រាជធានីភ្នំពេញ ៖ សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ពាក់ព័ន្ធករណីចូលទៅបា.ញ់ប្រហារគូស្នេហ៍ នៅក្នងផ្ទះ បណ្តាលស្លា.ប់២នាក់ និង២នាក់ទៀតរងរបួស ព្រោះទំនាស់រឿងស្នួហាលខោអាវ ដែលមានព្រំដីជាប់គ្នា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកបើកសវនាការ ជំនុំជម្រះទោសជាសាធារណៈ ពីបទ ឃា.តកម្ម, ប៉ុនប៉ងឃា.តកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយពីតុលាការសាកសួរ ដេញដោលចប់សព្វគ្រប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចកំណត់យកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ។
សូមជម្រាបថា ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើងបា.ញ់សម្លា.ប់គូស្នេហ៍ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួនជនត្រូវចោទរបស់ចៅក្រមស៊ើបសួរនោះ បន្ទាប់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការថា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ដែលមានឈ្មោះ ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ មកកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ពាក់ពន្ធនឹងករណីបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ២នាក់ ម្នាក់ឈ្មោះ ឡុង លីសុង ភេទប្រុស និងម្នាក់ឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លា.ប់ ព្រមទាំងឈ្មោះ ហុង រិទ្ធារ័ក្ស និងឈ្មោះ សុខុម រតនៈ រងរបួស ។
ក្រោយពីពិនិត្យលើសំណុំរឿង ព្រមទាំងស្តាប់ចម្លើយភាគីពាក់ព័ន្ធ បានបង្ហាញឱ្យឃើញថា ក្នុងអំឡុងឆ្នាំ២០១៧ ឈ្មោះ ស្រី ស៊ីណា បានជួលផ្ទះលេខ២៤ ផ្លូវ P-10F នៃបុរីប៉េងហួតបឹងស្នោរ ឱ្យទៅឈ្មោះ សេង ចាន់សុផាត និងឈ្មោះ សាន ស្រីពេជ្រ ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ សាន ស្រីពេជ្រ មានជម្លោះជាមួយឈ្មោះ ឡុង លីសុង ដែលជាអ្នកជិតខាងគ្នា ពីរឿងកាប់មែកស្វាយ វាយកម្ទេចផើងផ្កា និងស្មួហាលខោអាវ លយចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ឡុង លីសុង ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានទូរសព្ទប្រាប់ទៅឈ្មោះ ស្រី ស៊ីណា ដើម្បីឱ្យមកជួយដោះស្រាយ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៣រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះខាងលើ ដើម្បីដោះស្រាយ ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានឱ្យប្អូនប្រុសរបស់ខ្លួនឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង បើកឡានទៅយកឈ្មោះ ស្រី ស៊ីណា ពីកន្លែងចតឡាន។ ពេលដែលឈ្មោះ សាន សុខចំរើន បាននាំឈ្មោះ ស្រី ស៊ីណា ទៅដល់ផ្ទះកើតហេតុរួចហើយ ឈ្មោះ សាន សុខចំរើន ក៏បានបើកឡានចេញពីផ្ទះកើតហេតុ ដើម្បីទៅយកកូនរបស់ឈ្មោះ សាន ស្រីពេជ្រ ដែលរៀនសាលាម្តុំវត្តនិរោធ ភ្លាមដែរ ។
ដោយឡែកឈ្មោះ ស្រី ស៊ីណា តែម្នាក់ឯង ក៏បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះពីថ្ងៃមុន ។ ការជជែកគ្នា ក៏បានឈានទៅដល់ជម្លោះពាក្យសម្តី ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀត នឹងចង្កេះបញ្ចូលគ្រាប់ បាញ់ទៅលើឈ្មោះ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ ឃើញសភាពដូច្នេះឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយ តែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ចំនួន០៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី បន្ទាប់មកក៏ស្លា.ប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯមនុស្សប្រុស០២នាក់ទៀត ដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នា ក៏ត្រូវឈ្មោះ ស្រី ស៊ីណា បាញ់សំដៅជាច្រើនគ្រាប់បណ្តាលឱ្យរងរបួសដៃ និងជើង ។ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច ជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានចាកចេញឆ្ងាយពីកន្លែងកើតហេតុ ហើយបានសុំអ្នកជិះម៉ូតូ ដែលធ្វើដំណើរតាមដងផ្លូវឈ្មោះ ទិន ទូច ហៅ រ៉ាដូ ឱ្យជូនទៅកន្លែងចតរថយន្ត រួចក៏បើកគេចខ្លួន ។
បន្ទាប់ពីទទួលបានការរាយការណ៍ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០៣នាក់ រួចបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ផ្អែកលើមូលដ្ឋាន និងភស្តុតាងនានា ក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យមាន២ សំណុំរឿង ៖
សំណុំរឿងទី១ ៖ ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ០២នាក់ស្លា.ប់ តំណាងអយ្យការចោទប្រកាន់ពីបទ ឃា.តកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
សំណុំរឿងទី២ ៖ ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ០២នាក់ រងរបួស តំណាងអយ្យការចោទប្រកាន់ពីបទ ប៉ុនប៉ងឃា.តកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
បន្ទាប់ពីតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ខ្មាន់កាំភ្លើងជាផ្លូវការហើយ នាថ្ងៃដដែលនោះ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការកាត់ក្តី នាពេលនេះ ៕
ចែករំលែកព័តមាននេះ