រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ប្រសិនបើគ្មានសន្តិភាព ស្ថេរភាព និងទំនាក់ទំនងអន្តរសាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនានោះទេ ។
ថ្លែងបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកម្ពុជា បានទទួលស្គាល់អំពីស្នាដៃ និងសមត្ថភាពចូលរួមចំណែកសាសនាសង្គមជាតិពីបណ្តាលបងប្អូនឥស្លាមគ្រប់រូប ហើយថែមទាំងទទួលស្គាល់ទៀតថា បងប្អូនឥស្លាម គឺជាសមាសភាព និងសមាជិកប្រកបដោយការទទួលខុសត្រូវ នៅក្នុងសង្គមជាតិខ្មែរ ដែលស្មោះស្ម័គ្រនៅក្នុងបេសកកម្មរួម នៅក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពសង្គម ។
សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា ៖ «បងប្អូនខ្មែរឥស្លាមយល់ច្បាស់ថា ប្រសិនបើគ្មានសន្តិភាព ស្ថេរភាព និងទំនាក់ទំនងអន្តរសាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយ អំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនានោះទេ
» ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា «បងប្អូនឥស្លាមក៏បានយល់យ៉ាងច្បាស់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធប្រឆាំង និងលទ្ធិជ្រុលនិយមទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងតែជំរុញឱ្យមានការបែងចែក និងបែកបាក់សង្គម កំហឹង និងការរើសអើង និងការប្រើហិ.ង្សា» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនូវកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល (Halal) ។
សម្តេចមហាបវរធិបតី បានលើកឡើងទៀតថា «សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយនៃសហគមន៍ឥស្លាមអន្តរជាតិ ដូច្នេះភាតរភាពនៃសាសនាក៏បានបង្កើតនូវទំនុកទុកចិត្ត ជាពិសេស សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភពលោកឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា» ។
បន្ថែមលើនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា «បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនូវកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថា ហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល (Halal) ខ្លួនខ្ញុំផ្ទាល់ក៏ផ្តល់ការយកចិត្តទុកដាក់នូវការជំរុញឧស្សាហកម្មផលិតកម្ម និងការនាំចេញផលិតផល ហាឡាល ដើម្បីឱ្យកម្ពុជា អាចចាប់យកកាលានុវត្តដ៏ទូលំទូលាយនៃទីផ្សារហាឡាល ដែលមានការបញ្ជាក់ពីស្តង់ដា និងការទទួលស្គាល់អនុឡោមភាពច្បាស់លាស់លើគោលការណ៍ហាឡាលកម្រិតអន្តរជាតិ» ៕
ចែករំលែកព័តមាននេះ