ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ក្នុង​រយៈពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ៗ​ចំនួន​៤

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កត់​សម្គាល់ថា ក្នុង​រយៈពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កត់​សម្គាល់ថា ក្នុង​រយៈពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង ដែល​សម្រេច​បាន នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ៗ​ចំនួន ៤ ។

បើ​តាម​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​ដ៏​សំខាន់​ៗ​ចំនួន ៤​នោះ រួម​មាន ៖

ទី​១-​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ប្រកបដោយ​ជោគជ័យ ចំនួន​៤ គឺ​៖ ១.​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) ២.​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២ (ICAPP12) ៣.​សម័យប្រជុំ​ពេញអង្គ នៃ​សភា​អន្តរជាតិ​សម្រាប់​ការ​អត់ឱន និង​សន្តិភាព​លើក​ទី​១១ (IPTP11) និង​៤.​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តី​ពី ពិភពលោក​មួយ​ដែល​គ្មាន​មីន ។

សម្តេច​ធិ​បតី បាន​កត់​សម្គាល់ថា ព្រឹត្តិការណ៍​ទាំងនេះ ផ្តោត​សំខាន់​លើ សន្តិភាព ការ​ផ្សះផ្សា​ជាតិ និង​ការ​អត់ឱន ដែល​សុទ្ធ​សឹង​ជា​គោលការណ៍​គ្រឹះ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​បទ​ពិសោធន៍​សម្រាប់​ការ​ចែករំលែក​ជា​សាកល ជា​ពិសេស​បណ្តា​ប្រទេស​ដែល​កំពុង​ជួប​ប្រទះ ជម្លោះ និង​សង្គ្រាមស៊ីវិល​។ លើស​ពី​នេះ លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ដែល​គួរ​រំលេច​នោះ​គឺ សម័យប្រជុំ​ពេញអង្គ នៃ​សភា​អន្តរជាតិ​សម្រាប់​ការ​អត់ឱន និង​សន្តិភាព​លើក​ទី​១១ បាន​គាំទ្រ​ការ​អនុម័ត​ធម្មនុញ្ញ​សន្តិភាព​សកល (UPC) ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​អាច​ក្លាយជា​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ ក្នុង​ចំណោម​ប្រជាជាតិ សហគមន៍ និង​សកលលោក ។

ទី​២-​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។
ទី​៣-​ការ​រៀបចំ «​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី​២៩ ឆ្នាំ​២០២៤» ។
ទី​៤-​ការ​ចុះបញ្ជី «​ក្រមា​» របស់​ជាតិខ្មែរ តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​អា​សង់​ស្យុ​ង សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី បាន​ណែនាំ​ឱ្យ​បន្ត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ល្បែង​អន​ឡាញ ល្បែង​ផ្សងសំណាង និង​ការ​ជួញដូរ​គ្រឿងញៀន គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន ​។

សម្តេច​បវរ​ធិ​បតី ក៏​បាន​ណែនាំ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​អនាម័យ ដើម្បី​សម្រួល​ដល់​ការ​ចូលរួម​កម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស ​នៃ​ពិធីបុណ្យសមុទ្រ​លើក​ទី​១១ (​ថ្ងៃ​ទី​១៣-១៥ ខែធ្នូ ឆ្នាំ​២០២៤ ខេត្តកំពត​) ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា​លើក​ទី​១ (​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ រាជធានី​ភ្នំពេញ​) និង​ពិធី​បុណ្យចូលឆ្នាំ​សកល ២០២៥​។ ជាមួយ​គ្នា​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំងនេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ ។

សម្តេច​បវរ​ធិ​បតី ​ក៏​បាន​ណែនាំ​រដ្ឋបាល​រាជធានី​-​ខេត្ត ពិនិត្យ​ការ​ផ្សព្វផ្សាយ​ប៉ាណូ​ពាណិជ្ជកម្ម​ស្រា​បៀរ គួរ​កំណត់​ឱ្យ​មាន​អប្បបរមា​នៅ​តាម​ផ្លូវ​ និង​ទី​សាធារណៈ ជំនួស​មក​វិញ​ត្រូវ​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​អត្តសញ្ញាណ​ទេសចរណ៍ នៅ​តាម​រាជធានី​-​ខេត្ត​របស់​ខ្លួន ឱ្យ​បានជា​អតិបរមា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ