ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» គ្រោង​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ

1 ខែ មុន

រាជធានីភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ…

រាជធានីភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ដែល​មាន​មហាជន​ចូលរួម ប្រមាណ​ជិត​៥​ម៉ឺន​នាក់ ហើយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​បាល់ ថតរូប​អនុស្សាវរីយ៍ ​និង​សំណេះសំណាល ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ​។

ដើម្បី​អោយ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​នេះ​ ដំណើរការ​ទៅ​ដោយ​រលូន ​និង​ជោគជ័យ នា​រសៀល​ថ្ងៃ​ទី​០៦​ ធ្នូ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី​ ឯកឧត្តម​សន្តិ​បណ្ឌិត យូ ស៊ុន​ឡុ​ង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ឯកឧត្តមនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឯកឧត្តម​នាយ​ឧត្តម​សេនី ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម សំ​ហេង បុរស តំណាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ គឺ​ដើម្បី​អបអរសាទរ​ខួប​២៦​ឆ្នាំ ទិវា​សន្តិភាព​នៅ​កម្ពុជា​ ដែល​រកម​កបាន​ដោយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ អរគុណ​សន្តិភាព គឺ​អរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ​ដូច្នេះ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ​ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ភាព​គគ្រឹក​គ្រេង​ជាមួយ​ការ​ប្រគុំ​តន្ត្រី សម័យ បុរាណ​។​ ចំពោះ​ការងារ​សន្តិសុខ ត្រូវ​តែ​ពង្រឹង​អោយ​បាន​ម៉ឹង​ម៉ាត់​បំផុត ព្រោះ​ពួក​ជ្រុលនិយម ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ពួក​គេ​នៅ​តែ​ប៉ុនប៉ង់​ជា​និច្ច ដែល​យើង​មិន​ត្រូវ​ធ្វេស​បក​រហែ​សបាន​ឡើយ​។​សន្តិភាព​មាន​តម្លៃ​ណាស់​កាត់ថ្លៃ​មិន​បាន ​សូ​ម្បី​តែ​ប្រទេស​ខ្លះ​សុខចិត្ត​កាត់​ឱ្យ​គេ​ដូរ​យក​សន្តិភាព​ក៏​រក​មិន​ទាន់​បាន​ផង​។​សព្វថ្ងៃ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ គេ​មក​ស្វែង​យល់​ និង​យក​បទ​ពិសោធ​ន៌ ​សន្តិភាព​​នៅ​កម្ពុជា​ទៀត​ផង ​។

ក្នុង​នោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ព្រឹត្តិការណ៍​បាល់ទាត់​នេះ ចំពោះ​ការ​ផ្សព្វផ្សាយ ការ​តុបតែង​ត្រូវ​បាន​ប្រគល់​ជូន​ទូរទស្សន៍​បាយ័ន ​ជា​អ្នក​រៀបចំ​។ ព្រឹត្តិការណ៍​នេះ មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជិត​ ៥​ម៉ឺន​នាក់ ដូច្នេះ​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជា​រឿង​សំខាន់​បំផុត ដោយ​គ្រប់​ស្ថាប័ន ត្រូវ​សហការ​គ្នា​ធ្វើ​អោយ​បាន​ល្អ​បំផុត​ជាមួយ​នឹង​ការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន ​។

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ផង​ដែរ​ថា​ បាល់ទាត់​នេះ ផ្សារ​ភ្ជាប់​ជាមួយ​សន្តិភាព​។ សន្តិភាព​បាន​មក​ដោយ​លំបាក ដូច្នេះ​ហើយ​បាន​គេ​យក​ប្រទេស​កម្ពុជា​ជា​គំរូ រហូត​គេ​ផ្តល់​មេដាយ​សន្តិភាព​ជូន​កម្ពុជា ​«​សម្ដេច​តេ​ជោ​ហ៊ុន សែន​» ​ថែម​ទៀត​ ។

ឯកឧត្តម​សន្តិ​បណ្ឌិត បន្ត​ថា ព្រឹត្តិការណ៍​បាល់ទាត់​នេះ​ នឹង​មាន​មហាជន​ចូលរួម​ជិត ​៥​ម៉ឺន​នាក់ ពួក​គាត់​មក​ទស្សនា ជាមួយ​ការ​ចែក​ទឹកបរិសុទ្ធ​ជូន​ហ្វ្រី​។ ការ​តុបតែង ការ​សម្តែង​សិល្បៈ មុន​ព្រឹត្តិការណ៍​បាល់ទាត់ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​គគ្រឹក​គ្រែង​បំផុត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​ផ្សាយ​ខ្លឹមសារ ​នៃ​ព្រឹត្តិការណ៍​នេះ​អោយ​ទូលំទូលាយ​។​ ចំពោះ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ត្រូវ​រួម​គ្នា​ធ្វើ និង​ទទួលខុសត្រូវ​ទាំងអស់​គ្នា​ និង​សុំ​អោយ​បានការ​ចូលរួម​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ផង​ដែរ​។ ក្រៅពី​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ការងារ​រៀន​ចំ​ ចំណត​ និង​ការងារអនាម័យ ក៏​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ ជាមួយ​និង​ការ​ជំរុញ​អោយ​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បន្ថែម​ល្បឿន​កម្លាំង​សេវា​ទូរសព្ទ ដោយសារ​មនុស្ស​ចូលរួម​ច្រើន​ ។

គួរ​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ សាលា​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ក្រុមបាល់ទាត់​តារា​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ដោយ​មានការ​ប្រកួត​ចំនួន​២​គូ ដោយ​គូ​ទី​១ ក្រុមបាល់ទាត់​គុន​ខ្មែរ ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់ តារា​កម្ពុជា និង​គូ​ទី​២ ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តារា​កម្ពុជា ដោយ​គ្រោង អ្នកចូលរួម​ប្រមាណ​៤​ម៉ឺន ទៅ​៥​ម៉ឺន​នាក់ ​ហើយ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីដ៏​ខ្ពង់ខ្ពស់ ​សម្រាប់​ការ​ប្រកួត​គូ​ទី​២ រវាង​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. និង​ក្រុមបាល់ទាត់​តារា​កម្ពុជា នៅ​វេលា​ម៉ោង​១៧:០០​នាទី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ