ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បា.ញ់​មីស៊ីល​​ស.ម្លាប់​ផ្កាយ​បី​រុស្ស៊ី​ និង​មេ​ទ័ព​កូរ៉េ​ខាង​ជើង​ម្នាក់

2 អាទិត្យ មុន

ទី​ក្រុង​កៀវ៖ មេ​បញ្ជា​ការ​កំពូល​ម្នាក់​របស់​កង​ទ័ព​រុស្ស៊ី រួម​ជា​មួយ​ទាហាន​កូរ៉េ​ខាង​ជើង​៥០០​នាក់​បាន​ស្លាប់​​ដោយ​សារ​គ្រាប់​មីស៊ីល​​​ស្តំ​សេដូ(Storm Shadow) ​របស់​អង់គ្លេស​ដែល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិ​កា​។ ក្រៅ​ពី​​ឧត្ដម​សេនីយ៍​ឯក​វ៉ាល់​ឡឺរី សូឡូ​ឈុក (Valery Solodchuk)…

ទី​ក្រុង​កៀវ៖ មេ​បញ្ជា​ការ​កំពូល​ម្នាក់​របស់​កង​ទ័ព​រុស្ស៊ី រួម​ជា​មួយ​ទាហាន​កូរ៉េ​ខាង​ជើង​៥០០​នាក់​បាន​ស្លាប់​​ដោយ​សារ​គ្រាប់​មីស៊ីល​​​ស្តំ​សេដូ(Storm Shadow) ​របស់​អង់គ្លេស​ដែល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិ​កា​។ ក្រៅ​ពី​​ឧត្ដម​សេនីយ៍​ឯក​វ៉ាល់​ឡឺរី សូឡូ​ឈុក (Valery Solodchuk) ដែល​ស្លាប់​នោះ មាន​ពាក្យ​ចចាម​អារ៉ាម​ថា​មន្ត្រីយោធា​​រុ​ស្ស៊ី​១៨​នាក់​​បាន​បាត់​ខ្លួន​​។ ​មីស៊ីល​ដែល​អ៊ុយ​ក្រែន​បាញ់​ទៅ​នោះ​ក៏​បណ្ដាល​ឱ្យ​របួស​មន្ត្រី​យោធា​១៨​នាក់​ផ្សេង​ទៀត​ផង​ដែរ​។​

របាយ​ការណ៍​កាល​ពី​មុន​នេះ​ផ្សាយ​ថា​ឧត្ដម​សេនីយ៍​កូរ៉េ​ខាង​ជើង​ម្នាក់​ក៏​រង​របួស​ផង​ដែរ​​​។ នេះ​ជា​លើក​ទី​១​ដែល​អ៊ុយ​ក្រែន​បាញ់​​​មីស៊ីល​​ស្តំ​សេដូ​ចូល​ឆ្ងាយ​​ទៅ​​ក្នុង​ទឹក​ដី​​​រុស្ស៊ី​។ គេ​យល់​ច្បាស់​ណាស់​ថា​គ្រាប់​មីស៊ីល​ទាំង​នោះ​បាន​វាយ​ប្រហារ​ចំ​បញ្ជា​ការដ្ឋាន​យោធា​​ និងអគារ​​យោធា​​។ តាម​មើល​ទៅ​ ទំហំ​នៃ​ការ​ខូច​ខាត​របស់​រុស្ស៊ី​នៅ​ពេល​នោះ​ពិត​ជា​មិន​តូច​តាច​នោះ​ទេ​។

​រុស្ស៊ី​ពុំ​ដែល​ប្រកាស​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​នៅ​ពេល​នោះ​ទេ​។​ ​មីស៊ីល​ស្តំ​សេដូ​ដែល​​បាញ់​កាល​នោះ​គឺ​បាញ់​តម្រង់​ទៅ​រក​ទីតាំង​ក្រោម​ដី​នៅ​តំបន់​ខឺស​។ វីឌីអូ​ឃ្លីប​ដែល​គេ​ទើប​តែ​ទទួល​បាន​ថ្មី​ៗ​នេះ​​​បង្ហាញ​ថា​អ៊ុយ​ក្រែន​​បាន​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​ស្តំ​សេដូ​ពិតប្រាកដ​​មែន​ដើម្បី​បាញ់​ប្រហារ​ទៅ​រក​គោល​ដៅ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។

​ការ​ដែល​លោក​ពូទីន​ផ្ទុះ​កំហឹង​​ខ្លាំង​ដល់​ថ្នាក់​បញ្ជា​ឱ្យ​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​​ម៉ាក​អូរេស្នីក​ (Oreshnik) ចូល​​ទី​ក្រុង​ឌី​នី​ប្រូ (Dnipro) របស់​អ៊ុយ​ក្រែន​១​ថ្ងៃ​បន្ទាប់​មក​ទៀត​នោះ​ក៏​​ដោយ​សារ​ស្លាប់​មនុស្ស​ច្រើន​បែប​នេះ​​ឯង​​។ លោក​អះ​អាង​ថា​នេះ​ជា​មីស៊ីល​ដ៏​ទំនើប​បំផុត​របស់​រុស្ស៊ី​ដែល​អាច​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​នៃ​ប្រព័ន្ធការ​ពារ​ដែន​អាកាស​របស់​​​បស្ចិម​ប្រទេស​។​

មន្ត្រី​យោធា​រុស្ស៊ី​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់​ក្រោម​ស្នា​ដៃ​របស់​អ៊ុយ​ក្រែន​​កាល​នោះ​​ត្រូវ​គេ​​បញ្ជូន​មក​ពី​​តំបន់​​​ខាង​ត្បូង និង​ខាង​កើត​។ សព្វ​ថ្ងៃ​នេះ ទាហាន​កូរ៉េ​ខាង​ជើង​ជាង១​​ម៉ឺន​នាក់​​ស្ថិត​នៅ​តំបន់​ខឺស​ដើម្បីវាយ​រុញ​ច្រាន​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ចេញ​ផុត​ទី​នោះ​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។ កង​ទ័ព​​​ខ្លះ​ចេញ​ប្រយុទ្ធ​​ជា​បណ្ដើរ​ៗ​ និង​ខ្លះ​ទៀត​កំពុង​ហ្វឹក​ហាត់​​​។

គ្រាប់​មីស៊ីល​ស្តំ​សេដូ​របស់​អង់គ្លេស​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​ថា​វា​​អាច​គេច​ផុត​ពី​ប្រព័ន្ធ​​រ៉ាដា​​ និង​​មាន​ប្រ​សិទ្ធ​ភាព​បំផុត​នៅ​ពេល​បាញ់​ប្រហារ​ចូល​ទឹក​ដី​របស់​សត្រូ​វនៅ​ពេល​យប់​ជ្រៅ​។ ​មីស៊ីល​នេះ​ក្នុង​១​​គ្រាប់​ៗ​មាន​តម្លៃ​៨​សែន​ផោន​ ឬ​ស្មើ​នឹង​​១​លាន​ដុល្លារ​។ វា​បំពាក់​ប្រព័ន្ធ​ជី​ភី​អេស​ (GPS)​ សម្រាប់​កំណត់​ទី​តាំង​យ៉ាង​ជាក់​លាក់​ទី​បំផុត​ និង​សម្រាប់​នាំ​ផ្លូវ​គ្រាប់​មីស៊ីល​​​។

មីស៊ីល​នេះ​នៅ​ពេល​បាញ់​ចេញ​ពី​ជើង​ទម្រ វា​ហោះ​​ទាប​ៗ​នៅ​លើ​ដី​​ដើម្បី​ងាយ​ស្រួល​​គេច​ផុត​ពី​ប្រព័ន្ធ​រ៉ាដា​របស់​សត្រូវ​។ ប៉ុន្តែ​នៅ​ពេល​​ហោះ​​ទៅ​​ដល់​គោល​ដៅ​ចុង​ក្រោយ​​ដែល​ត្រូវ​វាយ​ប្រហារ​ វា​នឹង​ហោះ​​ខ្ពស់​ទៅ​លើ​អាកាស​ជា​មុន​សិន​។ បន្ទាប់​មក​ វា​នឹង​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម​មួយ​ទំហឹង​ រួច​ហើយ​​វាយ​​ទម្លុះ​ជញ្ជាំង​ការ​ពារ​ទី​តាំង​វាយ​ប្រហារ​​រហូត​ដល់​គោល​ដៅ​ចុង​ក្រោយ​ទើប​វា​ចុច​បំផ្ទុះ​​ក្បាល​គ្រាប់​​។ អីចឹង​ហើយ​បាន​ជា​ទី​ជម្រក​​​ក្រោម​ដី​ជ្រៅ​យ៉ាង​ណា​ក៏​ដោយ​ ក៏​វា​អាច​​វាយកម្ទេច​បាន​​ទាំង​អស់​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ