ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​នា​ឆ្នាំ​នេះ​នឹង​មាន​ស្ថានភាព​អាក្រក់​ជាង​ឆ្នាំទៅ ។ ដូច្នេះ​នា​រដូវប្រាំង​និង​ឆ្នាំ​ថ្មី​កំពុង​តែ​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ គឺ​យើង​ត្រូវ​តែ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​សេចក្តីសុខ សុវត្ថិភាព​របស់​យើង​ទាំងអស់​គ្នា ។ គ្រោះ​អគ្គិភ័យ​មាន​គ្រោះថ្នាក់​សាហាវ និង​បំផ្លិចបំផ្លាញ ។…

ករណី​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​នា​ឆ្នាំ​នេះ​នឹង​មាន​ស្ថានភាព​អាក្រក់​ជាង​ឆ្នាំទៅ ។ ដូច្នេះ​នា​រដូវប្រាំង​និង​ឆ្នាំ​ថ្មី​កំពុង​តែ​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ គឺ​យើង​ត្រូវ​តែ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​សេចក្តីសុខ សុវត្ថិភាព​របស់​យើង​ទាំងអស់​គ្នា ។

គ្រោះ​អគ្គិភ័យ​មាន​គ្រោះថ្នាក់​សាហាវ និង​បំផ្លិចបំផ្លាញ ។ យើង​ត្រូវ​តែ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ហើយ ពីព្រោះ​នៅ​ពេល​នេះ​បរិមាណ​ទឹកភ្លៀង​កំពុង​តែ​ចាប់ផ្តើម​ស្បើយ ខ្យល់​ស្ងួត​កំពុង​តែ​បក់​មក ហើយ​រដូវប្រាំង​បាន​មក​ដល់ ។ ដូច្នេះ​គ្រោះ​អគ្គិភ័យ​ងាយ​នឹង​កើត​មាន​ឡើងជា​ទីបំផុត ដែល​យើង​ទាំងអស់​គ្នា​គប្បី​ត្រូវ​តែ​ម្ចាស់​ការ​ត្រៀម​ទុកជា​មុន ហើយ​បង្ការ​វា​កុំអោយ​កើត​មាន ។

បទ​ពិសោធន៍​៨​ខែ​កន្លង​មក ជា​ពិសេស គឺ​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៤ តួរ​លេខ​ដែល​បង្ហាញ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស​គ្រោះ​អគ្គិភ័យ​កើនឡើង​ច្រើន ។

ស្ថិតិ​បាន​បង្ហាញ​ថា ៨​ខែ​កន្លង​មក នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​រហូត​ដល់​ទៅ​ជាង​៦០០ ករណី ស្រប​ពេល​ដែល​កាលពី​រយៈពេល​ដដែល​នៃ​ឆ្នាំ​២០២៣ គ្រោះ​មហន្តរាយ​នេះ​បាន​កើត​មាន​ឡើង​ត្រឹមតែ​ប្រមាណ​ជា​ជាង​៤០០​ករណី ។ នៅ​ក្នុង​គ្រោះ​មហន្តរាយ​ទាំងនេះ​មនុស្ស​១៥ នាក់ ត្រូវ​បាន​ស​ម្លា​.​ប់ ហើយ​ក្រៅពី​នោះ​មាន​៤៥ នាក់​បាន​រង​របួស ។

ករណី​គ្រោះ​អគ្គិភ័យ​ញឹកញាប់ និង​ច្រើន​ជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ជាង​១០០​ករណី បន្ទាប់​មក​បាត់ដំបង​ប្រមាណ​ជា​៦០​ករណី ហើយ​សៀមរាប គឺ​មាន​ប្រមាណ​ជា​ជាង​៤០​ករណី ។ ក្រៅពី​នេះ​វា​បាន​បំផ្លាញ និង​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​៦០០ តូប​ពាណិជ្ជកម្ម​ជាង​១០០ ឃ្លាំង ជិត​២០ រោងចក្រ និង​សិប្បកម្ម​ជាង​២០​កន្លែង និង​អគា​រដ្ឋបាល​១៦​កន្លែង ។
កន្លង​មក​មូលហេតុ​ដែល​បង្ករ​ឡើងជា​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ​នេះ​ត្រូវ​បាន​គេ​ដាក់បន្ទុក​លើ​ទុ​ស្សេ​ចរន្តអគ្គិសនី ដែល​បណ្តាល​មក​ពី​ការ​ដំឡើង​មិន​ត្រឹមត្រូវ និង​ការ​ធ្វេសប្រហែស ។ ដូច្នេះ​ហើយ​ទើប​មានការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួល​អ្នកបច្ចេកទេស​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ធានា​ថា ប្រព័ន្ធ​ខ្សែភ្លើង​សំខាន់​ៗ​របស់​ពួក​គេ​គោរព​តាម​ស្តង់ដារ​សុវត្ថិភាព​របស់​អគ្គិសនី​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ស្តង់ដា​សុវត្ថិភាព​នៅ​ក្នុង​ការ​បង្ការ និង​ការពារ​គ្រោះ​មហន្តរាយ​ដោយ​អគ្គី​ភ័យ​នានា ការ​បង្ការ​និង​ការពារ​តម្រូវ​ឱ្យ​មានការ​រួម​បញ្ចូល​គ្នា​ដោយ​ការ​ប្រុង​ប្រយ័ត្ន ការ​រៀបចំ​ផែនការ​ត្រឹមត្រូវ និង​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ។ ខាងក្រោម​នេះ​ជា​វិធានការ​សំខាន់​ៗ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​អគ្គី​ភ័យ​៖

១. រក្សា​លំហរ​ការពារ​គ្រោះ​អគ្គិភ័យ
ត្រូវ​ប្រាកដ​ថា ទ្រព្យសម្បត្តិ​របស់​អ្នកមាន​សុវត្ថិភាព​ពី​គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​អ្វី​ៗ​ដែល​ងាយ​ឆេះ​ចេញពី​បរិវេណ​លំនៅ​ស្ថាន ។ គួរ​កាត់​មែក ឬ​បោសសម្អាត​កម្ទេចកម្ទី​ចេញពី​តាម​កន្លែង​គ​ន្លៀ​ត​នានា ។ រាល់​លំនៅ​ស្ថាន ប្រសិនបើ​អាច​គួរ​រក្សា​លំហ​ការពារ​ជុំវិញ​អគារ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​អគ្គិភ័យ ។ តំបន់​នានា​គួរ​រៀបចំ​ផ្លូវ ឬ​ច្រកចូល​ឲ្យ​ធំ​ទូលាយ​ល្មម​នឹង​យានយន្ត​ពន្លត់​អគ្គិភ័យ​អាច​ងាយស្រួល​ចេញចូល​អន្តរាគមន៍ ។

២. កុំ​ផ្ទុក​វត្ថុ​ដែល​ងាយ​ឆេះ​ច្រើន​ពេក​នៅ​ក្នុង​លំនៅ​ស្ថាន
អុស ធ្យូង ហ្គា​ស គឺ​សុទ្ធតែ​ជា​របស់​ងាយ​ឆេះ ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ហើយ​កុំ​ទុក​វា​ច្រើន​ពេក នៅ​ក្នុងផ្ទះ ជា​ហេតុ​នាំ​អោយ​ពេល​មាន​អាសន្ន​អន់​ក្រ វា​បណ្តាល​ឲ្យ​ឆេះ ។

៣. ការ​រចនា ឬ​តុបតែង​ផ្ទះ​ដែល​ធន់​នឹង​ភ្លើង
នៅ​ក្នុង​លំនៅ​ស្ថាន​គួរ​កាត់​បន្ថយ​វត្ថុ​ប្រើប្រាស់​ណា​ដែល​ងាយ​ឆេះ ។ ឧបករណ៍​ដែល​ងាយ​ឆេះ​ទាំងនេះ គឺ​ភាគច្រើន​ជា​គ្រឿង​តុបតែង ដែល​ធ្វើ​ពី​ជ័រ ឬ​ប្លា​ស្ទិ​ក ដែល​ងាយ​ឆេះ​បំផុត ។ ដើម្បី​កាត់​បន្ថយ និង​សម្រួល​ស្ថានភាព​អគ្គិភ័យ គួរតែ​ច្នៃ និង​ជ្រើសរើស​ការ​តុបតែង​ណា​ដែល​ប្រើ​ពី​វត្ថុ​អ៊ី​សូ​ឡង់​មិន​ឆ្លង​អគ្គី​ស​នី ឬ​មិន​ឆេះ ។

៤.​ត្រៀមខ្លួន
នៅ​តាម​លំនៅ​ស្ថាន​គួរតែ​មាន ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​ឧបករណ៍​បាញ់​ទឹក​ដើម្បី​បង្ការ ពេល​ដែល​មាន​អាសន្ន​អន់​ក្រ​កើត​មាន​ឡើង ។

សរុប​ទៅ​គ្រោះ​អគ្គិភ័យ​វា គឺជា​គ្រោះ​ដោយ​ចៃដន្យ ហើយ​គ្មាន​នរណា​អាច​ដឹង​មុន​បាន​ឡើយ ប៉ុន្តែ​ប្រសិនបើ​យើង​ទាំងអស់​គ្នា​មានការ​ប្រុង​ប្រយ័ត្ន វា​ក៏​ជា​ការ​ប្រសើរ​ហើយ​អាច​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​ការពារ​គ្រោះ​មហន្តរាយ ឬ​បញ្ជៀ​ស​ពី​ករណី​ធ្ងន់ធ្ងរ​មក​តូចតាច ហើយ​ករណី​តូចតាច​មក​អត់​ក៏​បាន​។
ការ​អនុវត្ត​តាម​វិធានការ​ទាំងនេះ​យើង​នឹង​អាច​ចូលរួម​ធានា​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​ខាង​មុខ​បាន​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ