រដ្ឋាភិបាលថៃដឹកនាំដោយគណបក្សភឿថៃដែលបានបង្ហាញនូវភាពស្រើបស្រាលបំផុត ចំពោះគម្រោងធ្វើអាជីវកម្មកំណប់ឧស្ម័ន និងប្រេងកាតរួមគ្នានៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រហាក់ថយមួយជំហានហើយលើគម្រោងនេះ ក្រោយក្រុមប្រឆាំង និងអ្នកជាតិនិយមលើកបញ្ហាកង្វល់ជាបន្តបន្ទាប់ ។ នៅក្នុងខណៈពេលដែលថៃបានបង្ហាញនូវនិន្នាការថ្មីបែបនេះ អ្នកជំនាញដែលពាក់ព័ន្ធរបស់កម្ពុជា សូមកុំដកថយការប្រុងប្រយ័ត្ន គឺយើងគួរតែបង្កើនការត្រៀមខ្លួនបន្ថែមទៀត…
រដ្ឋាភិបាលថៃដឹកនាំដោយគណបក្សភឿថៃដែលបានបង្ហាញនូវភាពស្រើបស្រាលបំផុត ចំពោះគម្រោងធ្វើអាជីវកម្មកំណប់ឧស្ម័ន និងប្រេងកាតរួមគ្នានៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រហាក់ថយមួយជំហានហើយលើគម្រោងនេះ ក្រោយក្រុមប្រឆាំង និងអ្នកជាតិនិយមលើកបញ្ហាកង្វល់ជាបន្តបន្ទាប់ ។
នៅក្នុងខណៈពេលដែលថៃបានបង្ហាញនូវនិន្នាការថ្មីបែបនេះ អ្នកជំនាញដែលពាក់ព័ន្ធរបស់កម្ពុជា សូមកុំដកថយការប្រុងប្រយ័ត្ន គឺយើងគួរតែបង្កើនការត្រៀមខ្លួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាភាពស្របច្បាប់ និងការពារផលប្រយោជន៍របស់ជាតិ និងប្រជាជន ។
កាលពីដើមខែវិច្ឆិកាថ្មីៗនេះលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានបង្ហាញនូវចេតនាអារម្មណ៍ប្រាប់សម្តេចធិបតី នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងគុនមីង ប្រទេសចិនថ្មីៗនេះអំពីការយកចិត្តទុកដាក់របស់ភាគីថៃពាក់ព័ន្ធនឹងការចរចារលើគម្រោងធ្វើអាជីវកម្មនៅតំបន់ត្រួតស៊ីគ្នា នៅឈូងសមុទ្ររបស់ប្រទេសទាំងពីរ ។
លោកស្រីបានលើកឡើងថា ថៃនឹងបង្កើតគណកម្មការបច្ចេកទេសចម្រុះឲ្យចេញបន្ទាប់ពីដំណើរក្រៅប្រទេសរបស់លោកស្រី ដើម្បីបើកការចរចាជាមួយនឹងកម្ពុជាឲ្យបានឆាប់ ប៉ុន្តែនៅដើមសប្តាហ៍នេះ ស្រាប់តែមានព័ត៌មានថា គណៈរដ្ឋមន្ត្រីថៃប្រហែលមិនទាន់បង្កើតគណៈកម្មការបច្ចេកទេសចម្រុះដើម្បីពិភាក្សាជាមួយកម្ពុជានៅឡើយទេ ។
តាមសេចក្តីរាយការណ៍របស់កាសែត ឌឹណេសិន បានលើកឡើងថា ពេលវេលាទំនងជាមិនអាចដំណើរការបានទេ ដោយសារតែថៃត្រូវជាប់រវល់នឹងការប្តេជ្ញាចិត្តផ្សេងទៀត ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាម វីឆាយ៉ាឆៃ ( Phumtham Wechayachai) បាននិយាយកាលពីថ្ងៃច័ន្ទថា គណៈរដ្ឋមន្ត្រីថៃអាចនឹងមិនអនុញ្ញាតឲ្យសមាជិកថៃចូលរួមក្នុងគណៈកម្មាធិការបច្ចេកទេសចម្រុះជាមួយកម្ពុជានៅថ្ងៃអង្គារ៍នេះទេ ។
លោកបានពន្យល់ថា លោកនឹងត្រូវចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឡាវនៅថ្ងៃអង្គារ៍នេះ ខណៈដែលនាយករដ្ឋមន្ត្រី ប្រហែលជាមិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នោះទេ ក្រោយពីត្រឡប់មកពីកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅប្រទេសប៉េរូ ។
លោក ភូមិថាម បាននិយាយថា លោកគិតថាគណៈរដ្ឋមន្ត្រីទំនងជាមិនពិចារណាបេក្ខជនថៃឱ្យអង្គុយពិភាក្សានៅក្នុង គណៈកម្មាធិការបច្ចេកទេសចម្រុះជាមួយកម្ពុជា ដូចដែលបានស្នើឡើងដោយក្រសួងការបរទេសទេបានទេ ។ ប៉ុន្តែរដ្ឋាភិបាលបញ្ជាក់ជាថ្មីថានឹងមិនមានការលុបចោលអ្វីដែលបានចុះមកហើយនោះឡើយ ទោះបីជាមានការអំពាវនាវរបស់ក្រុមអ្នកជាតិនិយមឱ្យរដ្ឋាភិបាលថៃលុបចោលអ្វីដែលហៅថា MOU44 ក៏ដោយចុះ ។
គណៈកម្មាធិការបច្ចេកទេសចម្រុះ ដើម្បីពិភាក្សាជាមួយកម្ពុជានឹងត្រូវបានបង្កើតឡើង ដើម្បីជួបពិភាក្សាលើតំបន់ដែលទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ២០០១ ។ MoU 44 នេះ គឺផ្តួចផ្តើមដោយស្ថាបនិកគណបក្សភឿថៃ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជា ។ ក្រោយវិបត្តិនយោបាយ និងបញ្ហាផ្ទៃក្នុង MoU នេះត្រូវទុកចោលមករហូតទើបតែដល់ពេលដែលភឿថៃបង្កើត រដ្ឋាភិបាលបានទើបមានការលើកឡើងអំពីគម្រោងនេះជាថ្មី ។
តាំងពីរដ្ឋាភិបាល ដឹកនាំដោយលោក សេដ្ឋា ថាវេស៊ីន មកដល់ លោកស្រី ផៃថងថាន បានបង្ហាញភាពស្រើបស្រាលបំផុតចំពោះគម្រោងធ្វើអាជីវកម្មនៅតំបន់ត្រួតស៊ីគ្នានោះ ។ សម្រាប់ភាគីកម្ពុជាហាក់មិនមានការរំជើបរំជួលអ្វីឡើយ ។
កម្ពុជាមកដល់ពេលនេះ បានបង្ហាញភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់ ប៉ុន្តែយើងខ្ញុំសង្ឃឹមថា អ្នកជំនាញនឹងមិនស្ងប់ស្ងាត់ហើយសន្តិភាពនឹងផែនការនេះទេ ។ នៅពេលដែលថៃបង្ហាញជំហានបែបនេះវាក៏អាចជាការផ្តល់ពេលវលាបន្ថែមទៀតដល់អ្នកជំនាញកម្ពុជា ដើម្បីកសាងមូលដ្ឋានសក្ខីកម្ម និងប្រត្យកម្មផ្សេងៗ ដើម្បីធ្វើយ៉ាងណាគោរពរក្សាភាពខ្លាំង ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ។
ជាធម្មតាបញ្ហាបូរណភាព និងជាតិនិយម គឺវាតែងតែមាន ដូច្នេះការប្រុងប្រយ័ត្នរវាងគ្នា និងគ្នា គឺចាំបាច់ត្រូវតែដំណើរការដោយតម្លាភាព ដើម្បីកុំអោយគម្រោងនេះដំណើរការទៅហើយវាមានបញ្ហេនេះបញ្ហានោះ ។ ក្រៅពីរដ្ឋាភិបាលនិងរដ្ឋាភិបាល អ្នកជំនាញថៃ និងកម្ពុជាក៏ត្រូវតែសិក្សាស៊ីជម្រៅដូចគ្នា ដោយឈរលើគោលការឈ្នះឈ្នះពីគ្រប់ភាគី ៕
ចែករំលែកព័តមាននេះ