ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ មន្រ្តីបន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋជាង៤ ពាន់ក្បាលទៀតក្នុងសប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​អត្តសញ្ញាណ​កម្ម​បាន​បន្ត​ផ្តល់​សេវា​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​គ្រប់​រាជធានី​ខេត្ត បាន​សរុប​ជាង​៤​ពាន់​ក្បាល ។…

រាជធានី​ភ្នំពេញ ៖ គិត​ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​អត្តសញ្ញាណ​កម្ម​បាន​បន្ត​ផ្តល់​សេវា​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​គ្រប់​រាជធានី​ខេត្ត បាន​សរុប​ជាង​៤​ពាន់​ក្បាល ។ នេះ​បើ​តាម​លោក បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០២៤​ថា ក្នុង​ស​ប្ដា​ហ៍​ចុង​ក្រោយ​នោះ​ដែរ មន្ត្រី​ក៏​បាន​ផ្តល់​សេវា​លិខិត​ធ្វើ​ដំណើរ​ជូន​ពលរដ្ឋ​ជាង​៩​រយ​ក្បាល សៀវភៅ​ស្នាក់​នៅ ជាង​២​ពាន់​ក្បាល សៀវភៅ​គ្រួសារ​ជាង​១​ពាន់​ក្បាល និង​អត្តសញ្ញាណប័ណ្ណ​ជាង​៤​ពាន់​សន្លឹក​ផង​ដែរ ។

ប្រភព​បាន​លើក​ឡើង​ថា លិខិតឆ្លងដែន (​ធម្មតា​) គឺជា​ឯកសារ​បញ្ជាក់​ថា សាមីខ្លួន​ជា​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​សុំ​ទិដ្ឋាការ​ឆ្លង​ដែន និង​ជា​ឯកសារ​ច្បាប់​តែ​មួយ​គត់ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​ប្រើប្រាស់​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​ក្រៅ ។

បើ​តាម​ក្រសួងមហាផ្ទៃ លិខិតឆ្លងដែន​ធម្មតា​មាន​សុពលភាព​រយៈពេល​៥​ឆ្នាំ សម្រាប់​កុមារ​ចាប់ពី​អាយុ​ពី​០​ឆ្នាំ​ដល់​៥​ឆ្នាំ និង​មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ​សម្រាប់​អ្នកមាន​អាយុ​ពី​៦ ឆ្នាំ​ឡើង ។ នីតិវិធី​នៃ​ការ​ស្នើ​សុំ​ធ្វើ​លិខិតឆ្លងដែន​ធម្មតា គឺ​សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ដើម ឬ​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត រួម​ជាមួយ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ (​ច្បាប់​ដើម​) ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម ១៥​ឆ្នាំ ត្រូវ​មាន​សំណើសុំ ឬ​ការ​អនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​សម្គាល់​គ្រួសារ និង​សេចក្តីចម្លង​សំបុត្រ​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ