ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ប្តូរ​ក្បាលម៉ាស៊ីន​ការទូត​ភ្លាម ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំណត់​ពេលវេលា​ចេញ​ទៅ​ទស្សនៈកិច្ច​ផ្លូវការ និង​សុ​ឆន្ទៈ​ភ្លាម​ៗ​ដែរ​ទៅ​កាន់​ចិន ក្រោយ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច ។ តើ​អ្វី​នៅ​ពីក្រោយ​នៃ​ដំណើរ​ទស្សនៈកិច្ច…

បន្ទាប់​ពី​ប្តូរ​ក្បាលម៉ាស៊ីន​ការទូត​ភ្លាម ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំណត់​ពេលវេលា​ចេញ​ទៅ​ទស្សនៈកិច្ច​ផ្លូវការ និង​សុ​ឆន្ទៈ​ភ្លាម​ៗ​ដែរ​ទៅ​កាន់​ចិន ក្រោយ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច ។ តើ​អ្វី​នៅ​ពីក្រោយ​នៃ​ដំណើរ​ទស្សនៈកិច្ច នៅ​ដើមខែ​ធ្នូ​នេះ?

សម្តេច​តេ​ជោ ហ៊ុន សែន ពេញ​មួយ​ជីវិត​នយោបាយ​របស់​សម្តេច គឺ​បាន​បំពេញ​ទស្សនៈកិច្ច​នៅ​ចិន​ជា​ច្រើន​ដង និង​ញឹកញាប់​បំផុត ប៉ុន្តែ​ដំណើរ​ទស្សនៈកិច្ច​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែធ្នូ គឺជា​ដំណើរ​ដំបូង​ក្រោយ​ពេល​ដែល​សម្តេច​ចាក​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ។ ដំណើរ​ទស្សនៈកិច្ច​នេះ គឺ​ធ្វើ​ឡើង​ភ្លាម​ៗ​ពោល គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ការទូត​ហើយ​ក៏​ក្រោយ​ពេល​ដែល​លោក ប្រាក់ សុ​ខុន ប្រមុខ​ការទូត​ថ្មី​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​ចិន​ដែរ ។ ដូច្នេះ​ហើយ​ទើប​មានការ​ងឿងឆ្ងល់​ខ្លះ​ៗ​កើត​មាន​ឡើង ។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​បាន​បញ្ជាក់​ដោយ លោក ហ៊ូ ហ្សា​វ​មីង (Hu Zhaoming) ដែល​ជា​អ្នកនាំពាក្យ​របស់​ការិយាល័យ​អន្តរជាតិ​នៃ​គណកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ ហើយ​ក្រោយមក​ក្រសួងការបរទេស​កម្ពុជា​ក៏​បាន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ ផង​ដែរ ។

ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនៈកិច្ច​ជា​ថ្មី​ទៅ​ចិន​នេះ សម្តេច​តេ​ជោ នឹង​ជួប​ទ្វេភាគី​ជាមួយនឹង​លោក ស៊ី ជិន​ពីង អគ្គលេខាបក្ស​កុម្មុយនីស្ត​ចិន ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូល​ៗ​ចិន​មួយ​ចំនួន​ទៀត ប៉ុន្តែ​សុទ្ធតែ​នៅ​ក្នុង​ជួរ​ស្ថាប័ន​នីតិបញ្ញតិ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មិន​បាន​បញ្ជាក់​លម្អិត​ទេ តែ​គ្រាន់តែ​បង្ហើប​ថា នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​សម្តេច​តេ​ជោ នៅ​ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​រំពឹង​ថា ដំណើរ​នេះ​នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង​មិត្តភាព​ដែក​ថែម​ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ជំរុញ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា និង​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់​នៅ​ក្នុង​យុគសម័យ​ថ្មី ។

ដោយ​មិន​និយាយ​អំពី​ទំនាក់ទំនង​កាលពី​សម័យ​មុន​នោះ​ទេ​និយាយ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ និង​សម័យ​បច្ចុប្បន្ន ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​នៅ​តែ​រឹង​មាំ ។ ទីក្រុង​ប៉េ​កាំ​ង គឺជា​សម្ព័ន្ធមិត្ត​ដ៏​រឹង​មាំ​មួយ​ដោយ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច ប្រាក់​កម្ចី និង​ការ​វិនិយោគ​ដែល​បាន​ជំរុញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​សឹង​គ្រប់​វិស័យ ។

គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​របស់​ចិន​បាន​ពង្រឹង​ភាព​ជា​ដៃគូ​នេះ​បន្ថែម​ទៀត ។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ដូច​ជា ផ្លូវ​ហា​យ​វេ ស្ពាន និង​រោងចក្រ​ថាមពល​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​មូលធន​របស់​ចិន ជំរុញ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច និង​កំណើន ។ លើស​ពី​នេះ​ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​នៅ​ក្នុង​ពីរ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ ។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពេល​នេះ គឺជា​និមិត្តរូប​នៃ​ការ​បន្ត និង​ពង្រឹង​ចំណងមិត្តភាព ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​ភាព​ជា​អ្នកដឹកនាំ​បន្ទាប់​ពី​កូនប្រុស​របស់​សម្តេច គឺ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ខែសីហា ឆ្នាំ​២០២៣ ។ ដំណើរ​ទស្សនកិច្ច​នេះ អាច​ជា​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ពង្រឹង យុទ្ធសាស្ត្រ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​ពិពិធ​កម្ម​ការទូត​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ចរន្ត​សាកល​ភាវូបនីយកម្ម ។

ដោយ​មើលឃើញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច និង​ការ​ធានា​ការ​វិនិយោគ​បន្ថែម​ទៀត ។ ថាមពល បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​អាច​ត្រូវ​បាន​ផ្តល់​អាទិភាព ស្រប​តាម​គោលបំណង​របស់​កម្ពុជា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។ ការ​ពិភាក្សា​នានា​រវាង​សម្តេច​តេ​ជោ និង​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ក៏​អាច​ពាក់ព័ន្ធ​ដល់​កិច្ចសហការ​ផ្នែក​សន្តិសុខ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ផលប្រយោជន៍​រួម​ក្នុង​ការ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

ដំណើរ​ទស្សនកិច្ច​ដោយ​សុ​ឆន្ទៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ជំហាន​មួយ ដើម្បី​ធានា អំពី​ការ​បន្ត​ស្ថិរភាព​នៃ​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ។ កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ភាព​ជា​ដៃគូ​ការទូត និង​សេដ្ឋកិច្ច​របស់​ខ្លួន​ហើយ​កម្ពុជា​ក៏​ចង់​រក្សា​ជំហរ​របស់​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ដ៏​គួរ​ឱ្យ​ទុកចិត្ត​តាម​រយៈ​គោលការណ៍​ពង្រីក និង​ពង្រឹង​ការ​រុករក​មិត្ត​ថ្មី​តែ​ត្រូវ​ថែរក្សា​មិត្ត​ចាស់​ផង​ដែរ​។

ទីតាំង​យុទ្ធសាស្ត្រ និង​តួនាទី​របស់​កម្ពុជា​ក្នុង​អាស៊ាន​ក្នុង​នាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន និង​អា​មេ​រិ​ក​ធ្វើ​ឱ្យ​កម្ពុជា​មាន​តួនាទី​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុងភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់ ។ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​អាច​ស្វែងរក​ការ​លើកកម្ពស់​ខ្លួនឯង​ជា​ស្ពាន​រវាង​ចិន និង​មហាអំណាច​លោក​ខាងលិច​ដោយ​ប្រើប្រាស់​ទំនាក់ទំនង​ជិត​ស្និទ្ធ​របស់​ខ្លួន​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​សម្របសម្រួល ឬ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ផលប្រយោជន៍​និង​ការ​ប្រកួតប្រជែង ។

សរុប​មក​វិញ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន​នៅ​ដើមខែ​ធ្នូ​នេះ អាច​បញ្ជាក់​បានជា​ថ្មី​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​ខ្លួន ដោយ​បាន​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការទូត​។ ទោះជា​យ៉ាងណា​ក៏​ដោយ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ពេលវេលា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គោលនយោបាយ​ការ​បរទេស​ដែល​កំពុង​វិ​វត្ត​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ជំនាន់​ថ្មី ។

ខណៈ​ពេល​ដែល​កម្ពុជា​នៅ​តែ​មាន​ស្ថិរភាព​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន គោលនយោបាយ​កា​របរ​ទេសនា​ពេល​អនាគត​របស់​ខ្លួន​ទំនងជា​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចម្រុះ​កាន់តែ​ច្រើន​ការ​ចូលរួម​ក្នុង​តំបន់ និង​ការ​រក្សា​តុល្យភាព​រវាង​មហាអំណាច​ធំ​ៗ ដើម្បី​ធានា​បាន​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព និង​ទំនាក់ទំនង​ការទូត​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​តែ​រង្គោះរ​ង្គឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ