ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមណេរមួយ​អង្គ សុំ​សឹក​ចាក​សិក្ខាបទ ក្រោយ​បែកធ្លាយ​រូបភាព​អង្គុយ​ជាមួយ​យុវតី​ម្នាក់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សាមណេរ មួយ​អង្គ គង់នៅ​វត្ត​អរុណ​វ​តី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​សុំ​សឹក​ចាក​សិក្ខ​បទ ដោយ​អង្គ​ឯង…

រាជធានី​ភ្នំពេញ ៖ សាមណេរ មួយ​អង្គ គង់នៅ​វត្ត​អរុណ​វ​តី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​សុំ​សឹក​ចាក​សិក្ខ​បទ ដោយ​អង្គ​ឯង នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ក្រោយ​ពី​ការ​បែកធ្លាយ​រូបភាព​អង្គុយ​ជាមួយ​និង​យុវតី​ម្នាក់ នៅ​មាត់​ស្រះ​ទឹក​មួយ​កន្លែង ត្រូវ​គេ​បង្ហោះ​វី​ដេ​អូ​ចែកចាយ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​១​ថ្ងៃមុន ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​ជា​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា​រួច​មក​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​មន្ត្រី មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ការិយាល័យ​ធម្មការ និង​សាសនា ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​អនុញ្ញាត​ឲ្យ​សឹក​រួច​ហើយ​ដែរ ។

សាមណេរ​អង្គ​នោះ ព្រះ​នាម ច​ន សីហា ព្រះ​ជន្ម​១៨​ព្រះ​វស្សា គង់នៅ​ក្នុង​វត្ត​ខាងលើ អតីត​ជា​សាម​ណៈ​សិស្ស​រៀន នៅ​វត្ត​ជម្ពូ​វ័ន និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ចំណែក​យុវតី ដែល​អង្គុយ​ជាមួយ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

បើ​មើល​តាម​រូបភាព ដែល​ជន​ទី​៣ លួច​ថត​បាន​ហើយ ចែកចាយ​តាម​បណ្ដាញ​សង្គម​នោះ​ឃើញ​ថា រវាង​សាមណេរ​អង្គ​នោះ និង​យុវតី​ម្នាក់​ខាងលើ បាន​អង្គុយ​ជិត​គ្នា នៅ​លើ​ខឿន​មាត់​ស្រះ​ទឹក​មួយ​កន្លែង ខណៈនោះ ខាង​ស្រី​ហាក់​បង្ហាញ​រូបភាព​អ្វីមួយ​នៅ​ក្នុង​ទូរ​សព្ទ​របស់​នាង ឲ្យ​សាមណេរ​អង្គ​នោះ​មើល ចំណែក​សាមណេរ​នោះ​វិញ បាន​អឺត​មើល ហើយ​ក៏​បាន​យកដៃ​ប៉ះ​រាង​កាយ​យុវតី​ខាងលើ​ខ្លះ​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា រវាង​ព្រះ​អង្គ និង​នាង​ម្នាក់​នោះ មាន​ទំនាក់ទំនង​គ្នា​តាម​បែប​ស្នេហា ហើយ​អង្គុយ​សាសង​គ្នា ឬ​ក៏​គ្រាន់តែ​ជា​អ្នក​រាប់អាន​គ្នា ហើយ​អង្គុយ​ជជែក​គ្នា​លេង​តាម​បែប​ធម្មតា​នោះ​ឡើយ ។

រូបភាព​ខាងលើ​នោះ ត្រូវ​បាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ បង្ក​ឲ្យ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​រង​ការ​រិះគន់​ពី​មហាជន ដែល​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​វិស័យ​ព្រះពុទ្ធ​សា​នា​ផង​ដែរ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​មន្ត្រី មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ និង​មន្ត្រី​ការិយាល័យ​ធម្មការ និង​សាសនា ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បាន​ចុះ​ទៅ​កាន់​វត្ត​វត្ត​អរុណ​វ​តី ជួប​ជាមួយ​ព្រះ​គ្រូ​ចៅអធិការ ហើយ​បាន​និមន្ត សាមណេរ​អង្គ​នោះ មក​ធ្វើការ​សាកសួរ​ពី​រូបភាព ដែល​បាន​បែកធ្លាយ​ខាងលើ​នោះ ។

លោក ទេព គង្គារ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ពេល​សួរនាំ​សាមណេរ​អង្គ​នោះ​បាន​មាន​សារភាព​ថា ព្រះ​អង្គ ពិតជា​បាន​អង្គុយ​ជិត​យុវតី​ម្នាក់​នោះ​មែន ប៉ុន្តែ​ពុំ​មែន​ជា​ការ​សាសង​ស្នេហា អ្វី​នោះ​ទេ​។ រវាង​ព្រះ​អង្គ និង​យុវតី​រូប​នោះ គឺជា​អ្នក​ស្គាល់​រាប់អាន​គ្នា ធ្លាប់​បោស​ដី​ជាមួយ​គ្នា ហើយ​ពេល​អង្គុយ​នោះ ពុំ​មែនមាន​តែ​២​នាក់ ដូច​ក្នុង​រូបភាព​នោះ​ទេ គឺ​មាន​អ្នក​ផ្សេង​ទៀត ស្ថិត​នៅ​ជិត​នោះ​ដែរ ប៉ុន្តែ​អ្នក​ថត ហាក់​ចង់​ធ្វើបាប​ព្រះ​អង្គ ថត​បេះ​យក​តែ​២​នាក់ បែប​នេះ​ទៅ​វិញ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បើ​តាម​ការ​ស្រាវជ្រាវ សាមណេរ​អង្គ​នោះ អង្គុយ​ជាមួយ​យុវតី​ខាងលើ​និង​ត្រូវ​បាន​គេ​លួច​ថត​តាំងពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា មក​ម្ល៉េះ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១ ខែធ្នូ ទើបត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​កាលពី​ក្រោយ​ពេល​ថត​បាន​ភ្លាម​ៗ​នោះ ព្រះសង្ឃ ក្នុង​វត្ត ក៏​បានដឹង និង​សំណូមពរ​ឲ្យ​អ្នក​ថត​នេះ​លុប​រូប​ចោល​វិញ​ទៅ ដើម្បី​ការពារ​ខ្លាច​បែកធ្លាយ កុំ​ឲ្យ​ប៉ះពាល់​ដល់​វត្ត និង​ព្រះសង្ឃ​ក្នុង​វត្ត ព្រោះ​ពុំ​មែន​សាម​ណរ​អង្គ​នោះ អង្គុយតែ​២​នាក់ ឬ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​អី​នោះ​ទេ គឺ​មាន​អ្នក​អ​ង្គុ​នៅ​ទីនោះ ច្រើន​នាក់​ដែរ​។ មិនតែប៉ុណ្ណោះ​ព្រះសង្ឃ ក៏​បាន​ជូន​ថ្លៃ​សាំង ទៅ​បុគ្គល​ជា​អ្នក​ថតរូប​នោះ ចំនួន​១៨​ម៉ឺន​រៀល ថែម​ទៀត​ផង ប៉ុន្តែ​កុំ​យល់​ច្រឡំ ថវិកា​នេះ ពុំ​មែន​ជា​ការ​សូកប៉ាន់​អី​នោះ​ទេ គឺ​គ្រាន់តែ​មិន​ចង់​ឲ្យ​មានរឿង​អយុត្តិធម៌ ដល់​សាមណេរ​អង្គ នោះ​ប៉ុណ្ណោះ ព្រោះ​លោក​អត់​បាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ ហើយ​រឿង​នោះ ក៏​មានការ​យល់ព្រម​លុប​ពី​សំណាក់​អ្នក​ថត​រួច​ហើយ​ដែរ ប៉ុន្តែ​ក្រោយមក ពុំ​ដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​បែកធ្លាយ​រូប​នៅ​លើ​បណ្ដាញ​សង្គម បង្ក​ការ​ភ្ញាក់ផ្អើល​បែប​នេះ​ទៀត ។

លោក ទេព គង្គារ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ចំណែក​សាមណេរ ច​ន សីហា ដែល​ជា​សាមីខ្លួន​វិញ នៅ​ពេល​មានការ​បែកធ្លាយ​រូបភាព​បែប​នេះ ហើយ​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ធម្មការ និង​សាសនា ទៅ​ដល់ ព្រះ​អង្គ​មានការ​ភិតភ័យ​ខ្លាំង​ណាស់ ចំណែក​ញោម​ព្រះ​អង្គ ក៏​មានការ​សោកស្ដាយ​ផង​ដែរ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​វត្ត ប៉ះពាល់​ដល់​វត្ត និង​ព្រះសង្ឃ នៅ​ក្នុង​វត្ត​នោះ ទើប​ទើប​ព្រះ​អង្គ សុខចិត្ត សុំ​សឹក​ចាក​សិក្ខាបទ ដោយ​អង្គ​ឯង​តែ​ម្តង ពុំ​មែន​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ធម្មការ និង​សាសនា ចាប់​ផ្សឹក​នោះ​ឡើយ​។ ព្រោះ​បើ​គិត​ពី​ទោស​កំហុស​នេះ​មិន​ដល់​ថ្នាក់​ចាប់​ផ្សឹក​ឡើយ ត្រឹមតែ​ដាក់​ពិន័យ​ដល់​ព្រះ​អង្គ​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​សឹក​រួច ក៏​បាន​ចាកចេញ​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​វិញ​ហើយ ។

តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូគឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុសនិងជម្រះស្មៅជាដើម។

ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ