សាមណេរមួយអង្គ សុំសឹកចាកសិក្ខាបទ ក្រោយបែកធ្លាយរូបភាពអង្គុយជាមួយយុវតីម្នាក់
រាជធានីភ្នំពេញ ៖ សាមណេរ មួយអង្គ គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសុំសឹកចាកសិក្ខបទ ដោយអង្គឯង…
រាជធានីភ្នំពេញ ៖ សាមណេរ មួយអង្គ គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសុំសឹកចាកសិក្ខបទ ដោយអង្គឯង…
រាជធានីភ្នំពេញ ៖ សាមណេរ មួយអង្គ គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសុំសឹកចាកសិក្ខបទ ដោយអង្គឯង នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយពីការបែកធ្លាយរូបភាពអង្គុយជាមួយនិងយុវតីម្នាក់ នៅមាត់ស្រះទឹកមួយកន្លែង ត្រូវគេបង្ហោះវីដេអូចែកចាយផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក កាលពី១ថ្ងៃមុន ធ្វើឲ្យមានការរិះគន់ពីមហាជនជាច្រើន ធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនារួចមក។ ចំណែកអាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ត្រី មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងមន្ត្រីការិយាល័យធម្មការ និងសាសនា ខណ្ឌពោធិ៍សែនជ័យ ក៏បានអនុញ្ញាតឲ្យសឹករួចហើយដែរ ។
សាមណេរអង្គនោះ ព្រះនាម ចន សីហា ព្រះជន្ម១៨ព្រះវស្សា គង់នៅក្នុងវត្តខាងលើ អតីតជាសាមណៈសិស្សរៀន នៅវត្តជម្ពូវ័ន និងមានស្រុកកំណើតនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកយុវតី ដែលអង្គុយជាមួយមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។
បើមើលតាមរូបភាព ដែលជនទី៣ លួចថតបានហើយ ចែកចាយតាមបណ្ដាញសង្គមនោះឃើញថា រវាងសាមណេរអង្គនោះ និងយុវតីម្នាក់ខាងលើ បានអង្គុយជិតគ្នា នៅលើខឿនមាត់ស្រះទឹកមួយកន្លែង ខណៈនោះ ខាងស្រីហាក់បង្ហាញរូបភាពអ្វីមួយនៅក្នុងទូរសព្ទរបស់នាង ឲ្យសាមណេរអង្គនោះមើល ចំណែកសាមណេរនោះវិញ បានអឺតមើល ហើយក៏បានយកដៃប៉ះរាងកាយយុវតីខាងលើខ្លះដែរ ប៉ុន្តែពុំដឹងថា រវាងព្រះអង្គ និងនាងម្នាក់នោះ មានទំនាក់ទំនងគ្នាតាមបែបស្នេហា ហើយអង្គុយសាសងគ្នា ឬក៏គ្រាន់តែជាអ្នករាប់អានគ្នា ហើយអង្គុយជជែកគ្នាលេងតាមបែបធម្មតានោះឡើយ ។
រូបភាពខាងលើនោះ ត្រូវបានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បង្កឲ្យផ្ទុះការភ្ញាក់ផ្អើល និងរងការរិះគន់ពីមហាជន ដែលធ្វើឲ្យប៉ះពាលដល់វិស័យព្រះពុទ្ធសានាផងដែរ។ រហូតមកដល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ត្រី មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ និងមន្ត្រីការិយាល័យធម្មការ និងសាសនា ខណ្ឌពោធិ៍សែនជ័យ ។ បានចុះទៅកាន់វត្តវត្តអរុណវតី ជួបជាមួយព្រះគ្រូចៅអធិការ ហើយបាននិមន្ត សាមណេរអង្គនោះ មកធ្វើការសាកសួរពីរូបភាព ដែលបានបែកធ្លាយខាងលើនោះ ។
លោក ទេព គង្គារ ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅពេលសួរនាំសាមណេរអង្គនោះបានមានសារភាពថា ព្រះអង្គ ពិតជាបានអង្គុយជិតយុវតីម្នាក់នោះមែន ប៉ុន្តែពុំមែនជាការសាសងស្នេហា អ្វីនោះទេ។ រវាងព្រះអង្គ និងយុវតីរូបនោះ គឺជាអ្នកស្គាល់រាប់អានគ្នា ធ្លាប់បោសដីជាមួយគ្នា ហើយពេលអង្គុយនោះ ពុំមែនមានតែ២នាក់ ដូចក្នុងរូបភាពនោះទេ គឺមានអ្នកផ្សេងទៀត ស្ថិតនៅជិតនោះដែរ ប៉ុន្តែអ្នកថត ហាក់ចង់ធ្វើបាបព្រះអង្គ ថតបេះយកតែ២នាក់ បែបនេះទៅវិញ ។
លោកប្រធានមន្ទីរធម្មការ និងសាសនា បានប្រាប់ឲ្យដឹងបន្តទៀតថា បើតាមការស្រាវជ្រាវ សាមណេរអង្គនោះ អង្គុយជាមួយយុវតីខាងលើនិងត្រូវបានគេលួចថតតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា មកម្ល៉េះ ប៉ុន្តែមកដល់ថ្ងៃទី១ ខែធ្នូ ទើបត្រូវបានគេយកទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែកាលពីក្រោយពេលថតបានភ្លាមៗនោះ ព្រះសង្ឃ ក្នុងវត្ត ក៏បានដឹង និងសំណូមពរឲ្យអ្នកថតនេះលុបរូបចោលវិញទៅ ដើម្បីការពារខ្លាចបែកធ្លាយ កុំឲ្យប៉ះពាល់ដល់វត្ត និងព្រះសង្ឃក្នុងវត្ត ព្រោះពុំមែនសាមណរអង្គនោះ អង្គុយតែ២នាក់ ឬពាក់ព័ន្ធនឹងរឿងស្នេហាអីនោះទេ គឺមានអ្នកអង្គុនៅទីនោះ ច្រើននាក់ដែរ។ មិនតែប៉ុណ្ណោះព្រះសង្ឃ ក៏បានជូនថ្លៃសាំង ទៅបុគ្គលជាអ្នកថតរូបនោះ ចំនួន១៨ម៉ឺនរៀល ថែមទៀតផង ប៉ុន្តែកុំយល់ច្រឡំ ថវិកានេះ ពុំមែនជាការសូកប៉ាន់អីនោះទេ គឺគ្រាន់តែមិនចង់ឲ្យមានរឿងអយុត្តិធម៌ ដល់សាមណេរអង្គ នោះប៉ុណ្ណោះ ព្រោះលោកអត់បានប្រព្រឹត្តខុសនោះឡើយ ហើយរឿងនោះ ក៏មានការយល់ព្រមលុបពីសំណាក់អ្នកថតរួចហើយដែរ ប៉ុន្តែក្រោយមក ពុំដឹងជាយ៉ាងម៉េច ស្រាប់តែបែកធ្លាយរូបនៅលើបណ្ដាញសង្គម បង្កការភ្ញាក់ផ្អើលបែបនេះទៀត ។
លោក ទេព គង្គារ បានបញ្ជាក់ប្រាប់ទៀតថា ចំណែកសាមណេរ ចន សីហា ដែលជាសាមីខ្លួនវិញ នៅពេលមានការបែកធ្លាយរូបភាពបែបនេះ ហើយឃើញអាជ្ញាធរ និងមន្ត្រីធម្មការ និងសាសនា ទៅដល់ ព្រះអង្គមានការភិតភ័យខ្លាំងណាស់ ចំណែកញោមព្រះអង្គ ក៏មានការសោកស្ដាយផងដែរ ប៉ុន្តែដើម្បីកុំឲ្យខូចឈ្មោះវត្ត ប៉ះពាល់ដល់វត្ត និងព្រះសង្ឃ នៅក្នុងវត្តនោះ ទើបទើបព្រះអង្គ សុខចិត្ត សុំសឹកចាកសិក្ខាបទ ដោយអង្គឯងតែម្តង ពុំមែនត្រូវបានអាជ្ញាធរ និងមន្ត្រីធម្មការ និងសាសនា ចាប់ផ្សឹកនោះឡើយ។ ព្រោះបើគិតពីទោសកំហុសនេះមិនដល់ថ្នាក់ចាប់ផ្សឹកឡើយ ត្រឹមតែដាក់ពិន័យដល់ព្រះអង្គប៉ុណ្ណោះ ហើយបន្ទាប់ពីសឹករួច ក៏បានចាកចេញទៅរស់នៅឯស្រុកកំណើតវិញហើយ ។
តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូគឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុសនិងជម្រះស្មៅជាដើម។
ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ