កម្ពុជា និងឡាវ បានកំពុងតែសម្លឹងឱកាសពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន និងទេសចរណ៍ជាមួយគ្នាមួយកម្រិតទៀត ។ ចំណុចនេះ ត្រូវបានក្រសួងការរបរទេសសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ក្រោយពេលដែលលោក…
កម្ពុជា និងឡាវ បានកំពុងតែសម្លឹងឱកាសពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន និងទេសចរណ៍ជាមួយគ្នាមួយកម្រិតទៀត ។ ចំណុចនេះ ត្រូវបានក្រសួងការរបរទេសសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ក្រោយពេលដែលលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានបញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។
បន្ថែមលើការដោះដូរពាណិជ្ជកម្មតាមផ្លូវអាកាសក៏ដូចជា តាមច្រកព្រំដែនរវាងប្រទេសទាំងពីរដែលមានស្រាប់ កម្ពុជា និងឡាវ អាចនឹងបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត ។ ក្រសួងការបរទេសបានបង្ហើបថា ច្រកព្រំដែនថ្មីនេះ គឺអាចនឹងបង្កើតឡើងរវាងខេត្តរតនៈគីរី និងខេត្តអាត់ថាពឺ នៃប្រទេសឡាវ ។
ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគីជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក សនសៃ ស៊ីផាន់ដន បានក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងលើកទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរសិក្សាអំពីលទ្ធភាពនៃការបង្កើតច្រកព្រំដែនថ្មីនេះ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែនទេសចរណ៍ ដឹកជញ្ជូន និងការតភ្ជាប់រវាងប្រទេសទាំងពីរ ។
ក្រៅពីនោះ ភាគីទាំងពីរក៏បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ នៅក្នុងខេត្តព្រះវិហារ និង ទន្លេឡាំប៉ាវ នៅក្នុងខេត្តចំប៉ា សាក់ប្រទេសឡាវ ។
ថ្នាក់ដឹកនាំប្រទេសទាំងពីរជឿជាក់ថា នៅពេលដែលមានស្ពានតភ្ជាប់រវាងគ្នាហើយនោះ ទំនាក់ទំនងសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជាតិទាំងពីរកាន់តែសកម្មនិងមានទំហំច្រើនជាងពេលបច្ចុប្បន្ន ។
ជាការពិតកម្ពុជា និងឡាវ ដែលចែករំលែកព្រំដែនរួមគ្នានៅក្នុងប្រវែងគួរសម ប៉ុន្តែប្រជាជាតិទាំងពីរហាក់នៅមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសជិតខាងនៃប្រទេសនីមួយៗ ជាពិសេស គឺវៀតណាម និង ថៃ។ កម្ពុជាដែលមានប្រជាជនប្រមាណជា១៧ លាននាក់ ហើយឡាវដែលមានប្រជាជនប្រមាណជា៧,៥ លាននាក់ បានចែករំលែកព្រំដែនរួមគ្នានៅក្នុងប្រវែងគួរសមដែល ពោលគឺរហូតដល់ទៅ៥៤០ គីឡូម៉ែត្រ ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីរបស់ប្រជាជាតិទាំងពីរមានទំហំតិចតួចបំផុត ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺភាគច្រើនមានតែសកម្មភាពឆ្លងព្រំដែនដោះដូររវាងប្រជាជន និងប្រជាជនប៉ុណ្ណោះ ។ មកដល់ពេលនេះ កម្ពុជាអាចនាំចូលពីឡាវមកមានផលិតផលដូចជា ស្រាបៀរ កាហ្វេ ជាដើម តែការនាំចេញ គឺតិចតួចជាផលិតផលកសិកម្ម ប៉ុន្តែបើនិយាយអំពីវិនិយោគទុនវិញ គឺកម្ពុជាបានដាក់ទុនវិនិយោគនៅទីនោះ ប្រមាណជាជាង១០០លានដុល្លារដែរលើវិស័យធនាគារ និងសេវាកម្ម ។ ក្រៅពីនោះ គឺអាចមានទំនាក់ទំនងទេសចរណ៍ដែលពលរដ្ឋឡាវមកលេងកម្ពុជា ហើយពលរដ្ឋកម្ពុជាទៅលេងឡាវ ។
មកដល់ពេលនេះ តាមឯកសារឡាវមានច្រកទ្វារព្រំដែនជាប់នឹងប្រទេសជិតខាងរបស់ខ្លួន ចំនួន៥ ប្រទេស ដែលមានចិន មីយ៉ាន់ម៉ា ថៃ វៀតណាម និងកម្ពុជា សរុបប្រមាណជា ៣១ កន្លែងតែច្រកព្រំដែនអន្តរជាតិជាមួយនឹងកម្ពុជាមានតែមួយច្រកទេ គឺច្រកត្រពាំងក្រៀល ដូច្នេះវាពិតជាចាំបាច់ណាស់សម្រាប់ភាគីទាំងពីរបង្កើតច្រកទ្វារបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ខណៈដែលកិច្ចសហប្រតិបត្តិការសន្តិសុខ និង នយោបាយគឺល្អស្រាប់ហើយ ។
មកដល់ពេលនេះ កម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយថៃ និងវៀតណាមយ៉ាងច្រើនបំផុត ។ កាលពីឆ្នាំ២០២៣ កម្ពុជា និងវៀតណាម មានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីសរុបដល់ទៅ៦,៥៨ ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤ គឺឡើងដល់៥,៨ពាន់លានដុល្លារ ។
ដោយឡែក ពាណិជ្ជកម្មទ្វេភាគីជាមួយនឹងថៃវិញ កាលពីឆ្នាំ២០២៣ មានតម្លៃជិត៤ពាន់លានដុល្លារ ហើយ៩ខែនៃឆ្នាំ២០២៤ នេះវិញ គឺមានតម្លៃដល់៣,១៦ ពាន់លានដុល្លារ ។ ដូច្នេះសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងឡាវទាំងពីរគួរតែពង្រីកឲ្យសកម្មទោះបីជាមិនដល់វៀតណាម ឬថៃក៏ដោយនៅក្នុងនាមជាប្រទេសជិតខាងដូចគ្នា ៕
ចែករំលែកព័តមាននេះ