ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីឡាវ និងភរិយានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ឡាវ និង​ភរិយា​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ក្នុង​កម្ពុជា​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៤ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ឡាវ និង​ភរិយា​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ក្នុង​កម្ពុជា​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៤ ។

យក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​២ ធ្នូ​ឆ្នាំ​២០២៤ នេះ​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ និង​លោក​ជំទាវ វណ្ណ​ដា​ឡា ស៊ី​ផា​ន់​ដ​ន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​០៤ ដល់ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ ។

ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន និង​លោក​ជំទាវ នឹង​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរមរាជវាំង ។ ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋមន្ត្រី​ឡាវ គ្រោង​នឹង​មាន​ជំនួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា ។

ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​ធិ​បតី​នាយក រដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​ដែល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ដ៏​កក់ក្តៅ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​រវាង ប្រទេស​ទាំង​ពីរ​ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ដ៏​ល្អ​មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ផលប្រយោជន៍​រួម​ផង​ដែរ ។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន ។ ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​នៅ​មណ្ឌប​ព្រះ​បរម​រូប​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋមន្ត្រី​ឡាវ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ​ដែល​មាន​ស្រាប់ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ