រាជធានីភ្នំពេញ ៖ នៅពេលដែលយើងសាកសួរមនុស្សនៅជិតផ្ទះរបស់យើងនោះ យើងនឹងបានដឹងថាមានគ្រួសារកម្ពុជាជាច្រើនបានចំណាយលុយយ៉ាងច្រើន ដើម្បីស្វែងរកការពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស។
ទន្ទឹមពេលជាមួយគ្នានោះ សារព័ត៌មានបរទេសបានរាយការណ៍ថា វិស័យសុខភាភិបាលប្រទេសជិតខាងយើង គឺថៃ និងវៀតណាម កំពុងរកវិធីរកលុយបន្ថែមពីទេសចរណ៍សុខភាពនៅឆ្នាំ២០២៥ និងឆ្នាំខាងមុខ ។ ដូចនេះ វិស័យសុខាភិបាលនៅក្នុងស្រុកគួរតែខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទប់ស្កាត់ការធ្លុះធ្លាយនៃវិស័យនេះកាន់តែធំ ។
វិស័យទេសចរណ៍សុខភាពនេះធ្វើអោយលុយជាច្រើនលានដុល្លារហូរចេញពីប្រទេសជារៀងរាល់ឆ្នាំ ដោយមួយថ្ងៃៗពលរដ្ឋកម្ពុជាច្រើននាក់បានជិះឡានក្រុង និងយន្តហោះយកលុយពេញៗហោប៉ៅទៅចាយនៅប្រទេសជិតខាង និងប្រទេសឆ្ងាយជាងនេះដូចជា ឥណ្ឌា ចិន បារាំង និងអាមេរិកជាដើម ។ លើកលែងតែថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកយូរទេដែលអ្នកដំណើរភាគច្រើន គឺទៅធ្វើទេសចរណ៍ពិត ប្រាកដ ។ ប៉ុន្តែប្រសិនបើទៅថ្ងៃធម្មតា ជាពិសេស គឺសៅរ៍ អាទិត្យ មួយចំនួនធំនៃអ្នកធ្វើដំណើរចេញក្រៅ ប្រទេសតាមឡានក្រុង គឺចេញទៅដោយស្ពាយទាំងលុយ ទៅពិនិត្យសុខភាពនៅក្រៅប្រទេសដែលគេហៅថា ទេសចរណ៍សុខភាពនេះឯង ។
យើងត្រូវតែខំប្រឹងប្រែង និង លើកកម្ពស់វិស័យសុខាភិបាលនៅក្នុងស្រុកយើងបន្ថែមទៀត ទោះបីជាពេល នេះយើងបានកែល្អជាច្រើនមកហើយក៏ដោយ ។ ពលរដ្ឋមួយចំនួននៅតែមិនមានទំនុកចិត្ត ។ ឧបករណ៍វេជ្ជសាស្ត្រនៅស្រុកយើងបច្ចុប្បន្នមិនអន់ទេ ហើយកម្រិតសមត្ថភាពក្រុម គ្រូពេទ្យ និងវេជ្ជបណ្ឌិតក៏មិនអន់ដែរដោយមួយចំនួនក៏បានចេញទៅរៀនជំនាញនេះជំនាញនោះនៅក្រៅប្រទេសក៏ច្រើន ។
ក្រៅពីនោះសេវាកម្មផ្សេងៗរួមទាំងកន្លែងស្នាក់នៅតាមមន្ទីរពេទ្យក៏ប្រសើរដែរ ជាពិសេសនៅមន្ទីរពេទ្យថ្មីៗ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋមួយចំនួននៅតែបន្តយកលុយទៅចាយវាយលើបញ្ហាសុខភាព ឬទេសចរណ៍សុខភាពនេះនៅក្រៅប្រទេសដដែល ។ សូមយកចិត្តទុកដាក់ចំណុចនេះ ហើយចាត់ទុកថា វា គឺជាជំងឺសង្គមមួយសម្រាប់កម្ពុជាដែលក្រុមគ្រូពេទ្យ និងអ្នកដែលពាក់ព័ន្ធត្រូវតែបន្តស្រាវជ្រាវរកឲ្យឃើញនូវរោគសញ្ញា ដើម្បីដាក់ថ្នាំព្យាបាលឲ្យត្រូវ បើមិនដូច្នេះទេ សេដ្ឋកិច្ចស្រុកយើងនឹងបន្តធ្លុះធ្លាយបន្ថែមទៀតទៅកាន់ប្រទេសជិតខាង ។
តាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post)ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសថៃបានកំពុងតែដាក់ផែនការទាក់ទាញ និងពង្រឹងវិស័យទេសចរណ៍សុខភាពនេះឲ្យរីកចំរើនឡើងបន្ថែមទៀតរហូតដល់ទៅ៤៣% ជាមួយនឹងប្រាក់ចំណូលរហូតដល់ទៅ១៦ពាន់លានដុល្លារនៅមុនឆ្នាំ២០៣០ ។
នៅក្នុងឆ្នាំ២០២៤នេះ ស្ថិតិនៃចំណូលពីវិស័យទេសចរណ៍សុខភាពនេះ នៅមិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែកាលពីឆ្នាំ២០២៣កន្លងទៅ ថៃបានទាក់ទាញអ្នកទេសចរសុខភាពនេះសរុប៣លាននាក់ជាមួយនឹង ប្រាក់ចំណូលប្រមានជា៦ពាន់លានដុល្លារ ។ ក្នុងចំណោមលុយដ៏ច្រើននេះ គេជឿថា មានមួយផ្នែកថៃបានមកពីប្រជាជនកម្ពុជាមួយចំនួនបានយកលុយទៅស្វែងរកការពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ ។ ដោយឡែក ចំពោះវៀតណាមវិញ ក៏គួរសមដែរ នៅពេលនេះ ។ បណ្តាញព័ត៌មាន វៀតណាម ប្រ៊ីហ្វីង (Vietnam Briefing) វិញបានឲ្យដឹងថា វិស័យទេសចរណ៍សុខភាពនេះនៅប្រទេសសង្គមនិយមក្បែរខាងមួយនេះ គឺកំពុងតែមានកំណើន ។ ដូច្នេះហើយទើបផ្នែកនេះ កំពុងតែបង្កើនការបណ្តាក់ទុន ។
ផ្អែកតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាននេះ វិស័យទេសចរណ៍សុខភាពវៀតណាមមិនទាន់ខ្លាំង ដល់ថៃនៅឡើយទេ ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ទង់២ពាន់លានដុល្លារដែរនៅក្នុងមួយឆ្នាំពីអ្នកដែលស្វែងរក សេវាកម្មនេះប្រមាណជា៣សែននាក់ ។
តាមសារព័ត៌មានថៃ និងវៀតណាមនេះមិនមានតួរលេខថា ទេសចរទាំងនោះជាជនជាតិអ្វីខ្លះនោះទេ ប៉ុន្តែ នៅក្នុងចំណែកប្រាក់ដែលប្រទេសទាំងពីររកបាននៅក្នុងមួយឆ្នាំៗ គឺពិតជាមានប្រាក់ដែលពលរដ្ឋកម្ពុជា មួយចំនួនបានខំសន្សំ និងខ្លះក៏ជាប់បំណុលគេផងដែរ ដើម្បីយកលុយទៅចាយនៅក្នុងប្រទេសទាំងនេះ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន នៅក្នុងស្រុកមួយដែលបានរាយការណ៍ កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលបានដឹងអំពីបញ្ហានេះ ហើយក៏បានប៉ាន់ប្រមាណថា កម្ពុជាអាចមានពលរដ្ឋប្រមាណជាពី២០ម៉ឺនទៅ២៥ម៉ឺននាក់ ដែលបានចេញទៅស្វែងរកសេវាផ្នែកសុខភាព ឬទេសចរណ៍សុខភាពនេះនៅក្រៅប្រទេស កាលពីឆ្នាំ២០២៣កន្លងទៅ ។
ក្រសួងសុខាភិបាលបានដឹងអំពីបញ្ហានេះហើយ ។ ដូច្នេះគួរគប្បីខិតខំធ្វើយ៉ាងណាកសាងទំនុកចិត្តលើគុណភាព និងសេវាកម្មផ្នែកសុខាភិបាលនៅក្នុងប្រទេសឲ្យកាន់តែប្រសើរជាងមុន ។ នៅពេលដែលគេកំពុងតែពង្រឹងហើយយើងមិនយកចិត្តទុកដាក់យើងខ្លាចថា នៅពេលអនាគតចំនួនពលរដ្ឋយើងកាន់តែ ច្រើនជាងចំនួនខាងលើនឹងចេញទៅគេបន្ថែមទៀត ។ ពាក់ព័ន្ធនឹងចំណុចនេះ ក្រសួងសុខាភិបាល និង ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសទេសចរណ៍ផងដែរ គួរតែយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាឲ្យប្រាកដថា អ្វីដែលយើងបានកំពុងតែខិតខំធ្វើខិតខំវិនិយោគបន្ថែមនឹងអាចទាក់ទាញការកើនឡើងនៃទំនុកចិត្ត និងគាំទ្រពីពលរដ្ឋបន្ថែមទៀត ។
ការពង្រឹងវិស័យសុខាភិបាលនឹងធ្វើអោយប្រជាជនកម្ពុជាមានសុខភាពល្អ ហើយបង្កើនផលិតភាពការងារ ។ ក្រៅពីនោះវាក៏ជួយមិនអោយលុយហូរចេញពីកម្ពុជា ដោយសារតែបញ្ហាសុខភាព និងការស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ សូមអោយឆ្នាំ២០២៥ ក្លាយជាឆ្នាំមួយដែលប្រជាជនកម្ពុជាកាន់តែទទួលបានសេវាសុខភាពកាន់តែប្រសើរពីទាំងផ្នែករដ្ឋ និងឯកជន ។ ចំណែកទំនុកចិត្តចំពោះវិស័យសុខាភិបាលនៅកម្ពុជាក៏កាន់តែមានច្រើនឡើងហើយប្រជាជនកាន់តែតិចវេចលុយទៅអោយប្រទេសជិតខាងដោយសារតែជំងឺ ។ ប៉ុន្តែអ្វីៗមិនកើតចេញពីគ្រាន់តែការដេកសុបិននោះទេ វាកើតចេញពីសកម្មភាពជាក់ស្តែងរបស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល ។ ខ្មែររួមគ្នា គឺខ្មែរអាចធ្វើបាន ៕
ចែករំលែកព័តមាននេះ