ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន រួម​គ្នា​ផ្សព្វផ្សាយ​ទេសចរណ៍វប្បធម៌ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​២

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ស្ថាប័នរដ្ឋ ​និង​ឯកជន ​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​-​ចិន បាន​សហការ​រៀបចំ​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍វប្បធម៌​ក្វា​ង​ស៊ី ឆ្នាំ​២០២៤ ដើម្បី​បន្ត​រឹតចំណង​មិត្តភាព ស្វែងរក​ការ​អភិវឌ្ឍ​រួម និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​២…

រាជធានី​ភ្នំពេញ ​៖ ស្ថាប័នរដ្ឋ ​និង​ឯកជន ​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​-​ចិន បាន​សហការ​រៀបចំ​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍វប្បធម៌​ក្វា​ង​ស៊ី ឆ្នាំ​២០២៤ ដើម្បី​បន្ត​រឹតចំណង​មិត្តភាព ស្វែងរក​ការ​អភិវឌ្ឍ​រួម និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​២ ​ឱ្យ​កាន់តែ​រីក​ចម្រើន ជា​ពិសេស​កិច្ចសហការ​រវាង​កម្ពុជា និង​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី ​។

សន្និសីទ​នេះ ​ប្រារព្ធ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ​ភូ​កេ​ត្រា ក្រោម​វត្តមាន​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក វ៉ាង វិ​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ប្រចាំ​កម្ពុជា លោកស្រី ចិន អ៊ីជុន (Chen Yijun) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​បក្ស និង​ជា​រដ្ឋមន្ត្រី​ឃោសនាការ​ នៃ​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា (CATA) ក៏​មានការ​ចូលរួម​សម្ដែង​សិល្បៈ និង​ចម្រៀង​របស់​ព្រះ​នាង នរោត្តម ជេ​ណា និង​សិល្បករ​-​សិល្បការ​នី​របស់​កម្ពុជា ​និង​ចិន ​ផង​ដែ​រ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ បាន​វាយតម្លៃ​ថា សន្និសីទ​នេះ ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រសួងទេសចរណ៍​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ព្រមទាំង​រដ្ឋបាល​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​កម្ពុជា​-​ចិន ស្រប​តាម​ស្មារតី​មិត្ត​ដែកថែប និង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​ភាព​ស៊ីជម្រៅ និង​ភាព​ជាក់ស្តែង ក៏​ដូច​ជា ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​កម្ពុជា​-​ចិន ហើយ​ក៏​ផ្នែក​មួយ ​នៃ​ការ​អនុវត្ត​ដោយ​សកម្មភាព «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន ​និង​ប្រជាជន​កម្ពុជា​-​ចិន​២០២៤» ផង​ដែរ​ ។

ឯកឧត្តម ​រដ្ឋមន្ត្រី ហួត ហាក់ បាន​ថ្លែង​បន្ដ​ថា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន របស់​ក្រសួងទេសចរណ៍ ដោយ​មាន​កិច្ចសហការ​ល្អជា​មួយ​អន្តរក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ស្ថាន​ឯកអគ្គរាជទូត​/​ស្ថាន​ឯក​រដ្ឋ​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​/​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស ជា​ពិសេស​ការ​ចូលរួម​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក​និង​ក្រៅ បាន​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​គួរ​ជាទី​កត់សម្គាល់​ ។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី​បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​ការ​រៀបចំ​សន្និសីទ​នា​ពេល​នេះ នឹង​មិន​ត្រឹមតែ​ចូលរួម​ដល់​ការ​ពង្រឹង​ចំណងមិត្តភាព ការ​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា​-​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ជំរុញ​ក្នុង​ការ​ផ្សារ​ភ្ជាប់​និង​បង្កើត​ទំនាក់ទំនង​កាន់តែ​ច្រើន​ថែម​ទៀត​រវាង​កម្ពុជា​-​ចិន ដែល​នឹង​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​នូវ សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​-​ចិន ជា​ពិសេស​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​នូវ​ប្រភព​ទីផ្សារ​ចិន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម វ៉ាង វិ​ន​ពី​ន បាន​បន្ដ​ថា តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ហើយ​ក្វា​ង​ស៊ី​ក៏​ជា​ខេត្ត​តែ​មួយ​គត់​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ប្រទេស​អាស៊ាន​ទាំង​ផ្លូវគោក និង​ផ្លូវ​សមុទ្រ​។ ជាង​នេះ​ទៅ​ទៀត តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ក៏​ជា​ច្រកព្រំដែន និង​ជា​បង្អួច​ដ៏​ចម្បង​មួយ​នៃ​ប្រទេស​ចិន​ដែល​បាន​បើកចំហ និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​អាស៊ាន​។ សាល​ខៀវ ដែល​ជា​សាល​ការិយាល័យ​អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ចិន បាន​រៀបចំ​ស​ន្និ​សី​ទ្ធ​ផ្សព្វផ្សាយ​ជាស​កល​មួយ ក្រោម​ប្រធានបទ «​ការ​បើកចំហ​របស់​ប្រទេស​ចិន​៖ ក្វា​ង​ស៊ី​រួម​ដំណើរ​ជាមួយ​ពិភពលោក​» និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​មិត្ត​ទូ​ទាំង​ពិភពលោក​។

ឯកអគ្គរដ្ឋទូត​ចិន​បាន​បន្ដ​ទៀត​ថា ក្វា​ង​ស៊ី​និង​កម្ពុជា​មាន​ទីតាំង​ភូមិសាស្ត្រ​និង​វប្បធម៌​ស្រ​ដៀង​គ្នា ដែល​ញ៉ាំង​ឱ្យ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ទេសចរណ៍​រវាង​ភាគី​ទាំង​២​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ជិត​ស្និទ្ធ​។ សន្និសីទ​ដែល​រៀបចំ​ឡើង​នា​វេលា​នេះ អាច​សរ​បញ្ជាក់​ពី​ការ​ឆ្លើយ​ត្រឡប់​មក​វិញ​នៃ​ភាគី​ចិន ដែល​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញលេញ​នូវ​ការ​អនុវត្ត​ជាក់ ស្តែង និង​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ​។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន បាន​បន្ថែម​ថា ការ​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​នៃ​ការ​ចាប់​ដៃគូ​គ្នា​រវាង​ទីភ្នាក់ងារ​ទេសចរណ៍​ចិន និង​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ស្ដែង​ឱ្យ​ឃើញ​អំពី​ការ​ជំរុញ​កិច្ចសហការ​គ្នា​ជំរុញ​នៃ​ភ្ញៀវ​ទេសចរណ៍​ទាំង​ពីរ​ប្រទេស ដោយ​ឃើញ​ថា ទាំង​បី​ក្រុមហ៊ុន​ពី​ខាង​ប្រទេស​ចិន និង​បី ក្រុមហ៊ុន​នៃ​ប្រទេស​កម្ពុជា ហើយ​ផ្នែក​ឯកជន បាន​ចាប់​ដៃគូ​គ្នា​ឡើង​វិញ​នៅ​ក្នុង​ការ​សហការ​គ្នា​។

ជំទាវ​ឆាយ ស៊ី​វលី​ន បង្ហាញ​ក្ដី​រំពឹង​ទុក​ថា នឹង​មានការ​ផ្សព្វផ្សាយ​កាន់តែ​ល្បី​រន្ទឺ​នៃ​ប្រទេស​ចិន​អំពី​សភាពការណ៍ អំពី​ការ​រីក​ចម្រើន អំពី​ការ​សហការ​គ្នា ជា​ពិសេស​គឺ​ស្ថានភាព​ទូទៅ​នៃ​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ឱ្យ​ទេសចរ​ចិន​បានដឹង បានឮ បាន​ជ្រាប ហើយ​មាន​ទំនុកចិត្ត​ក្នុង​ការ​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ សម្រាប់​ខែ​បន្តបន្ទាប់ ឆ្នាំ​បន្តបន្ទាប់​ផង​ដែរ​ ។

ប្រធាន CATA បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​កើតឡើង​ដោយ​យើង​បាន​ផ្សព្វផ្សាយ​ទៅ​តាម​គ្រប់​សារព័ត៌មាន​សំខាន់​ៗ​ធំ​ៗ​ទាំង​កម្ពុជា ក៏​ដូច​ជា​ទាំង​ប្រទេស​ចិន​ផង​ដែរ ពិសេស​ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ផ្នែក​ឯកជន​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ