ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​បញ្ជូន​សំណុំរឿង​ជន​ត្រូវ​ចោទ ស្រី ស៊ី​ណា ចំនួន​៣​បទល្មើស ទៅ​តុលាការ​ជំនុំជម្រះ​ឆាប់​ៗ​នេះ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​បញ្ជូន​សំណុំរឿង​ជន​ត្រូវ​ចោទ ស្រី ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​បញ្ជូន​សំណុំរឿង​ជន​ត្រូវ​ចោទ ស្រី ស៊ី​ណា ពាក់ព័ន្ធ​បទល្មើស​ឃាតកម្ម​, ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ទៅ​ជំនុំជម្រះ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ខែមិថុនា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់​ព័​ន្ឋ​នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ ស្រី ស៊ី​ណា ចំនួន ៣ សំណុំរឿង គឺ​៖
១. សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៣៩៩១ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ពី​បទ ឃា​.​ត​កម្ម និង​ប្រើប្រាស់ អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត
២. សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤០៥៩ ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ ពី​បទ ប៉ុនប៉ង​ឃា​.​ត​កម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត
៣. សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤១៩៥ ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ពី​បទ រំ​លោ​.​ភលើ​លំនៅ​ឋាន ប្រព្រឹត្ត​នៅ​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្ងោរ ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​P-10F ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​។ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

ចំពោះ​សំណុំរឿង​ទី​១ និង​ទី​២ ក្រោយ​ពី​បាន​ស្រាវជ្រាវ និង​បំពេញ កិច្ច​ស៊ើបសួរ​ដោយ​ម៉ត់ចត់​តាម​នីតិវិធី​ចប់​សព្វគ្រប់ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​ដំណោះស្រាយ​សម្រេច បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំង​២ ខាងលើ​នេះ ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​សម្រេច​បញ្ជូន​សំណុំរឿង ទៅ​ជំនុំជម្រះ​លេខ ៦៧៨៧ “​ង​” ដ​ដ និង​លេខ ៦៧៨៨ “​ង​” ដ​ដ ចុះ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤, ហើយ​តុលាការ នឹង​កំណត់​កាលបរិច្ឆេទ​សវនាការ​នៅ​ពេល​ខ្លី​ខាង​មុខ​នេះ​។

រីឯ​សំណុំរឿង​ទី​៣ ចៅក្រម​ស៊ើបសួរ បាន​និង​កំពុង​ត្រៀម​បិទ​ការ​ស៊ើបសួរ ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ តាម​នីតិវិធី ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ទទួល​ចាត់ការ​សំណុំរឿង​រដ្ឋប្បវេណី ដែល​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជា​សាច់ញាតិ​របស់​ជន​រង​គ្រោះ បាន​ដាក់​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ​រឹបអូស​ទ្រព្យសម្បត្តិ​ចលនវត្ថុ និង​អចលនវត្ថុ​របស់​ជន​ត្រូវ​ចោទ ឈ្មោះ ស្រី ស៊ី​ណា ហើយ​តុលាការ​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន នូវ​ទ្រព្យសម្បត្តិ​នោះ តាម​ការ​ស្នើ​សុំ​របស់​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី ។ ក្រោយមក មាន​បណ្ដឹងតវ៉ា​របស់​តតិយជន​លើ​ការ​សម្រេច​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ដី ចំនួន​១(​មួយ​)​កន្លែង ។ សំណុំរឿង​រដ្ឋប្បវេណី​ទាំង​២​នេះ តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​រម្លឹក​ថា ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លា​.​ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ត្រង់​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ស្រី ស៊ី​ណា គ្រាន់តែ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ​លើ​របង​ព្រំផ្ទះ ដែល​នៅ​ជាប់​គ្នា ក្នុង​បុរី​ប៉េង​ហួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ