ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីចាប់ផ្ដើមមានសារនយោបាយបែបចាក់ដោតថ្មីទៀតហើយនៅក្នុងបញ្ហានៃទ្វីបអាស៊ី។ រុស្ស៊ីចោទប្រកាន់ថាអាមេរិកកំពុងប្រើប្រាស់តៃវ៉ាន់ជាកូនអុកក្រឡុកស្ថានការណ៍នៅទ្វីបអាស៊ី។ ខាងលើនេះជាការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកអានដ្រេ រូដឹនកូ (Andrei Rudenko) ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានតាស់ (Tass)។ អ្នកការទូតរូបនេះសង្កត់ធ្ងន់ថារដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងឈរនៅខាងទីក្រុងប៉េកាំងជានិច្ចនៅក្នុងបញ្ហាតៃវ៉ាន់។
យោងតាមលោករូដឹនកូ (Rudenko) ទីក្រុងវ៉ាស៊ីនតោនល្មើសនឹងគោលការណ៍ចិនតែមួយដែលអាមេរិកខ្លួនឯងបានប្រកាសទទួលស្គាល់តាំងពីយូរមកហើយ ហើយអាមេរិកកំពុងពង្រឹងទំនាក់ទំនងយោធា និងនយោបាយជាមួយតៃវ៉ាន់ក្រោមពាក្យស្លោកថា«មិនចង់ឱ្យសភាពការណ៍ក្រឡាប់ចាក់នៅច្រកសមុទ្រតៃវ៉ាន់»។ ទន្ទឹមនឹងនោះអាមេរិកបន្តលក់អាវុធទៅឱ្យតៃវ៉ាន់។
លោកយល់ថាគោលដៅធំរបស់អាមេរិកដែលចូលចិត្តជ្រៀតជ្រែកកកូរកកាយបញ្ហានៅក្នុងតំបន់គឺដើម្បីញោះប្រទេសចិន និងដើម្បីបង្កបញ្ហារញ៉េរញ៉ៃនៅទ្វីបអាស៊ីនៅក្នុងអ្វីដែលលោកពិពណ៌នាថាដើម្បីបម្រើមហិច្ឆតាផ្ទាល់ខ្លួន។ ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាននោះមិនបានបញ្ជាក់ឱ្យច្បាស់ថាតើទំនាក់ទំនងយោធា និងនយោបាយនោះមានន័យយ៉ាងណាទេ។
ជានិច្ចកាល ប្រទេសចិនប្រជាមានិតចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន។ ដូច្នេះ ចិនអាចវាយយកមកវិញថ្មើរណាក៏បានដែរ។ ជាពិសេស បើតៃវ៉ាន់សម្ងំស្ងៀមៗ កុំធ្វើខ្លាំងដៃពេក ឬឡើងចាងពេកមិនសូវអីប៉ុន្មានទេ។ បើនៅសុខៗតៃវ៉ាន់ប្រកាសឯករាជ្យប្រហែលជាចិនត្រូវតែបង្ខំចិត្តវាយប្រហារភ្លាម១រំពេច។ ប៉ុន្តែតៃវ៉ាន់មិនគិតដូច្នេះទេ។ តៃវ៉ាន់យល់ថាខ្លួនជាដែនដីឯករាជ្យ។
រាល់ថ្ងៃនេះ មានតែប្រទេសអាមេរិក១ទេដែលជាទីពឹង ទីពំនាក់របស់តៃវ៉ាន់ ខណៈដែលប្រទេសដែលធ្លាប់ដាក់ទូតជាមួយតៃវ៉ាន់ជាង៣០ប្រទេសឥឡូវនេះងាកទៅដាក់ទូតជាមួយចិនជាបន្តបន្ទាប់ដោយសារចិនមានទឹកលុយច្រើនដែលអាចផ្ដល់ផលប្រយោជន៍ឱ្យប្រទេសទាំងនោះច្រើនជាងតៃវ៉ាន់។ ចិនកំពុងប្រើប្រាស់យុទ្ធសាស្ត្រដាក់ឱ្យនៅឯកោចំពោះតៃវ៉ាន់។
ម៉្លោះហើយ អាមេរិកក្លាយជាអ្នកជំហរ ជួយទំនុកបម្រុងខ្លាំងជាងគេចំពោះតៃវ៉ាន់នៅក្នុងវិស័យនយោបាយការបរទេស និងការលក់អាវុធទៅឱ្យតៃវ៉ាន់នៅក្នុងអ្វីដែលអាមេរិកអះអាងថាដើម្បីឱ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួននៅក្នុងករណីដែលកោះនេះទទួលរងការវាយប្រហារ។ អាមេរិកធ្លាប់បញ្ជាក់ថាខ្លួនធ្វើនេះមិនមែនដើម្បីឱ្យតៃវ៉ាន់ផ្ដាច់ខ្លួនពីចិនទេ។ អាមេរិកនៅតែគាំទ្រនយោបាយចិនតែមួយដដែល។ គ្រាន់តែថាអាមេរិកចង់ឃើញចិនបង្រួបបង្រួមទឹកដីដោយសន្តិវិធីតែប៉ុណ្ណោះ។
ទោះបីអ្នកវិភាគខ្លះយល់ថាទំនាក់ទំនងចិន-រុស្ស៊ីជាទំនាក់ទំនងដែលគ្មានស្ថិរភាព និងគ្មានទំនុកចិត្តយ៉ាងណាក្ដី ក៏ប៉ុន្តែនៅក្នុងសករាជរបស់លោកស៊ីជីនពីង និងលោកពូទីន ប្រទេសទាំង២ហាក់ដូចជាខិតជិតគ្នាកាន់តែខ្លាំង។ ប្រទេសទាំង២អាចនឹងរក្សាទុកបញ្ហាកំប៉ិកកំប៉ុកមួយឡែកសិនដើម្បីទប់ទល់នឹងសត្រូវធំរបស់ពួកគេគឺប្រទេសអាមេរិក និងលោកខាងលិច។
មុនពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថ្នាក់ដឹកនាំទាំង២ជួបគ្នា និងប្រកាសភាពជាដៃគូឥតដែនកំណត់។ ក្រោយមក នៅខែឧសភា ឆ្នាំ២០២៤ លោកពូទីន និងលោកស៊ីជីនពីងសន្យាបើកទំព័រសករាជថ្មីនៃទំនាក់ទំនងដើម្បីទប់ទល់នឹងប្រទេសអាមេរិកដែលប្រទេសទាំង២ចោទប្រកាន់ថាជាមេអនុត្តរភាពនិយម ដើរក្រឡុកស្ថានការណ៍ពេញពិភពលោក៕
ចែករំលែកព័តមាននេះ