ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ជា​ឯកច្ឆន្ទ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​ចំនួន​៤​មាត្រា​ត្រូវ​បាន​រដ្ឋសភា​នៃ​កម្ពុជា​បាន​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សម្លេង​១០៩​។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភានា​ព្រឹក​ថ្ងៃ​ទី​៨​វិច្ឆិកា…

រាជធានី​ភ្នំពេញ​ ៖ ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​ចំនួន​៤​មាត្រា​ត្រូវ​បាន​រដ្ឋសភា​នៃ​កម្ពុជា​បាន​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សម្លេង​១០៩​។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភានា​ព្រឹក​ថ្ងៃ​ទី​៨​វិច្ឆិកា ឆ្នាំ​២០២៤​ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាន​អញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​១០៩​រូប​នៃ​ចំនួន​សមាជិក​សភា​ទាំំ​ង​មូល​។

អង្គប្រជុំ​បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៧ មាន​របៀបវារៈ​មាន​៖​ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក​ជំទាវ យស ថា​នារី ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់​តូ ដែល​បាន​ទទួលមរណភាព​។

និង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​។

យោង​តាម​សេចក្តី​ថ្លែង​ហេតុ អំពីសេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ​និង សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាមបាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៩ នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​- វា​-​ឡាវ​-​វៀតណាម នៅ​ខេត្ត សៀមរាប នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV- DTA)​។

ថ្លែង​ហេតុ​បាន​បន្ត​ថា ភាគី​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ ដែល​ជា​ការ​បំពេញ​នូវ​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៣១៨/០០៤ ចុះ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ​-​វៀតណាម​។

កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក ក្រោម​កិច្ច​សហប្រតិបត្តិការ​តំបន់ ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​ឈាន​ដល់​ការ​សម្រេច​គោលដៅ​ជាតិ​និង ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន នៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​។ ផ្អែក​លើ​សមិទ្ធផល​កន្លង​មក ដូច​បាន​គូសបញ្ជាក់ ខាងលើ និង​បន្ទាប់​ពី​បាន​ពិចារណា​និង​វាយតម្លៃ​ដោយ​ហ្មត់ចត់​និង​គ្រប់​ជ្រុងជ្រោយ រាជរដ្ឋាភិបាល​សន្និដ្ឋាន​ថា កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម បាន​ឈាន​ដល់​គោលដៅ​របស់​ខ្លួន ហើយ​និង​ជឿជាក់​ថា ប្រទេស​នីមួយ​ៗ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បន្ត​និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រទេស រៀង​ៗ​ខ្លួន​។

ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ​នឹង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ជា​ផ្នែក​មួយ​ក្នុង​ការ​អនុវត្ត​អនុលោម​ភាព​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី ស្តី​ពី​គោលនយោបាយ​អនុគ្រោះ​ពិសេស​សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ​-​វៀតណាម​។ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូនដំណឹងស្តី​ពី​ការ​ដកខ្លួន​របស់​កម្ពុជា​ចេញពី​អនុស្សរណៈ​ខាងលើ ជា​ហេតុ​នាំ​ឱ្យ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ​និង​សម្រួល ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ក៏​ត្រូវ​បាត់បង់​សុពលភាព​តាម​អនុស្សរណៈ​គោល ផង​ដែរ​។

សូម​ជម្រាប​ថាស​ម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ធ្លាប់​បាន​អះអាង​ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​សូ​ម្បី​មួយ​មី​ល្លី​ម៉ែត្រ ឬ​យក​ច្បាប់​របស់​ប្រទេស​ណាមួយ​មក​អនុវត្ត​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ក្នុង​គោលដៅ​ធំ គឺ​ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍន៍​ខេត្ត​ភាគ​ឦសាន មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នេះ ដើម្បី​ឲ្យ​បាត់​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នោះ​ទេ​។

បើ​តាម​ប្រសាសន៍​របស់​សម្ដេច​មហា​បវរ​ធិ​បតី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​, តាម​គម្រោង​ដែល​កម្ពុជា នឹង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រវាង​ប្រទេស​ទាំង​៣ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​កោណ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២៤​ខាង​មុខ​នេះ ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ ពោល​ដោយសារ​កម្ពុជា​បាន​សម្រេច​ដកខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​នេះ​។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​កន្លង​មក​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ផ្ញើ​លិខិតផ្លូវការ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម ដើម្បី​បញ្ជាក់​ពី​ការ​សម្រេច​របស់​កម្ពុជា ក្នុង​ការ​បញ្ចប់​ការ​ចូលរួម​កិច្ច​សហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)​។

ប្រមុខ​ការទូត​កម្ពុជា​បាន​លើក​ឡើង​ក្នុង​លិខិត​ថា បន្ទាប់​ពី​បាន​ពិចារណា និង​វាយតម្លៃ​ដោយ​ម្មត់​ចត់ ពី​វឌ្ឍនភាព​នៃ CLV-DTA រួច​មក កម្ពុជា​យល់​ថា កិច្ច​សហប្រតិបត្តិការ​នេះ បាន​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​ហើយ​។ នា​ពេល​នេះ កម្ពុជា​ជឿ​ថា ប្រទេស​នីមួយ​ៗ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បន្ត និង​ធានា​ការ​អភិវឌ្ឍ​ជាតិ​រៀងខ្លួន​។

ការ​សម្រេច​បញ្ចប់​ការ​ចូលរួម​ក្នុង CLV-DTA ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពិភាក្សា​ជាមួយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​កំពូល​ៗ​មួយ​ចំនួន​ទៀត ក្នុង​បំណង​ដើម្បី​ដោះស្រាយ​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ ដើម្បី «​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ