ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ដុត​បំផ្លាញ​ផ្ទះ​សំណង់​អ​នា​​ធិប​តេយ្យ​រាប់​ពាន់​ខ្នង​នៅ​ហ្វ៊ីលីពីន

18 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ​​មាន​ហេតុ​ការណ៍​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​តំបន់​សំណង់​មិន​រៀប​រយ ឬ​សំណង់​អនា​ធិប​តេយ្យ​នៃ​ទី​ក្រុង​ម៉ានីឡា​ ប្រទេស​ហ្វ៊ីលីពីន ​កាល​ពី​ព្រឹក​មិញ​។ សាក្សី​និយាយ​ថា​ភ្លើង​ចាប់​ផ្ដើម​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស ​បញ្ចេញ​​ពន្លឺ​ពណ៌​លឿង​ទុំ​ និង​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​។ គេ​ដឹង​ថា​បរិ​មាណ​ផ្ទះ​ដែល​ឆេះ​នោះ​មាន​ចំនួន​រាប់​រយ​ខ្នង​ដែល​គេ​សាង​​សង់​យ៉ាង​ចង្អៀត​ណែន​ណាន់​តាន់​តាប់​​លើ​គ្នា​។ ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​ថ្លែង​ថា​ផ្ទះ​ប្រហែល​មួយ​ពាន់​ខ្នង​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​រលីង​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​​។…

ទី​ក្រុង​ម៉ានីឡា៖ ​​មាន​ហេតុ​ការណ៍​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​តំបន់​សំណង់​មិន​រៀប​រយ ឬ​សំណង់​អនា​ធិប​តេយ្យ​នៃ​ទី​ក្រុង​ម៉ានីឡា​ ប្រទេស​ហ្វ៊ីលីពីន ​កាល​ពី​ព្រឹក​មិញ​។ សាក្សី​និយាយ​ថា​ភ្លើង​ចាប់​ផ្ដើម​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស ​បញ្ចេញ​​ពន្លឺ​ពណ៌​លឿង​ទុំ​ និង​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​។ គេ​ដឹង​ថា​បរិ​មាណ​ផ្ទះ​ដែល​ឆេះ​នោះ​មាន​ចំនួន​រាប់​រយ​ខ្នង​ដែល​គេ​សាង​​សង់​យ៉ាង​ចង្អៀត​ណែន​ណាន់​តាន់​តាប់​​លើ​គ្នា​។

ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​ថ្លែង​ថា​ផ្ទះ​ប្រហែល​មួយ​ពាន់​ខ្នង​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​រលីង​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​​។ អគ្គិ​ភ័យ​នេះ​មាន​ចំណុច​ចាប់​ផ្ដើម​ពី​​ផ្ទះ​មួយ​កន្លែង​នៅ​ជាន់​ទី​ពីរ​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ទទួល​ដំណឹង​ថា​មាន​ករណី​ស្លាប់​មនុស្ស​ដោយ​សារ​ហេតុ​ការណ៍​នេះ​ទេ​។ តាម​រយៈ​វីឌីអូ​ដែល​ថត​បាន​ពី​​យន្ត​ហោះ​ដ្រូន​ គេ​ឃើញ​ថា​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ភូមិ​ឥស្លា ពូទីង បាតូ (Isla Putting Bato) នៃ​ជាយ​ទី​ក្រុង​ម៉ានីឡា​ត្រូវ​អគ្គិ​ភ័យ​បំផ្លាញ​ខ្ទេច​ខ្ទី​ ​រាប​ដល់​ដី​តែ​ម្ដង​។​

នៅ​ម្ដុំ​សំណង់​អនា​ធិប​តេ្យ​នេះ​មាន​មនុស្ស​រស់​នៅ​ប្រហែល​២​ពាន់​គ្រួសារ​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​បង្ហើប​ឱ្យ​ដឹង​​។ អ្នក​រស់​នៅ​ក្នុង​ភូមិ​នេះ​ម្នាក់​ឈ្មោះ​ឡេ​អូ​នីឡា (Leonila) អាយុ​៦៥​ឆ្នាំប្រាប់​ថា​គាត់​​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ហេតុ​ការណ៍​​នេះ​។ គិត​ទៅ​ របស់​របរ​បន្តិច​បន្តួច​ដែល​សន្សំ​បាន​នៅ​ក្នុង​ជីវិត​​នេះ​​ត្រូវ​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក ឬ​ក្រមួន​ត្រូវ​ថ្ងៃ។

ស្ត្រី​ខាង​លើ​នេះ​ប្រាប់​ថា​អ្វី​ដែល​គាត់​អាច​ស្រវា​យក​បាន​មក​ជាប់​នឹង​ខ្លួន​​មុន​ពេល​គេច​ចេញ​ពី​ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​​គឺ​ធាតុ​១​​កោដ្ឋ​របស់​ស្វាមី​ខ្លួន​តែ​ប៉ុណ្ណោះ​។ គាត់​និយាយ​ទាំង​ស្រក់​ទឹក​ភ្នែក​ប្រាប់​អ្នក​​សារ​ព័ត៌​មាន​ថា​បាន​តែ​ធាតុ​​១​កោដ្ឋ​នេះ​ទេ​។ ឥ​ឡូវ​នេះ នៅ​ពេល​ឆេះ​ផ្ទះខ្ទេច​ដល់​ថ្នាក់​នេះ គាត់​មិន​ដឹង​ថា​តើ​ត្រូវ​ចាប់​ផ្ដើម​ជីវិត​ពី​ចំណូច​សូន្យ​មក​វិញ​ដោយ​របៀប​ណា​ទេ​។​

ទម្រាំ​ពន្លត់​អគ្គិ​ភ័យ​នេះ​ទាំង​ស្រុង​ អាជ្ញា​ធរ​​​ប្រើ​ប្រាស់​ឡាន​ទឹក​៣៦​គ្រឿង​ និង​ទូក​ពន្លត់​អគ្គិ​ភ័យ​៤​គ្រឿង​។ ​កង​ទ័ព​​​អាកាស​​ហ្វ៊ី​លីពីន​ក៏​ចូល​រួម​ចំណែក​នៅ​ក្នុង​​ការ​ពន្លត់​អគ្គិ​ភ័យ​នេះ​ផង​ដែរ​​​ដោយ​បញ្ជូន​ឧទ្ធម្ភាគ​ចក្រ​២​គ្រឿង​​ដើម្បី​បាញ់​ទឹក​ពី​លើ​អាកាស​។ ​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​ម្នាក់​ប្រាប់​ថា​ទី​​​នេះ​ងាយ​នឹង​រង​គ្រោះ​​ដោយ​សារ​​ភ្លើង​ឆេះ​​ព្រោះ​ផ្ទះ​ភាគ​ច្រើន​សង់​ពី​​កៀក​ៗ​គ្នា​ពេក​។​​

ម៉្យាង​ទៀត​ ផ្ទះ​ទាំង​នេះ​មិនមែន​ជា​ផ្ទះ​ថ្មទេ​ ប៉ុន្តែ​ជា​ផ្ទះ​សាង​សង់​ពី​វត្ថុ​​​ដែល​ងាយ​នឹង​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស​។ ក្រោយ​ពេល​កើត​មាន​ហេតុ​ការណ៍​នេះ គេ​មិន​​ទាន់​ដឹង​ថា​តើ​អាជ្ញា​ធរ​នឹង​មាន​ចំណាត់​ការ​បែប​ណា​ជា​បន្ត​ទៀត​។ តើ​ត្រូវ​បណ្ដេញ​អ្នក​ទាំង​នេះ​ទៅ​រស់​នៅតំបន់​ថ្មី? ឬ​ក៏​ជួយ​សម្រួល​ជីវភាព​លំបាក​របស់​ពួក​គេ​ដោយ​ផ្ដល់​ប្រាក់​សំណង​មួយ​ចំនួន​ ឬ​ជួយ​សាង​សង់​ផ្ទះ​ឡើង​វិញ​នៅ​ទី​កន្លែង​ដដែល​។ ​គេ​មិន​ទាន់​​ទទួល​បាន​​ព័ត៌​មាន​ច្បាស់​ការណ៍​ណា​មួយ​បញ្ជាក់​​​អំពី​បញ្ហានេះ​​នៅ​ឡើយ​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ