ទីក្រុងបេរូត៖ មេដឹកនាំកំពូលរបស់ក្រុមហេសបូឡា លោកណាអ៊ីម កាសេម (Naim Qassem) សន្យាថានឹងខិតខំសហការជាមួយកងទ័ពដើម្បីពង្រឹងបទឈប់បាញ់។ មេដឹកនាំរូបនេះថ្លែងសុន្ទរកថាជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃពុធ។ លោកថ្លែងថាក្រុមហេសបូឡាបានអនុម័តយល់ព្រមទៅលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះ។
យោងតាមលក្ខខណ្ឌនៃបទឈប់បាញ់ ក្រុមហេសបូឡាយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីតំបន់ត្រើយខាងត្បូងទន្លេលីថានី (Litani river) ដែលមានចម្ងាយ៣០គីឡូម៉ែត្រភាគខាងជើងព្រំដែនអ៊ីស្រាអែល។ កងទ័ពរដ្ឋាភិបាលលីបង់នឹងដាក់ពង្រាយនៅទីនោះជាបណ្ដើរៗនៅពេលអ៊ីស្រាអែលចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនចេញពីទីនោះ។
លោកកាសេមថ្លែងថានឹងមានការសហការគ្នាកម្រិតខ្ពស់រវាងចលនាតស៊ូហេសបូឡា និងកងទ័ពរដ្ឋាភិបាលលីបង់ដើម្បីពង្រឹងបទឈប់បាញ់ឱ្យបានពេញលេញ។ កងទ័ពរដ្ឋាភិបាលលីបង់បានបញ្ជូនកម្លាំងថែមទៀតទៅភាគខាងត្បូងរួចហើយ។ ប៉ុន្តែពួកគេកំពុងរៀបចំផែនការដាក់ពង្រាយកងទ័ពឱ្យបានលម្អិត រួមយកទៅពិភាក្សាជាមួយគណៈរដ្ឋមន្ត្រីរបស់លីបង់។
កិច្ចការនេះរាងលំបាកបន្តិចដោយសារទាហានអ៊ីស្រាអែលបន្តឈរជើងនៅលើទឹកដីលីបង់។ យោងតាមបទឈប់បាញ់នេះ អ៊ីស្រាអែលមានពេល៦០ថ្ងៃដើម្បីដកកងទ័ពរបស់ខ្លួនដោយសន្សឹមៗរហូតដល់អស់រលីងពីទីនោះ។ យោធាអ៊ីស្រាអែលបានដាក់កំហិតទៅលើចំនួនជនស៊ីវិលដែលចង់វិលត្រឡប់ទៅស្រុកភូមិរបស់ពួកគេវិញនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល។
ប៉ុន្មានថ្ងៃនេះ ទាហានអ៊ីស្រាអែលផ្ទុះអាវុធដាក់ជនស៊ីវិលដែលវិលត្រឡប់ទៅស្រុកភូមិរបស់ខ្លួនវិញ។ អ៊ីស្រាអែលចាត់ទុកថាការធ្វើបម្លាស់ទីនេះជាការរំលោភបទឈប់បាញ់។ កងទ័ពរដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាចោទប្រកាន់ថាអ៊ីស្រាអែលទៅវិញទេដែលជាអ្នករំលោភបទឈប់បាញ់ព្រោះអ៊ីស្រាអែលជាអ្នកផ្ទុះអាវុធ និងវាយប្រហារតាមអាការទៅលើតំបន់នៅប្របនឹងដងទន្លេលីថានី។
លោកកាសេមថ្លែងថាក្រុមចលនាតស៊ូរបស់ខ្លួន (ហេសបូឡា) បានទទួលជ័យជម្នះដ៏ពិសិដ្ឋបំផុតទៅលើអ៊ីស្រាអែល។ លោកយល់ថាជោគជ័យលើកនេះខ្លាំងជាងបទឈប់បាញ់ឆ្នាំ២០០៦ទៅទៀត។ សម្រាប់អ្នកដែលចង់ភ្នាល់ថាក្រុមហេសបូឡាប្រាកដជាចុះខ្សោយហើយនោះ យើងសូមទោសទៅចុះ ការពិតមិនដូច្នេះទេ។ ការភ្នាក់របស់ពួកគេលើកនេះត្រូវបរាជ័យហើយ៕
ចែករំលែកព័តមាននេះ