រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។
ការកំណត់សម័យប្រជុំពេញអង្គរបស់រដ្ឋសភានេះ បន្ទាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅថ្ងៃ
ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈមាន៖
ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ជំនួសលោក ជា ចាន់តូ ដែលបានទទួលមរណភាព និងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ៕
ចែករំលែកព័តមាននេះ