ទោះបីជាបេះដូងជាផ្នែកតូចមួយនៃរាងកាយក៏ដោយ វាជាសរីរាង្គមួយដ៏សំខាន់នៅក្នុងជីវិត ។ ចង្វាក់បេះដូងលោតបន្តបន្ទាប់ជាមធ្យមពី៦០ទៅ១០០ដងក្នុងមួយនាទី ហើយប្រហែលជា១០០០០០ដងក្នុងមួយថ្ងៃ ។ ក្នុងមួយនាទីវាបូមឈាមក្នុងសារពាង្គកាយប្រហែលជា៥លីត្រតាមរយៈប្រព័ន្ធអាទែ វ៉ែន និងសរសៃឈាម តូចៗ ។
បច្ចុប្បន្ននេះជំងឺសរសៃឈាមបេះដូងកំពុងតែក្លាយទៅជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុតសម្រាប់មនុស្សគ្រប់រូប ដោយសារតែទម្លាប់នៃការទទួលទានមិនល្អ បញ្ហាស្ត្រេសច្រើន ទម្លាប់រស់នៅអសកម្ម និងកង្វះការធ្វើលំហាត់ប្រាណ។
ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា រហូតដល់ ៧០ភាគរយនៃជំងឺបេះដូងអាចជៀសវាងបាន ប្រសិនបើមានទម្លាប់រស់នៅប្រចាំថ្ងៃបានល្អ។ ទម្លាប់រស់នៅល្អសំដៅទៅលើការហាត់ប្រាណតែមួយមុខគត់មិនគ្រប់គ្រាន់នោះទេ អ្នកត្រូវតែកែប្រែទម្លាប់ទទួលទានរបបអាហារដែលមានផាសុខភាពផងដែរ។ ខាងក្រោមនេះ គឺជាអាហារ៧ប្រភេទ ដែលអាចជួយឲ្យបេះដូងកាន់តែមានភាពរឹងមាំ៖
ត្រីសមុទ្រ
ជាតិខ្លាញ់ដែលមាននៅក្នុងត្រីសាឌីន និងត្រីសាម៉ុន គឺជាអាហារដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាពទូទៅ និងបេះដូង។ ដោយសារតែវាមានផ្ទុកបរិមាណអាស៊ីតខ្លាញ់អូមេហ្គា-៣ ខ្ពស់ ដែលធ្វើឲ្យថយចុះហានិភ័យនៃជំងឺគាំងបេះដូង និងស្ទះសរសៃឈាម។
សូកូឡាខ្មៅ
ការទទួលទានសូកូឡាខ្មៅជាប្រចាំ ត្រូវបានគេទទួលស្គាល់ថា អាចកាត់បន្ថយការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល យ៉ាងមានប្រសិទ្ធភាព។ ព្រោះសូកូឡាខ្មៅ មានផ្ទុកសារធាតុ flavonoids ដែលអាចជួយកាត់បន្ថយសម្ពាធឈាម កំណកឈាម និងការរលាក។
ដំឡូងបារាំង
ដំឡូងបារាំង ពិតជាអាហារដ៏ល្អសម្រាប់បេះដូង ព្រោះវាសម្បូរទៅដោយសារធាតុប៉ូតាស្យូម ដែលអាចជួយកាត់បន្ថយសម្ពាធឈាម។ មិនតែប៉ុណ្ណោះដំឡូងបារាំង មានផ្ទុកជាតិសរសៃខ្ពស់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ប៉ុន្តែសូមជៀសវាងទទួលទានឆៅ។
ប៉េងប៉ោះ
ផ្លែប៉េងប៉ោះ ក៏មានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ដូចដំឡូងបារាំងដែរ។ វាត្រូវបានគេចាត់ទុកជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ត្រូវបានគេហៅថា lycopene ដែលអាចជួយកម្ចាត់កូឡេស្តេរ៉ុលអាក្រក់ រក្សាសរសៃឈាមឲ្យបើកធំ និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។ ក្រៅពីនេះ វាមានផ្ទុកកាឡូរីទាប និងជាតិស្ករទាប ដែលជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺខ្សោយបេះដូង។
ផ្លែទទឹម
ផ្លែទទឹម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន រួមទាំងសារធាតុ polyphenols ដែលអាចជួយបង្កើនសុខភាពបេះដូង និងសារធាតុ anthocyanins ដែលអាចជួយការពារការឡើងរឹងនៃសរសៃឈាមអាកទែ។ ដូច្នេះ ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ ពិតជាប្រសើរបំផុតសម្រាប់បេះដូង។
ផ្លែប៉ោម
ក្រៅពីជាផ្លែឈើដ៏ពេញនិយមបំផុត ផ្លែប៉ោម មានលក្ខណ:សម្បត្តិប្រឆាំងនឹងការរលាក ដែលអាចជួយទប់ស្តាប់ការកកឈាមយ៉ាងពូកែ។ អ្នកអាចបិភោគផ្លែប៉ោម ជាអាហារពេលព្រឹកជាប្រចាំ ឬជាអាហារសម្រន់ក៏បានដែរ។
ស្លឹកបន្លែបៃតង
គ្រប់ស្លឹបន្ថែបៃតងទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ហើយក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ជាពិសេសស្លឹកបន្ថែបៃតងមានផ្ទុកជាតិខ្លាញ់ និងកាឡីរីទាប ហើយសម្បូរទៅដោយជាតិសរសៃ ដែលមានប្រយោជន៍បំផុតសម្រាប់ជំរុញដល់ដំណើរការនៃបេះដូង៕
ចែករំលែកព័តមាននេះ