ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋាភិបាលរបស់លោកបៃដិនយល់ព្រមឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិករយៈចម្ងាយឆ្ងាយចូលទឹកដីរុស្ស៊ីហើយ។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិក២នាក់កាលពីយប់មិញដែលស្នើសុំមិនបញ្ចេញឈ្មោះ។ បើដូច្នេះមែន វាជាការបង្ហាញថារដ្ឋាភិបាលរបស់លោកបៃដិនបានផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនហើយ។
ប្រភពខាងលើនេះថ្លែងបន្តទៀតថាបន្ទាប់ពីទទួលបានសញ្ញាភ្លើងខៀវពីវ៉ាស៊ីនតោនប៉ុណ្ណេះហើយ អ៊ុយក្រែនមុខតែបាញ់មីស៊ីលគ្មានដកដៃទេចូលទឹកដីរុស្ស៊ីព្រោះមីស៊ីលទាំងនោះមិនដឹងជាបញ្ជូនទៅដល់អ៊ុយក្រែនតាំងពីអង្កាល់។ លោកបៃដិនសម្រេចចិត្តបែបនេះតែ២ខែប៉ុណ្ណោះមុនពេលលោកបញ្ចប់តំណែងជាផ្លូវការ និងចាកចេញពីសេតវិមានថ្ងៃទី២០ ខែមករា។
ការផ្លាស់ប្ដូរនយោបាយនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ ប្រភពខ្លះថាដល់ជាង១ម៉ឺននាក់ ដើម្បីធ្វើម៉េចវាយយកតំបន់ខឺសមកវិញ និងបណ្ដេញទ័ពអ៊ុយក្រែនចេញឱ្យអស់ពីខឺសមុនពេលលោកត្រាំស្បថចូលកាន់តំណែង។ ករណីទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៊ីជាបញ្ហាមិនធម្មតាទេដល់ថ្នាក់វ៉ាស៊ីនតោន និងអ៊ុយក្រែនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកហ្សេឡិនស្គីថ្លែងនៅក្នុងសុន្ទរកថាពេលយប់របស់គាត់ថា «ថ្ងៃនេះ សារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតអំពីការអនុញ្ញាតឱ្យបាញ់មីស៊ីល។ ប៉ុន្តែបាញ់ ឬមិនបាញ់មិនមែនស្ថិតនៅលើការនិយាយបែបចចាមអារ៉ាមទេ។ មានន័យថាលោកចង់ឃើញសេចក្ដីប្រកាសជាផ្លូវការជាមុនសិន។ បើមិនដូច្នេះទេ អ៊ុយក្រែនច្រឡំបាញ់មីស៊ីលចូលទឹកដីរុស្ស៊ី ស្រាប់តែវ៉ាស៊ីនតោនចេញមកប្រកែកមិនវីរវរធំទៅហើយទេ? ដូច្នេះ អ៊ុយក្រែនចង់បានការនិយាយដោយហ្មត់ចត់ និងប្រាកដប្រជា។
រហូតមកដល់ពេលនេះ ទាំងសេតវិមាន និងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយទៅលើរឿងនេះនៅឡើយទេ។ ក្រោយការបែកធ្លាយព័ត៌មានថា «វ៉ាស៊ីនតោនអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលអាមេរិករយៈចម្ងាយឆ្ងាយចូលទឹកដីរុស្ស៊ី» វិមានក្រឹមឡាំងមិនទាន់បញ្ចេញប្រតិកម្មទេ។ ប៉ុន្តែកាលពីពេលកន្លងមក ក្រឹមឡាំងធ្លាប់ព្រមានថាកុំថាឡើយបើកដៃឱ្យអ៊ុយក្រែនបាញ់មីស៊ីលចូលរុស្ស៊ីតាមចិត្ត សូម្បីតែបាញ់ចូលល្មមៗក៏អាចនឹងធ្វើឱ្យសង្គ្រាមផ្ទុះឡើងកាន់តែខ្លាំងផងដែរ។
លោកវ៉្លាឌីមៀ ឌីសាបារ៉ូស (Vladimir Dzhabarov) ជាអនុប្រធានទី១គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភារុស្ស៊ីថ្លែងថាបើវ៉ាស៊ីនតោនអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើដល់ថ្នាក់ហ្នឹងប្រហែលជាត្រូវផ្ទុះសង្គ្រាមលោកលើកទីបីជាមិនខានឡើយ។ ចំណែកលោកអានដ្រេ គ្លីសសា (Andrei Klishas) ជាសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធនៃព្រឹទ្ធសភារុស្ស៊ីថ្លែងថាបស្ចិមប្រទេសសម្រេចចិត្តធ្វើបែបនេះជាការបង្កបញ្ហាដល់កម្រិតខ្ពស់ដែលអាចនឹងធ្វើឱ្យអ៊ុយក្រែនរលាយកាន់តែឆាប់។
ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះខាងលើប្រាប់ថាអ៊ុយក្រែនអាចនឹងប្រើប្រាស់មីស៊ីលម៉ាកអាត់ថាខំ (ATACMS) ដែលបាញ់បានចម្ងាយ៣០៦គីឡូម៉ែត្រ។ តាមពិត ទោះបីអ៊ុយក្រែនបាញ់មីស៊ីលចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីក៏មិនអាចជួយអ្វីបានប៉ុន្មានដែរ។ គ្រាន់តែថាយ៉ាងហោចណាស់ជួយទប់ស្កាត់ ឬដាស់សតិរុស្ស៊ីកុំធ្វើខ្លាំងដៃពេក គិតតែពីវាយអ៊ុយក្រែនឥតដកដៃ។ ម៉្យាងទៀត គេគិតថាវាអាចជាសន្លឹកបៀរសំខាន់នៅក្នុងដៃអ៊ុយក្រែនដើម្បីឱ្យមានទម្ងន់នៅក្នុងការចរចានាពេលអនាគត។
បើលោកត្រាំឡើងមកកាន់អំណាច លោកមិនអនុញ្ញាតឱ្យបាញ់មីស៊ីលចូលរុស្ស៊ីតទៅទៀត យ៉ាងហោចណាស់ក៏អ៊ុយក្រែនមានឱកាសបាញ់មីស៊ីលបានមួយខែ ឬពីរខែផងដែរ។ អ្នកនាំពាក្យលោកត្រាំសូមមិនធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។ ប៉ុន្តែលោករីឆាត ក្រេណល (Richard Grenell) ជាទីប្រឹក្សារបស់លោកត្រាំបានរិះគន់ការអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើដូច្នេះ។ ទីប្រឹក្សារូបនេះទំនងជាគិតថាលោកបៃដិនមុននឹងចាកចេញពីសេតវិមាន លោកចង់ទម្លាក់ដុំថ្មក្ដៅឱ្យលោកត្រាំជាអ្នកទទួល៕
ចែករំលែកព័តមាននេះ