សម្រាប់កម្ពុជាមកដល់ពេលនេះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ មានច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់ កំពូលរបស់ប្រទេសជាអ្នកការពារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសង្ឃកំពូលមួយរូបបានព្រមាន អំពីការធ្លាក់ចុះនៃធម៌វិន័យ ។
ដោយសារតែច្បាប់ និងការចាក់ឫសគល់ដ៏យូរអង្វែង នៅក្នុងសង្គមនៅកម្ពុជាសព្វថ្ងៃនេះមានវត្តសរុបប្រមាណជាជាង៥០០០វត្ត ហើយមានព្រះសង្ឃសរុបជាង៧ម៉ឺនអង្គ គឺច្រើនគួរសម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេ អ្វីៗពិតជាមិនអាចស្មានដល់ឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប នៅពេលមានថេរដីកាដោយការព្រួយបារម្ភថា សព្វថ្ងៃនេះព្រះពុទ្ធសាសនាគង់វង្សបាន ព្រោះតែព្រះវិន័យ ហើយកាលណាព្រះវិន័យបាត់បង់ហើយ ព្រះពុទ្ធ សាសនា និងថយចុះជាមិនខាន ។
សម្ដេចព្រះព្រហ្មរតនមុនីបានមានថេរដីកា ថ្មីៗនេះថា សូមមន្ត្រីសង្ឃ និងភិក្ខុសង្ឃទាំងអស់យកព្រះទ័យទុកដាក់លើធម៌ និងព្រះពុទ្ធវិន័យពីព្រោះបើមិនដូច្នេះទេអាចនឹងធ្លាក់ចុះ ។ ព្រះអង្គបានសម្តែងការព្រួយបារម្ភថា ព្រះពុទ្ធសាសនាបានបន្តគង់វង្សមកដល់ពេលបច្ចុប្បន្ននេះទោះឆ្លងសម័យប៉ុល ពត ដែលគេផ្សឹកព្រះសង្ឃបំផ្លាញវត្តអារាម តែព្រះពុទ្ធសាសនាមិនបាត់បង ។ ប៉ុន្តែសូមប្រុងប្រយ័ត្នតែនៅពេលដែលព្រះភិក្ខុសង្ឃចេញតែផ្តេសផ្តាស ពលរដ្ឋនឹងខ្វះសទ្ធា ។ ព្រះអង្គក៏បានមានថេរដីកា បញ្ជាក់ពីការព្រួយបារម្ភថា កាលណាតែពុទ្ធបរិស័ទលែងមានសទ្ធានោះអ្វីៗនឹងអាចគ្រោះថ្នាក់ដល់ពុទ្ធសាសនា ។
នៅក្នុងសង្គមបច្ចុប្បន្ន ព្រះសង្ឃបានបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម ជាអ្នកអប់រំ ជាអ្នកជួយសង្គ្រោះសង្គម ហើយក៏មានព្រះសង្ឃខ្លះធ្វើពេទ្យ ព្រះសង្ឃខ្លះតាំងខ្លួនធ្វើគ្រូហោរា ជាដើម។ល ។
ពាក់ព័ន្ធនឹងចំណុចទាំងនេះ សម្ដេចព្រះព្រហ្មរតនមុនី បានមានថេរដីកាថា មានចំណុចខ្លះព្រះពុទ្ធវិន័យមិនអនុញ្ញាតទេ ។ សូម្បីតែរឿងបិណ្ឌបាតជាដើម បើតាមព្រះពុទ្ធឱវាទព្រះភិក្ខុសង្ឃ ដែលនិមត្តបិណ្ឌបាត មិនមានសិទ្ធិសុំឡើយ ។ កាលណាពុទ្ធបរិស័ទប្រគេនអ្វី គឺត្រូវតែទទួលហ្នឹង អត់មានសិទ្ធិបិណ្ឌបាតនេះនោះ តាមអំពើចិត្តឡើយ ។ លើកលែងតែសាច់ញាតិ ឬមួយក៏ពុទ្ធបរិស័ទគេបវារណា ។
នៅក្នុងឱកាសនោះ សម្ដេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្តទៀតថា ព្រះពុទ្ធសាសនានៅកម្ពុជាគួរតែលុបបំបាត់ផងដែរនោះ អ្វីដែលព្រះអង្គមានថេរដីកាថា ឥរិយាបទភិក្ខុមហាចោរទាំង៥ នៅក្នុងពុទ្ធសាសនា ដែលរួមមានដូចជា ភិក្ខុដែលលាក់គ្រូខ្លួនឯង , យកគរុភ័ណ្ឌទៅផ្គាប់ផ្គន់គ្រហស្ថ ដើម្បីឲ្យគ្រហស្ថគេចូលចិត្តថ្នូរនឹងលាភបានសក្ការៈ ភិក្ខុដែលពោលពាក្យតិះដៀលអ្នកដែលប្រតិបត្តិធម៌វិន័យពិតប្រាកដ ហើយអួតអាង និងភិក្ខុដែលចូលចិត្តបង្កើតកម្មវិធីនេះកម្មវិធីនោះ ដើម្បីលាភសក្ការៈ ។
ដោយឡែក តាមផ្លូវលោក ពោល គឺផ្លូវច្បាប់វិញ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅក្នុងពេលបិទកម្មវិធីអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ ថា រដ្ឋនឹងតែបន្តលើកស្ទួយសាសនាមិនថា សាសនាព្រះពុទ្ធ ឬសាសនាផ្សេងទៀត ដ្បិតប្រទេសកាន់តែទំនើប សាសនាដើរតួនាទីកាន់តែសំខាន់ ។ សូម្បីតែនៅអាមេរិកជាប្រទេសដែលទំនើបជាងគេនៅលើពិភពលោក ក៏រៀងរាល់ថ្ងៃអាទិត្យ ប្រជាជនគេក៏ទៅវត្ត ឬវិហារ ដើម្បីគោរពព្រះជាម្ចាស់របស់គេដែរ ។
សម្ដេចធិបតី បានបន្តថា ទស្សនៈទំនើបនៃភាពជោគជ័យក្នុងសម័យទំនើបនេះក៏ផ្អែកទៅលើធម៌ ទៅលើសាសនា ដែលចងក្រងរាប់ពាន់ឆ្នាំមកហើយ សង្គមមនុស្សមិនប្រែប្រួលប៉ុន្មាននោះទេ ។ សម្ដេចបានគូសបញ្ជាក់ថា ពិតណាស់សម្ភារៈប្រែប្រួល មធ្យោបាយប្រែប្រួល ប៉ុន្តែមូលដ្ឋានគ្រឹះនៃសង្គមមនុស្សក៏ដូចជា សាសនានៅតែរក្សាដដែល ។
ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ដើម្បីឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ យើងគប្បីលើកទឹកចិត្តយកចិត្តទុកដាក់លើកតម្កើងព្រះពុទ្ធសាសនា ឱ្យបានខ្ពង់ខ្ពស់ឡើងថែមមួយកម្រិតទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាយល់កាន់តែស៊ីជម្រៅ និងមើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិព្រះពុទ្ធសាសនា និងផ្ដោតលើការមិនធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង ។
ជាថ្មីម្ដងទៀត សម្ដេចបានបញ្ជាក់ថា ការធ្វើនូវអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធជាគុណតម្លៃសម្រាប់ជួយឱ្យសង្គមមានសមធម៌ សាមគ្គីធម៌ និងសុខដុមរម្យនា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលរដ្ឋសភាបានរៀបចំជារបៀបវារៈ ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ ការអភិវឌ្ឍធនធានមនុស្សមានមុមចំនួន៥ ដែលមុមទី៥ ផ្ដោតទៅលើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម និងមានភាពមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។
សរុបមកវិញ ពុទ្ធសាសនានៅតែសំខាន់សម្រាប់សង្គម និងប្រជាជនកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បុគ្គលគន្លឹះ និងសំខាន់នៅក្នុងការថែរក្សាព្រះពុទ្ធសាសនា ក៏គួរតែពិនិត្យ និងកែតម្រូវបញ្ហានានា ដែលនាំឲ្យសាសនាធ្លាក់ចុះពលរដ្ឋបាត់ជំនឿ ។ ដូច្នេះពង្រឹងវិន័យសង្ឃ គឺមានន័យថា ពង្រឹងព្រះពុទ្ធសាសនា ៕
ចែករំលែកព័តមាននេះ