ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ អនាគត កម្ពុជា​នឹង​បន្ត​មាន​ព្រៃឈើ​ជា​ច្រើន​សម្រាប់​អាស្រ័យ​ផល

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅ​ពេល​អនាគត កម្ពុជា​នឹង​បន្ត​មាន​ព្រៃឈើ​ជា​ច្រើន សម្រាប់​អាស្រ័យ​ផល ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅ​ពេល​អនាគត កម្ពុជា​នឹង​បន្ត​មាន​ព្រៃឈើ​ជា​ច្រើន សម្រាប់​អាស្រ័យ​ផល ។

ថ្លែង​ក្នុង «​យុទ្ធនាការ​ដាំ​ស្តារ​ព្រៃឈើ​នៅ​ស្ថានីយ​ព្រៃ​អង់​តែ​ន​» ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា នា​ពេល​អនាគត កម្ពុជា​នឹង​បន្ត​មាន​ព្រៃឈើ​ជា​ច្រើន សម្រាប់​អាស្រ័យ​ផល និង​កសិកម្ម ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​ដាំ និង​ថែរក្សា​ការពារ ។

យុទ្ធនាការ​នេះ បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ក្រោម​ការ​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម​បណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ តំណាង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ឯកឧត្តម ឌិ​ត ទីណា បាន​សម្ដែង​ក្តី​សោមនស្ស​ជា​អនេក ដែល​បាន​ចូលរួម​កម្មវិធី​ដាំ​ដើមឈើ រៀបចំ​ឡើង​ក្រាម​កិច្ចសហការ រវាង​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​រដ្ឋបាល​ខេត្តកំពង់ធំ នា​ពេល​នេះ ។

ឯកឧត្តម​រដ្ឋមន្ដ្រី សង្កត់ធ្ងន់​ថា «​ការ​ដាំ​ដើមឈើ​នៅ​ទី​នេះ ពិតជា​មាន​សារៈសំខាន់ ដែល​ទាមទារ​ការ​ចូលរួម​ពី​បងប្អូន​យើង​ទាំងអស់​គ្នា ទាំង​ក្នុង​ការ​ដាំ និង​ការ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​» ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​វិស័យ​កសិកម្ម​កម្ពុជា ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​កសិករ «​មាន​ហូប មាន​ប្រើ មានបាន និង​មាន​រហូត​» ដែល​បាន​គិតគូរ​យ៉ាង​វែង​ឆ្ងាយ ដើម្បី​អាច​ធានា​បាន នូវ​សន្តិសុខ​ស្បៀង និង​និរន្តរភាព​សេដ្ឋកិច្ច និង​បរិស្ថាន ។

ពាក់ព័ន្ធ​នឹង​ការពារ​អភិរក្ស ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​កសិករ ត្រូវ​កែប្រែ​ឥរិយាបថ​កាប់​ព្រៃឈើ​យក​ដី​ដាំដំឡូង​មី និង​ការ​ទន្ទ្រាន​ដី​រដ្ឋ​ផ្សេង​ៗ មក​គិតគូរ​ពី​និរន្តរភាព​ព្រៃឈើ និង​បរិស្ថាន​សម្រាប់​កូនចៅ​យើង​នា​ថ្ងៃ​មុខ ។

តាម​រយៈ​ការ​ចូលរួម​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឡើង​វិញ ឯកឧត្តម ឌិ​ត ទីណា សង្ឃឹម​យ៉ាង​មុតមាំ​ថា នា​ពេល​អនាគត កម្ពុជា​នឹង​បន្ត​មាន​ព្រៃឈើ​ជា​ច្រើន​សម្រាប់​អាស្រ័យ​ផល ទាក់ទាញ​ទឹកភ្លៀង​សម្រាប់​ការ​ធ្វើ​កសិកម្ម និង​អាច​ប្រើប្រាស់​បានជា​ប្រយោជន៍​រួម​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ