រាជធានីភ្នំពេញ ៖ ធ្លាប់តែឃើញប្រាសាទអង្គរវត្តខ្នាតតូចពុំដែលដឹងសោះថា បឹងទន្លេសាបក៏មានខ្នាតតូចដែរ ហើយតូចជាងទំហំពិតរាប់រយដងឯណោះនៅក្នុងបរិវេណសួនច្បារសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ក្រៅពីភាពល្បីល្បាញលើគុណភាពអប់រំដែលបានបណ្ដុះធនធានមនុស្សរាប់ម៉ឺនរាប់សែននាក់ ចាប់តាំងពីសង្គមរាស្ត្រនិយមមក សកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមានចំណុចពិសេសរាប់មិនអស់ ហើយក្នុងចំណោមនោះ គឺជាបរិស្ថានបៃតងស្រស់ សម្រស់ដើមជ្រៃក្រឹម សម្បូរម្លប់ ទឹកបឹងដ៏ធំ បូកផ្សំជាមួយនឹងសំណង់ស្ថាបត្យកម្មដ៏ទាក់ទាញ ។
ដោយសារតែចំណុចលេចធ្លោទាំងនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្រូបទាញមហាជន យុវជន សិស្សនិស្សិតមកពីតំបន់ជុំវិញយកជាទីណាត់ជួប សម្រាកលំហែខួរក្បាល ផឹកកាហ្វេ លេងកីឡា និងជាកន្លែងដ៏សាកសមសម្រាប់ការអានសៀវភៅ ។
ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍នោះ នៅក្នុងបរិវេណដ៏ស្រស់ស្អាតនៃសកសលវិទ្យាល័យដ៏ល្បីមួយនេះ មានបង្កប់កូនបឹងទន្លេសាប ឬបឹងទន្លេសាបតូច ត្រូវបានបង្កើតឡើងដោយយកគំរូតាមរូបរាងបឹងទន្លេសាបរបស់កម្ពុជា ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ។
តាមរយៈគណនីហ្វេសបុក ឯកឧត្តមសាស្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហោះរូបថត បឹងទន្លេសាបតូចនេះ ដោយរៀបរាប់ក្នុងខ្លឹមសារថា៖ «យើងបានបង្រួមទំហំពិតរបស់ទន្លេសាបខ្មែររាប់រយដង ឲ្យមកនៅតូចល្មមនៅក្នុងសួនក្រោយអគារ A ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បឹងទន្លេសាបតូចនេះ បើទោះបីជាមិនដូចទាំងស្រុង ក៏ទីនេះបានបម្រើជាកន្លែងសម្រាកលំហែរបស់ប្អូនៗនិស្សិតក្រោយការសិក្សា»។
គួរកត់សម្គាល់ថា ឯកឧត្តមសាស្រាចារ្យ ជេត ជាលី ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ថា ក្រៅផ្តោតលើគុណភាពអប់រំ សាកលវិទ្យាធិការ រូបនេះតែងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងក្លាលើបញ្ហាបរិស្ថានអនាម័យនិងភាពបៃតងក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោកសាកលវិទ្យាធិការ ជេត ជាលី ធ្លាប់មានប្រសាសន៍លើកឡើងថា « យើងចំណាយពេលមិនតិចជាង៨ម៉ោងក្នុងមួយថ្ងៃនៅកន្លែងដែលពួកយើងធ្វើការ។ មានន័យថា មួយភាគបីនៃជីវិតរបស់យើងនៅទីនេះ។ ដូច្នេះ ពួកយើងរួមជាមួយប្អូនៗនិស្សិតបានធ្វើឲ្យទីនេះមានបរិយាកាសល្អ។ ខ្ញុំសង្កេតឃើញគ្រួសារ RUPP យើងបានរួមគ្នាសំអាតនិងការពារទីនេះបានយ៉ាងល្អ។ មានមនុស្សជាច្រើនបានទទួលយកភាពស្រស់ស្រាយទាំងនេះជាមួយគ្រួសារ RUPP យើង។»
ថ្មីៗនេះ លោកសកលវិទ្យាធិការក៏បានបញ្ជាក់ពីការរៀបចំបន្ថែមនូវកន្លែងស្តុកសំរាមធំ សម្រាប់សាកលវិទ្យាល័យទាំងមូល និងបានប្រែក្លាយពីតំបន់ដែលធ្លាប់តែមានសភាពមិនល្អ បរិស្ថានមិនស្អាត ខ្លិនស្អុយ ទៅជាទីកន្លែងដែលសិក្សានុសិស្សអាចមកអង្គុយលេង និងអានសៀវភៅបានយ៉ាងស្រស់ស្រាយ។
ឯកឧត្តមសាស្រាចារ្យ ជេត ជាលី សង្កត់ធ្ងន់ថា នៅពីក្រោយភាពស្រស់ស្អាតរបស់សកលវិទ្យាល័យ ក្រៅពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងក្រុមនិសិត្សនោះ គឺមានក្រុមការងារ The Clean និង ក្រុមការងារអនាម័យ សណ្តាប់ធ្នាប់របស់សកលវិទ្យាល័យគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសំអាតទីធ្លាសាកលវិទ្យាល័យយើងប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ចែករំលែកព័តមាននេះ