របាយការណ៍នៃការសិក្សាថ្មីមួយបានបង្ហាញថា គេអាចកាត់បន្ថយអត្រាប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដល់ទៅ៨០ភាគរយដោយគ្រាន់តែអនុវត្តទម្លាប់នៃការរស់នៅប្រចាំថ្ងៃ៥ចំណុចប៉ុណ្ណោះ ។ របាយការណ៍វិទ្យាស្ថានជាតិសុខភាពរបស់អាមេរិកបានបង្ហាញថា ទម្លាប់នៃការរស់នៅទាំង៥ចំណុចនោះមានដូចជា ៖
១-របបអាហារ (បន្លែផ្លែឈើគ្រប់ប្រភេទ សាច់ត្រី ជាពិសេសត្រីសម្បូរខ្លាញ់ … )
២- ការហាត់ប្រាណ (យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ )
៣- រក្សាទម្ងន់ខ្លួនឱ្យនៅថេរក្នុងកម្រិតធម្មតាសមាមាត្រទៅនឹងកម្ពស់
៤- ការមិនជក់បារី
៥-ការមិនផឹកស្រា
ក្រុមវេជ្ជបណ្ឌិតបានដឹងជាយូរមកហើយថា ទម្លាប់អាក្រក់មួយចំនួនតួយ៉ាងដូចជា ជក់បារី ផឹកស្រានិងទទួលទានអាហារដែលមិនផ្តល់អត្ថប្រយោជន៍ដល់សុខភាព គឺជាឱសថជួយបង្កើនអត្រាប្រឈមនឹងជំងឺកាន់តែខ្ពស់ ។ នៅក្នុងការសិក្សាថ្មីដែលបានពិសោធលើមនុស្សប្រុស-ស្រីមានសុខភាពល្អ២០ម៉ឺននាក់ អាយុពី៥០ទៅ៧១ឆ្នាំ និងបានចំណាយពេលអស់១១ឆ្នាំបង្ហាញទៀតថា នៅក្នុងទម្លាប់រស់នៅទាំង៥ចំណុចខាងដើម ទម្លាប់ទី៣(រក្សាទម្ងន់ខ្លួនឱ្យនៅថេរក្នុងកម្រិតធម្មតា)ជាប់ទាក់ទងយ៉ាងខ្លាំងបំផុតលើការកាត់បន្ថយហានិភ័យពីជំងឺទឹកនោមផ្អែមប្រភេទ២ ។
អ្នកដឹកនាំការស្រាវជ្រាវ សាស្ត្រាចារ្យJared Reisមកពីវិទ្យាស្ថានរោគបេះដូង សួតនិងឈាមរដ្ឋម៉ារីលែន សហរដ្ឋអាមេរិកបញ្ជាក់ថា ៖«នេះគឺជាដំណឹងល្អសម្រាប់អ្នកដែលមានបញ្ហាសុខភាព ។ ប៉ុន្តែវាបានបង្កប់នូវភាពស្មុគស្មាញយ៉ាងច្រើនសម្រាប់ឱ្យេគចាប់អនុវត្តតាមវិធីទាំង៥នេះ។ ទោះជាយ៉ាងណា គេនៅតែអាចកាត់បន្ថយអត្រាប្រឈមបានដោយការចាប់ផ្តើមប្រើប្រាស់ទម្លាប់រស់នៅទាំង៥នេះ ៕
ចែករំលែកព័តមាននេះ