រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើបញ្ជាក់ថា ការធ្វើទស្សនកិច្ច នៅប្រទេសចិន រយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសកម្ពុជា និងចិន ដែលដែលឈានដល់ដំណាក់កាលថ្មីមួយទៀត ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសភាតំណាងប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ZHAO Leji បានសំដែង នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping និងសម្តេច ប្រទេសចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀង នៃការកសាងសហគមន៍ជោគវាសនារួម ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ក្នុងយុគសម័យថ្មី ហើយទន្ទឹមនេះ ក៏រួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម បានបន្តថា ទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់សម្តេច ជាពិសេស ជំនួបកំពូលរបស់សម្តេច ជាមួយប្រធានាធិបតី Xi Jinping និងជំនួបនាពេលព្រឹកនេះ នឹងអនុញ្ញាតឱ្យបញ្ជូលកម្លាំងថ្មី ដើម្បីអនុវត្តគំនិតថ្មី និង ផែនការសកម្មភាពកសាងសហគមន៍ ជោគវាសនារួម ឱ្យកាន់តែមានល្បឿនលឿនថែមទៀត ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម ZHAO Leji ចំពោះការទទួលសម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ហើយសម្តេចបានសំដែង នូវក្តីរីករាយ ដែលបានជួប ឯកឧត្តម សារជាថ្មី ក្នុងនាមប្រធានព្រឹទ្ធសភា បន្ទាប់ពីជំនួបនៅក្នុងឱកាសវេទិកា Boao កាលពីដើមឆ្នាំនេះ ដែលនៅពេលនោះ ក្នុងនាមសម្តេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ “ទស្សនកិច្ចរបស់សម្តេចនៅពេលនេះ មានគោលដៅពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសកម្ពុជា និងចិន ដែលឈានដល់ដំណាក់កាលថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ។
សម្តេចតេជោ បានបន្តថា ជោគជ័យ នៃទំនាក់ទំនងរបស់យើង ឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ ក្រោមការជំរុញ នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ។
សម្តេចបានបន្ថែមថា មិត្តចិន មិនត្រឹមតែជាបង្អែករបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែមទាំងពង្រឹងឯករាជ្យភាពកម្ពុជា ខាងនយោបាយ ប្រឈមនឹងសភាពការណ៍សកលលោក ដែលប្រែលប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ។
សម្តេចតេជោ លើកឡើងថា សម្តេចពិតជារីករាយ ដែលបានជួប ឯកឧត្តម Xi Jinping និងឯកឧត្តម Wang Huning ជាថ្មី ដែលជាជំនួបយុទ្ធសាស្ត្របន្ទាប់ពីសម្តេច បានផ្ទេរអំណាចដឹកនាំទៅអ្នកបន្តវេន ។
សម្តេចតេជោ មានមោទនភាព ដែលបានដោះស្រាយ នូវការផ្ទេរអំណាច ដឹកនាំយ៉ាងរលូនទៅអ្នកដឹកនាំជំនាន់ថ្មី ដែលបានធ្វើសកម្មភាពយ៉ាងលឿន។ ការសុខចិត្តផ្ទេរអំណាចរបស់សម្តេចនេះ គឺប្តូរនឹងសន្តិភាពរយៈពេលវែង។ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មីចំណងមិត្តភាពកម្ពុជា-ចិន មិនមានការផ្លាស់ប្តូរទេ ផ្ទុយទៅវិញ ថែមទាំង ពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត ស្របនឹងការចុះហត្ថលេខាលើសហគមន៍ជោគវាសនារួម និងការរីកចម្រើនរួមគ្នា ។
សម្តេចតេជោ បានជម្រាប ឯកឧត្តម ZHAO Leji ថា ជាប្រធានព្រឹទ្ធសភា សម្តេចបានកំណត់គោលដៅអាទិភាពពីរ គឺការលើកតម្កើងការទូតសភា តាមរយៈជំនួបរបស់សម្តេចជាមួយនឹងថ្នាក់ដឹកនាំបរទេស និងទស្សនកិច្ចរបស់សម្តេចនៅបរទេស និងការធ្វើគណនេយ្យភាពចំពោះមុខអង្គបោះឆ្នោត ដោយឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ចុះធ្វើការជាមួយនឹងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ។
សម្តេចតេជោ បានអបអរសារទរ ការប្រារព្ធខួបលើកទី៧០ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានថ្លែងអំណរគុណ ឯកឧត្តម ZHAO Leji ដែលគាំទ្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌគណបក្ស និងក្របខ័ណ្ឌសភា។ ឆ្លៀតឱកាសនោះ សម្តេចតេជោ បានគោរពអញ្ជើញ ឯកឧត្តម ZHAO Leji មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលសមស្របខាងមុខ ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ZHAO Leji បានបញ្ជាក់ថា ឯកឧត្តម បានស្តាប់មតិរបស់សម្តេច ដោយយកចិត្តទុកដាក់យ៉ាងហ្មតចត់ និងឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់សម្តេចតេជោ ពាក់ព័ន្ធទំនាក់ទំនងកម្ពុជា-ចិន។ ការប្រាស័យទាក់ទង និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងកម្ពុជា-ចិន គឺដូចជាគ្រួសារតែមួយ និងជាមិត្តភាព ដែលមិនអាចបំបែកបំបាក់បានឡើយ ។
ឯកឧត្តម បានបន្ថែមថា សម្តេចតេជោ បានផ្តល់យុត្តិធម៌ ចំពោះការការពារផលប្រយោជន៍ស្នូល កម្ពុជា-ចិន ដែលបានកសាងមូលដ្ឋានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុចជា ឱ្យកាន់អំណាចរយៈពេលវែង ។
ឯកឧត្តម បានលើកឡើងពីការបន្ស៊ីគ្នារវាង គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆា និងអង្ករ ដោយចិននឹងបញ្ជូនក្រុមហ៊ុនជាច្រើនមកកម្ពុជា ជាពិសេស នៅក្នុងវិស័យ នៃការអភិវឌ្ឍបៃតង បច្ចេកវិទ្យាឌីជីថល។
ឯកឧត្តម បានលើកឡើងថា ចិន និងកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការស៊ីវិល និងក្នុងវិស័យទេសចរណ៍ ដោយជំរុញឱ្យយុវជនវ័យក្មេង និងប្រជាជនទាំងពីរស្គាល់គ្នា ការបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មអនឡាន ការផ្សព្វ ផ្សាយពត៌មានអវិជ្ជមាន នៃទំនាក់ទំនងរវាងប្រទេសប្រទេសយើងទាំងពីរ ។
ឯកឧត្តម បានជម្រាប សម្តេចតេជោថា ក្រោមការអនុញ្ញាតពីឯកឧត្តម Xi Jinping ឯកឧត្តម បានរៀបចំជប់លៀងថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ខណៈពេលដែលព្រះអង្គទាំងទ្វេយាងមកពិនិត្យសុខភាព ហើយ ឯកឧត្តម បានទទួលដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ ។
សភាតំណាងប្រជាជនចិន បានចុះ MoU ជាមួយរដ្ឋសភាកម្ពុជា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ។
ជាមួយគ្នានេះដែរ ឯកឧត្តម ត្រៀមសហការជាមួយនឹងព្រឹទ្ធសភាកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន លើគ្រប់វិស័យ និងការកសាងសហគមន៍ជោគវាសនារួម ។
ឯកឧត្តម បានអរគុណ និងទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយ ក្នុងការមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលសមស្របខាងមុខ ៕
ចែករំលែកព័តមាននេះ