ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ភូមា​ប្រកាស​ចូល​តុ​ចរ​ចា​ដើម្បី​បញ្ចប់​សង្គ្រាមដ៏​ប.ង្ហូរ​ឈា.ម

15 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ពួក​ឧទ្ទាម​ដ៏​ធំ​​មួយ​​នៅ​ប្រទេស​ភូមា​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ចូល​តុ​ចរ​ចា​​​ដើម្បី​បញ្ចប់​សង្គ្រាម​។ ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​កង​ទ័ព​រំដោះ​ជាតិ​តា​អាង​ (The Ta’ang National Liberation Army) មាន​កង​ទ័ពសរុប​​​៧ពាន់​នាក់។ ពួក​គេ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​នៅ​ភូមា​​អស់​រយៈ​ពេល​ជាង​មួយ​ទស​វត្ស​មក​ហើយ​ដើម្បី​ទាម​ទារ​ស្វ័យ​ភាព​សម្រាប់​រដ្ឋ​សាន​។…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ពួក​ឧទ្ទាម​ដ៏​ធំ​​មួយ​​នៅ​ប្រទេស​ភូមា​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ចូល​តុ​ចរ​ចា​​​ដើម្បី​បញ្ចប់​សង្គ្រាម​។ ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​កង​ទ័ព​រំដោះ​ជាតិ​តា​អាង​ (The Ta’ang National Liberation Army) មាន​កង​ទ័ពសរុប​​​៧ពាន់​នាក់។ ពួក​គេ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​នៅ​ភូមា​​អស់​រយៈ​ពេល​ជាង​មួយ​ទស​វត្ស​មក​ហើយ​ដើម្បី​ទាម​ទារ​ស្វ័យ​ភាព​សម្រាប់​រដ្ឋ​សាន​។

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២៣ ចលនា​នេះ​ និង​ពួក​ឧទ្ទាម​២​ក្រុម​ទៀត​បាន​រួម​កម្លាំង​គ្នា​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​របស់​របប​សឹក​លោក​មីន​អុង​ឡាំង​​។ ពួក​គេ​វាយ​ដណ្ដើម​បាន​ទី​តាំង​មួយ​ផ្នែក​នៅ​រដ្ឋ​សាន​។ នៅ​ក្នុង​នោះ​ក៏​មាន​តំបន់​សម្បូរ​រ៉ែ​ត្បូង​ទទឹម​ និង​ច្រក​ផ្លូវ​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេសចិន​​ផង​ដែរ​។ ក្រោយ​មក​ របប​សឹក​បាន​បាញ់​ប្រហារ​ទៅ​លើ​​ទីតាំង​​ដែល​​​បាត់​បង់​នោះ​ដោយ​កាំ​ភ្លើង​ធំ និង​យន្ត​ហោះ​ចម្បាំង​។ ប៉ុន្តែ​ពួក​គេ​ពុំ​សូវ​វាយ​ប្រហារ​​ដោយ​កង​ទ័ព​ជើង​គោក​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ​។​​

ចលនា​ឧទ្ទាម​តា​អាង​បាន​ប្រកាស​តាម​តេ​ឡេក្រាម​ថា​ខ្លួន​ត្រៀម​ជួប​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នេះ​។ ពួក​គេ​អះ​អា​ង​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ពេល​កន្លង​មក​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​​ប្រជា​ជន​​រង​គ្រោះ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ត្រៀម​ចរ​ចា​គ្នា​នេះ​ ពួក​គេ​ក៏​សូម​រក្សា​សិទ្ធិ​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​ដើម្បី​ការ​ពារ​តំបន់​កាន់​កាប់​របស់​ខ្លួន​។ យើង​ត្រៀម​ជជែក​គ្នា​​ ប៉ុន្តែ​យើង​មិន​បោះ​​បង់​ចោល​តំបន់​ឈរ​ជើង​របស់​យើង​ជា​ដាច់​ខាត​។ នេះ​ជា​អ្វី​ដែល​មេ​បញ្ជា​ការ​​កង​ទ័ព​តាអាង​ ឧត្ដម​សេនីយ៍​ថា​ប៊ុន​ណេ​​ខ្យាវ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។

គួរ​កត់​សម្គាល់​ថា​ការ​ដែល​ពួក​ឧទ្ទាម​តា​អាង​​បោះដៃ​ទៅរក​ការ​ចរ​ចា​​គ្នា​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​របប​សឹក​​លោក​មីន​អុង​ឡាំង​កាល​ពី​ខែ​កញ្ញា​បាន​អំពាវ​នាវ​ឱ្យ​គូ​បដិបក្ខ​ទាំង​អស់​ដែល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំងយ៉ាង​ស៊ី​សាច់​ហុត​ឈាម​​នៅ​ក្នុង​ព្រៃ​​សូម​ងាក​មក​រក​តុ​ចរ​ចា​​​វិញ​។ ក្រុម​អ្នក​វិភាគ​ជឿ​ជាក់​ថា​រដ្ឋា​ភិបាល​ចិន​ទំនង​ជា​បានដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ឧទ្ទាម​តា​អាង​ និង​កង​ទ័ព​សម្ព័ន្ធ​ជាតិ​ប្រជា​ធិបតេយ្យ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ក្រុម​នេះ​ដើម្បី​ផ្អាក​យុទ្ធ​នា​ការ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​របប​សឹក​។​

ប្រទេស​ចិន​មាន​ទំនាក់​ទំនង​ល្អ​​ជា​មួយ​របប​សឹក​នៅ​ណៃ​ពិដោរ និង​ជា​មួយ​ពួក​ឧទ្ទាម​នៅ​រដ្ឋ​សាន​។ ចិន​តែង​តែ​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋ​សាន​ដែល​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​គម្រោង​អភិវឌ្ឍ​ផ្លូវ​ និង​ខ្សែ​ក្រវាត់​​តម្លៃ​រាប់​ទ្រីលាន​ដុល្លារ​។ នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ កង​ទ័ព​តាអាង​សូម​គោរព និង​ទទួល​ស្គាល់​​ថា​រដ្ឋាភិបាល​​ចិន​ពិត​ជា​បាន​​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​​​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​នៅ​តាម​ព្រំ​ដែន និង​​ដើម្បី​បិទ​បញ្ចប់​អរិភាព​នៅ​ក្នុង​​ចំណោម​ភាគី​ជម្លោះ៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ