ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវលម្អិតជុំវិញករណីប្រល័.យជីវិ.តប្រពន្ធ និងកូនៗ រួចផ្តា.ច់ជីវិ.តខ្លួនឯងតាមក្រោយ

2 អាទិត្យ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៣​ វិច្ឆិកា ឆ្នាំ​២០២៤ ​តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ឯម ធារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១…

0:00
0:00

​ខេត្តកណ្តាល ៖ នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៣​ វិច្ឆិកា ឆ្នាំ​២០២៤ ​តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ឯម ធារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ បាន​​ឱ្យដឹង​ថា មានករណី មនុស្សដេកស្លាប់​ចំនួន០៣នាក់ និងស្លាប់ដោយច.ងក១នាក់។

​ក្រោយ​បាន​ទទួលបញ្ជា ពីលោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានចុះទៅកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងជំនាញនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងអង្គភាពការពារកុមារ (CPU) ។

ជនរងគ្រោះចំនួន៣នាក់​ រួមមាន១-ឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ៣៦ឆ្នាំ ​ជា​គ្រូបង្រៀន ​និងត្រូវជា​ប្រពន្ធជនសង្ស័យ ២-ឈ្មោះ វុធន ស៊ីជន ភេទប្រុស អាយុ១០ឆ្នាំ ​ជា​សិស្ស និងត្រូវ​កូនជនសង្ស័យ និង៣-ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ០៨ឆ្នាំ ជា​សិស្ស ត្រូវជា​កូនជនសង្ស័យ ។ ចំណែកជនសង្ស័យត្រូវជាប្ដី និងត្រូវជាឪពុកកុមារារងគ្រោះឈ្មោះ វុធន សុខចាន់ អាយុ៣៤ឆ្នាំ ​ជា​គ្រូបង្រៀន ​និង​ជា​នាយកសាលាបឋមសិក្សាសិរីជ័យមង្គល បានធ្វើអត្តឃា.តដោយច.ងក ។​

តាមការបំភ្លឺពីឈ្មោះ អោម ទូច ត្រូវ​ជា​ឪពុក​ និងជាជីតា​របស់ជនរងគ្រោះ ​និង​ឈ្មោះ ឈឹម យិន ត្រូវជាម្តាយ និងជីដូនរបស់ជនរងគ្រោះ​ បានឱ្យដឹងថា កាលពីឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន ៣០.០០០ដុល្លារ​ (បីម៉ឺនដុល្លារអាមេរិក) ដើម្បីយកមកសាងសង់ផ្ទះ ដោយដាក់ប្លង់ដីផ្ទះ និងមានមុខរបរគ្រូបង្រៀនជាសំអាង។

តាមប្រភពដដែលបានបន្តថា ក្រោយពីធ្វើផ្ទះរួច ជនរងគ្រោះជាប្រពន្ធ និងជនសង្ស័យជាប្ដីចាប់ផ្ដើមចេះលេងល្បែងស៊ីសង ដោយជនសង្ស័យជាប្ដីលេងល្បែងជល់មាន់ ឡូតូតាមអនឡាញ (ដោយបង្កើត account ក្នុងទូរសព្ទដៃរបស់ខ្លួន) និងចាក់កន្ទុយលេខឆ្នោតវៀតណាមជាមួយមេឆ្នោតតាមរយៈទូរសព្ទ ចំណែកជនរងគ្រោះជាប្រពន្ធក៏លេងល្បែងឆ្នោតវៀតណាមដូចគ្នាដោយចាក់តាមរយៈទូរសព្ទដៃ។ តាំងពីពេលនោះមកជនរងគ្រោះ និងជនសង្ស័យជាប្ដីចាប់ផ្ដើមខ្ចីចងការប្រាក់ឯកជនពីអ្នករកស៊ីចងការប្រាក់តាមភូមិជាច្រើននាក់។

តាមប្រភពដដែលបានបន្តថា លុះ​ដល់ឆ្នាំ២០២២ ជនរងគ្រោះ និងជនសង្ស័យជាប្ដីបានមកសុំខ្ចីប្លង់ដីពីម្ដាយដើម្បីដាក់យកលុយពីមីក្រូហិរញ្ញវត្ថុបន្ថែមទៀត ក្នុងពេលនោះម្ដាយក្មេកឈ្មោះ ឈិម យន បានអង្វរជនសង្ស័យរឈ្មោះ វុធន សុខចាន់ ដែល​ជាកូនប្រសារឱ្យឈប់លេងល្បែងបន្តទៀត តែជនសង្ស័យមិនស្ដាប់ ដោយគាត់ជាម្ដាយឧស្សាហ៍ឃើញបុគ្គលិកមីក្រូហិរញវត្ថុមកទារប្រាក់រហូត។

តាមប្រភពដដែលបានបន្តថា លុះនៅថ្ងៃទី២២ វិច្ឆិកា ២០២៤ វេលាម៉ោង១២​ថ្ងៃត្រង់ បុគ្គលិក​មីក្រូហិរញវត្ថុបានមកទារប្រាក់ពីជនរងគ្រោះ និងជនសង្ស័យជាប្ដី ដោយអ្នកទាំងពីរបង់ប្រាក់យឺតយ៉ាវ ហើយបានឃើញនិយាយគ្នាប្រហែលកន្លះម៉ោងក៏ឃើញបុគ្គលិកមីក្រូហិរញ្ញវត្ថុត្រឡប់ទៅវិញ។ ដល់វេលាម៉ោង៦យប់ ជនរងគ្រោះនិងជនសង្ស័យជាប្ដីបានជិះម៉ូតូឌុបគ្នាទៅរកខ្ចីប្រាក់ពីអ្នកចងការប្រាក់តែរកមិនបាន ដល់វេលាម៉ោង​៨យប់ ជនរងគ្រោះទាំង០៣នាក់ និងជនសង្ស័យជាប្ដី ក្រោយពីហូបបាយរួចក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះដោយដាក់គន្លឹះទ្វារធម្មតាដូចរាល់ថ្ងៃ។

តាមប្រភពដដែលបានប​ន្តថា រហូតដល់ថ្ងៃទី២៣ វិច្ឆិកា ២០២៤ វេលាម៉ោង៦និង​៤០នាទីព្រឹក ម្ដាយជនរងគ្រោះបានឃើញទ្វារផ្ទះរបស់ជនរងគ្រោះបិទ មិនឃើញគ្រួសារជនរងគ្រោះចុះពីលើផ្ទះ គាត់ក៏ឡើងទៅគោះទ្វារស្រែកហៅ តែមិនមានលឺអ្នកណាឆ្លើយ ដោយមានការសង្ស័យគាត់ ក៏ទូរសព្ទហៅកូនៗ និងចៅឱ្យមកជួយមើល ពេលមកដល់គាត់ក៏បាននាំគ្នាកាត់សោបន្ទប់ក្រោមផ្ទះឃើញម៉ូតូ និងកង់របស់ជនរងគ្រោះនៅធម្មតា រួចក៏បន្តរទៅយកជណ្ដើរដែកឡើងទៅគាស់បង្អួច និងអារចម្រឹងបង្អួចដើម្បីចូលទៅក្នុងផ្ទះ ក៏ឃើញកូនស្រីនិងចៅៗដេកស្លាប់លើគ្រែពូក និងកូនប្រសារ (ជនសង្ស័យ) ចងកស្លាប់នៅធ្នឹមដំបូលផ្ទះក្នុងបន្ទប់ ឃើញដូច្នេះពួកគាត់ក៏បានផ្អើលឆោឡោដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចប៉ុស្ដិ៍តែម្ដង។

​តាមការពិនិត្យកន្លែងកើតហេតុ ស្ថានភាពកន្លែងកើតហេតុ ជាផ្ទះរបស់ជនរងគ្រោះ ជាផ្ទះខ្ពស់ ប្រក់ក្បឿង ជញ្ជាំងក្តារ ក្រាលក្តារ មានបន្ទប់នៅខាងក្រោមមួយ និងជាន់ខាងលើ មានបន្ទប់មួយ កើតហេតុនៅក្នុងបន្ទប់ខាងលើ ឃើញមានទ្វារចំហ មានគ្រែមានពូក ០១ និងបានឃើញមានសាកសព ចំនួន០៤នាក់ មានក្មេង០២នាក់ មានម្តាយ ដេកស្លាប់នៅលើពូក និងមានសាកសពប្តី ចងក នៅជិតមាត់ទ្វារ ចំណងចងដោយខ្សែគោ ចងជាប់និងធ្នឹម មានកម្ពស់០៣ម៉ែត្រ មានកៅអីជ័រក្រហមនៅជាប់ជើងសព។

តាមការពិនិត្យសាកសព បានរកឃើញថា ទី១-ឈ្មោះ ទូច ស្រីហាច មានសភាពរឹង ផ្ទៃមុខស្លេកស្លាំង មានស្លាកស្នាមទ្រុឌជាំនៅជុំវិញផ្នែក ក មានស្រុងឈាមផ្នែកដងខ្លួន និងជើង ទី២-ឈ្មោះ វុធន ស៊ីជន មានសភាពស្លេកស្លាំង ផ្នែក ក មានស្លាកស្នាមទ្រុឌជាំនៅជុំវិញ ក និងមានស្រុងឈាមផ្នែកខ្នង ៣-ឈ្មោះ វុធន ស៊ីប៊ែល មានសភាពរឹង មានស្លាកស្នាមជាំទ្រុឌ ជុំវិញក និងមានស្រុងឈាមដងខ្លួន និង៤-ឈ្មោះ វុធន សុខចាន់ ស្លាកស្នាមជាំទ្រុឌជុំវិញក រាងអក្សរ (U) មានស្រុងឈាម និងពណ៌ស្វាយចុងម្រាមដៃម្រាមជើង។

យោងតាមការពិនិត្យកន្លែងកើតហេតុ និង​យោងតាមការពិនិត្យ របស់អ្នកជំនាញអង្គភាព ការពារកុមា CPU អាចវាយតម្លៃបានថា ១-ជនរងគ្រោះឈ្មោះ ទូច ស្រីហាច, ឈ្មោះ វុធន ស៊ីជន និងឈ្មោះ វុធន ស៊ីប៊ែល ស្លាប់ដោយរឹតក (ឃា.តកម្ម) និង២-ជនសង្ស័យឈ្មោះ វុធន សុខចាន់ ស្លាប់ដោយចងក (អត្តឃាត) ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្មរឹតកសម្លាប់ប្រពន្ធ និងកូន រួចចងកធ្វើអត្តឃាត។

ក្រោយពិនិត្យរួច សពទាំង៤នាក់ ត្រូវបានសមត្ថកិច្ច​ប្រគល់ឱ្យឈ្មោះ អោម ទូច និងឈ្មោះ ឈឹម យិន ត្រូវជាឪពុកម្តាយជីដូនជីតាបង្កើតសព និងជាឪពុកក្មេកសពជនសង្ស័យ យកទៅធ្វើបុណ្យតាមប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ