ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកាស​របស់​សម្តេច​មហាបវរធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថា កម្ពុជា​នឹង​បញ្ចប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​រោងចក្រ​ផលិត​ស្រា​បៀរ​ក្នុង​ប្រទេស គឺជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ខណៈ​ពេល​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន កំពុង​តែ​រិះគន់​លើ​បញ្ហា​នេះ ។…

0:00
0:00

ការ​ប្រកាស​របស់​សម្តេច​មហាបវរធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថា កម្ពុជា​នឹង​បញ្ចប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​រោងចក្រ​ផលិត​ស្រា​បៀរ​ក្នុង​ប្រទេស គឺជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ខណៈ​ពេល​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន កំពុង​តែ​រិះគន់​លើ​បញ្ហា​នេះ ។

សម្ដេច​មហាបវរធិ​បតី នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុនផលិតស្រាបៀរ​សម្រាប់​ការ​ចែកចាយ​នៅ​ក្នុងស្រុក​ទៀត​ហើយ លើកលែងតែ​ផលិត​សម្រាប់​ការ​នាំ​ចេញ ។

សម្តេច​មហាបវរធិ​បតី បាន​ប្រកាស​ជា​ចំហ​ថា មក​ដល់​បច្ចុប្បន្ន​នេះ អាជ្ញាប័ណ្ណ​ផលិត​ស្រា​បៀរ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល​ជូន​៧​ក្រុមហ៊ុន គឺ​គ្រប់គ្រាន់ ។ សម្តេច​បាន​បន្ថែម​ថា ការ​ប្រកាស​បែប​នេះ គឺជា​ការ​តម្រង់​ទិស​របស់​រាជរដ្ឋាភិបាល ជុំវិញ​សំណើ​របស់​វិស័យ​ឯកជន ដោយសារ​តែ​ទីផ្សារ​កម្ពុជា​មិន​តម្រូវ​ឲ្យ​មាន​រោងចក្រ​ស្រា​បៀរ​ផលិត ដើម្បី​បម្រើ​ទីផ្សារ​នៅ​ក្នុងស្រុក​បន្ថែម​ទៀត​ឡើយ ។
ការ​សម្រេចចិត្ត​នេះ ជា​ពេលវេលា​សំខាន់​មួយ ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ហើយ​ក៏​ជា​ការ​ផ្សារ​ភ្ជាប់​នឹង​តថភាព​សង្គម​ជាក់ស្តែង ស្រប​ពេល​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​មាន​រោងចក្រ​ផលិត​ស្រា​បៀរ​ចំនួន​៧​រួច​ហើយ​ដែល​កំពុង​ដំណើរការ ។ ហេតុផល​នៃ​ការ​សម្រេចចិត្ត​នេះ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ចំណែក​ទីផ្សារ​ផល​ប៉ះពាល់​បរិស្ថាន និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា ។

ជា​ការ​ពិត​ឧស្សាហកម្ម​ស្រា​បៀរ វា​ពិតជា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ចំណូល​ពន្ធ ការ​បង្កើត​ការងារ និង​បំពេញ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុងស្រុក ។ នៅ​កម្ពុជា​មាន​ប្រជាជន​ត្រឹមតែ​១៧​លាន​នាក់ នៅ​ក្នុង​នោះ​ពលរដ្ឋ​ដែល​គ្រប់​វ័យ​ហើយ សង្គម​អនុញ្ញាត​ឲ្យ​ទទួលទាន​គ្រឿង​ស្រវឹង គឺ​មាន​មិន​ដល់​១០​លាន​នាក់​នោះ​ទេ ។ ដូច្នេះ​ការ​ប្រកាស​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ផលិត និង​ផ្គត់ផ្គង់​ស្រា​បៀរ​នៅ​ក្នុង​ប្រទេស គឺ​ត្រឹមត្រូវ​ណាស់ ខណៈ​ដែល​ពេល​នេះ​ក្រុមហ៊ុន​ផលិត និង​នាំ​ចូល​មួយ​ចំនួន​កំពុង​តែ​បង្កើន​កម្មវិធី​ឃោសនា​ដែល​នាំ​ឲ្យ​មាន​សារ​ខ្លះ​បង្កើត​ការ​ភាន់ច្រឡំ​នៅ​ក្នុង​សង្គម ហើយ​អាច​បណ្តាល​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជ្រុល​ប៉ះពាល់​ដល់​សុខមាលភាព​ពួក​គេ និង​បង្ក​បញ្ហា​ផ្សេង​ៗ​។

តាម​សេចក្តីរាយការណ៍​នៅ​លើ​ទំព័រ​សារព័ត៌មាន​មួយ​ចំនួន​កន្លង​មក​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ស្រា​បៀរ​ទាំង​៧ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស គឺ​អាច​ផលិត​ស្រា​បៀ​ដល់​ទៅ​ជាង​១​ពាន់​លាន​លី​ត្រ ក្រៅពី​នោះ​នៅ​មាន​ជាង ១១​លាន​លី​ត្រ​ទៀត គឺ​នាំ​ចូល​ដូច្នេះ​បរិមាណ​ស្រា​បៀរ​នៅ​កម្ពុជា គឺ​ពិតជា​ច្រើន​លើសលុប ។

ការ​ចេញ​ការ​ប្រកាស​ជា​ចំហ​បែប​នេះ គឺជា​សារ​មួយ ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីកសាយ​ភាព​ហួស​កម្រិត​នៃ​ផលិតកម្ម​គ្រឿង​ស្រវឹង​ដែល​ជា​ប្រភព​អាច​មាន​ផលវិបាក​សង្គម​អវិជ្ជមាន រួម​ទាំង​អត្រា​ខ្ពស់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​បញ្ហា​សុខភាព​ដែល​ពាក់ព័ន្ធ ។ នៅ​ពេល​នេះ​ប្រទេស​កម្ពុជា កំពុង​តែ​បាន​គេ​មើលឃើញ​នូវ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​លើ​សុខភាព​សាធារណៈ និង​ផលិតភាព​របស់​ប្រជាជន ។ តាម​រយៈ​ការ​កំណត់​ការ​ពង្រីក​ឧស្សាហកម្ម​នេះ រដ្ឋាភិបាល​បាន​ផ្ញើ​សារ​អំពី​ការ​ផ្តល់​អាទិភាព​ដល់​សុខុមាលភាព​សាធារណៈ​លើ​កំណើន​ឧស្សាហកម្ម​ដែល​មិន​មានការ​រឹត​បន្តឹង ។

ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ គឺ​វា​ច្រើន​ហួស​ពី​តម្រូវការ​ដែល​នាំ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ផលិតកម្ម​ទាំងនេះ​បាន​នាំ​គ្នា​បង្កើន​កម្មវិធី​ទាក់ទាញ​ដោយ​រួម​ទាំង​ផឹក​បាន​រង្វាន់ ផឹក​បាន​លុយ​ប្រចាំខែ ហើយ​មិនតែប៉ុណ្ណោះ​តម្លៃ​របស់​វា​ក៏​កាន់តែ​ថោក ។ របាយការណ៍​នៃ​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស គឺ​រីក​រាលដាល​ដោយ​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​រវាង​ទីក្រុង និង​ជនបទ ។ អ្វី​ដែល​គេ​បាន​រក​ឃើញ គឺថា​បុរស​បុរស​រហូត​ដល់​៧០​ភាគរយ និង​ស្ត្រី​១៦​ភាគរយ គឺ​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ។

បើ​យោង​តាម​លទ្ធផល​នៃ​ការ​អង្កេត​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៩ នៅ​ក្នុង​មួយ​ឆ្នាំ​ពលរដ្ឋ​កម្ពុជា​ម្នាក់​ទទួលទាន​គ្រឿង​ស្រវឹង​តែ​ប្រហែលជា​១៦​លី​ត្រ​ទេ ប៉ុន្តែ​តាម​ការ​អង្កេត​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ Kirin Holding នៅ​ឆ្នាំ​២០២២ បរិមាណ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​របស់​ពលរដ្ឋ​កម្ពុជា គឺ​ឡើង​ដល់​ជាង​៧០​លី​ត្រ​នៅ​ក្នុង​មួយ​ឆ្នាំ ។

សរុប​ទៅ​ការ​សម្រេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បញ្ឈប់​អាជ្ញាប័ណ្ណ​រោងចក្រ​ផលិត​ស្រា​បៀរ​ថ្មី​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​យុទ្ធសាស្ត្រ ដើម្បី​រក្សា​តុល្យភាព​នៃ​កំណើនសេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម ។ ការ​សម្រេចចិត្ត​នេះ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​គិតគូរ​វាង​តម្រូវការ និង ផល​ប៉ះពាល់​ដល់​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ