សង្គម និងអ្នកផ្សព្វផ្សាយអំពីល្បែ.ងស៊ីសង និងកាស៊ីណូអនឡាញពួកគេនឹងត្រូវប្រឈមយ៉ាងណា? ឱសានវាទនេះ គឺត្រឹមតែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១១ ខែឆ្នាំដដែលតទៅពួកគេនឹងទៅជាយ៉ាងណា? សូមចាំកុំយកខ្លួនទៅពាក់ព័ន្ធនឹងល្បែ.ងស៊ីសង ! បុគ្គលណាដែលប្រពឹត្តិហើយលង់នឹងល្បែ.ងស៊ីសង គឺគ្មានកំណើតទេ គឺមានតែការឈឺចាប់បែកបាក់គ្រួសារ បាត់បង់ទ្រព្យសម្បត្តិ និងកិត្តិយសតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ