ទីក្រុងកៀវ៖ មេបញ្ជាការកំពូលម្នាក់របស់កងទ័ពរុស្ស៊ី រួមជាមួយទាហានកូរ៉េខាងជើង៥០០នាក់បានស្លាប់ដោយសារគ្រាប់មីស៊ីលស្តំសេដូ(Storm Shadow) របស់អង់គ្លេសដែលអ៊ុយក្រែនប្រើប្រាស់វាយប្រហារចូលទឹកដីរុស្ស៊ីកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ក្រៅពីឧត្ដមសេនីយ៍ឯកវ៉ាល់ឡឺរី សូឡូឈុក (Valery Solodchuk) ដែលស្លាប់នោះ មានពាក្យចចាមអារ៉ាមថាមន្ត្រីយោធារុស្ស៊ី១៨នាក់បានបាត់ខ្លួន។ មីស៊ីលដែលអ៊ុយក្រែនបាញ់ទៅនោះក៏បណ្ដាលឱ្យរបួសមន្ត្រីយោធា១៨នាក់ផ្សេងទៀតផងដែរ។
របាយការណ៍កាលពីមុននេះផ្សាយថាឧត្ដមសេនីយ៍កូរ៉េខាងជើងម្នាក់ក៏រងរបួសផងដែរ។ នេះជាលើកទី១ដែលអ៊ុយក្រែនបាញ់មីស៊ីលស្តំសេដូចូលឆ្ងាយទៅក្នុងទឹកដីរុស្ស៊ី។ គេយល់ច្បាស់ណាស់ថាគ្រាប់មីស៊ីលទាំងនោះបានវាយប្រហារចំបញ្ជាការដ្ឋានយោធា និងអគារយោធា។ តាមមើលទៅ ទំហំនៃការខូចខាតរបស់រុស្ស៊ីនៅពេលនោះពិតជាមិនតូចតាចនោះទេ។
រុស្ស៊ីពុំដែលប្រកាសពីទំហំនៃការខូចខាតដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅពេលនោះទេ។ មីស៊ីលស្តំសេដូដែលបាញ់កាលនោះគឺបាញ់តម្រង់ទៅរកទីតាំងក្រោមដីនៅតំបន់ខឺស។ វីឌីអូឃ្លីបដែលគេទើបតែទទួលបានថ្មីៗនេះបង្ហាញថាអ៊ុយក្រែនបានប្រើប្រាស់គ្រាប់មីស៊ីលស្តំសេដូពិតប្រាកដមែនដើម្បីបាញ់ប្រហារទៅរកគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
ការដែលលោកពូទីនផ្ទុះកំហឹងខ្លាំងដល់ថ្នាក់បញ្ជាឱ្យបាញ់មីស៊ីលលឿនជាងសំឡេងម៉ាកអូរេស្នីក (Oreshnik) ចូលទីក្រុងឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន១ថ្ងៃបន្ទាប់មកទៀតនោះក៏ដោយសារស្លាប់មនុស្សច្រើនបែបនេះឯង។ លោកអះអាងថានេះជាមីស៊ីលដ៏ទំនើបបំផុតរបស់រុស្ស៊ីដែលអាចគេចផុតពីការតាមប្រមាញ់នៃប្រព័ន្ធការពារដែនអាកាសរបស់បស្ចិមប្រទេស។
មន្ត្រីយោធារុស្ស៊ីជាច្រើននាក់ដែលបានស្លាប់ក្រោមស្នាដៃរបស់អ៊ុយក្រែនកាលនោះត្រូវគេបញ្ជូនមកពីតំបន់ខាងត្បូង និងខាងកើត។ សព្វថ្ងៃនេះ ទាហានកូរ៉េខាងជើងជាង១ម៉ឺននាក់ស្ថិតនៅតំបន់ខឺសដើម្បីវាយរុញច្រានកងទ័ពអ៊ុយក្រែនឱ្យចេញផុតទីនោះមុនពេលលោកត្រាំស្បថចូលកាន់តំណែង។ កងទ័ពខ្លះចេញប្រយុទ្ធជាបណ្ដើរៗ និងខ្លះទៀតកំពុងហ្វឹកហាត់។
គ្រាប់មីស៊ីលស្តំសេដូរបស់អង់គ្លេសមានលក្ខណៈពិសេសនៅត្រង់ថាវាអាចគេចផុតពីប្រព័ន្ធរ៉ាដា និងមានប្រសិទ្ធភាពបំផុតនៅពេលបាញ់ប្រហារចូលទឹកដីរបស់សត្រូវនៅពេលយប់ជ្រៅ។ មីស៊ីលនេះក្នុង១គ្រាប់ៗមានតម្លៃ៨សែនផោន ឬស្មើនឹង១លានដុល្លារ។ វាបំពាក់ប្រព័ន្ធជីភីអេស (GPS) សម្រាប់កំណត់ទីតាំងយ៉ាងជាក់លាក់ទីបំផុត និងសម្រាប់នាំផ្លូវគ្រាប់មីស៊ីល។
មីស៊ីលនេះនៅពេលបាញ់ចេញពីជើងទម្រ វាហោះទាបៗនៅលើដីដើម្បីងាយស្រួលគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ ប៉ុន្តែនៅពេលហោះទៅដល់គោលដៅចុងក្រោយដែលត្រូវវាយប្រហារ វានឹងហោះខ្ពស់ទៅលើអាកាសជាមុនសិន។ បន្ទាប់មក វានឹងទម្លាក់ខ្លួនចុះមកក្រោមមួយទំហឹង រួចហើយវាយទម្លុះជញ្ជាំងការពារទីតាំងវាយប្រហាររហូតដល់គោលដៅចុងក្រោយទើបវាចុចបំផ្ទុះក្បាលគ្រាប់។ អីចឹងហើយបានជាទីជម្រកក្រោមដីជ្រៅយ៉ាងណាក៏ដោយ ក៏វាអាចវាយកម្ទេចបានទាំងអស់៕
ចែករំលែកព័តមាននេះ