ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រីហារីស​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ត្រាំ​ដើម្បី​អប​អរ​សា​ទរ​ការ​ឈ្នះ​ឆ្នោត

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​នៅទី​បំផុត​ លោក​ស្រី​ហារីស​ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោ​កត្រាំ​នៅ​ក្នុ​ងការ​បោះ​ឆ្នោត​នៅ​អាមេរិក​នោះ បាន​សុខ​ចិត្ត​ចុះ​ចាញ់ និង​ទទួល​ស្គាល់​លទ្ធ​ផល​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ម្សិល​មិញ​ហើយ​។ លោក​ស្រី​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោ​កត្រាំ​ដើម្បី​សម្ដែង​ការ​អប​អរ​សាទរ​ចំពោះ​​លោក​ដែល​ឈ្នះ​ការ​ឈ្នះ​ឆ្នោត​លើក​នេះ​។ លទ្ធ​ផល​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ​បង្ហាញ​ថា​លោក​ត្រាំ​នៅ​តែ​​ទទួ​លបាន​ការ​គាំទ្រ​ពី​អង្គ​បោះ​ឆ្នោត​ជា​បន្ត​ទៀត​​។​ ដូច្នេះ​ចំនួន​អង្គ​ឆ្នោត​សរុប​ដែល​លោក​ទទួ​លបាន​ បាន​កើន​ឡើង​ដល់​២៩៤​។ ចំណែក​លោក​ស្រី​ហារីស​ទទួល​បាន​អង្គ​បោះ​ឆ្នោត​សរុប​២២៣​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​នៅទី​បំផុត​ លោក​ស្រី​ហារីស​ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោ​កត្រាំ​នៅ​ក្នុ​ងការ​បោះ​ឆ្នោត​នៅ​អាមេរិក​នោះ បាន​សុខ​ចិត្ត​ចុះ​ចាញ់ និង​ទទួល​ស្គាល់​លទ្ធ​ផល​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ម្សិល​មិញ​ហើយ​។ លោក​ស្រី​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោ​កត្រាំ​ដើម្បី​សម្ដែង​ការ​អប​អរ​សាទរ​ចំពោះ​​លោក​ដែល​ឈ្នះ​ការ​ឈ្នះ​ឆ្នោត​លើក​នេះ​។

លទ្ធ​ផល​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ​បង្ហាញ​ថា​លោក​ត្រាំ​នៅ​តែ​​ទទួ​លបាន​ការ​គាំទ្រ​ពី​អង្គ​បោះ​ឆ្នោត​ជា​បន្ត​ទៀត​​។​ ដូច្នេះ​ចំនួន​អង្គ​ឆ្នោត​សរុប​ដែល​លោក​ទទួ​លបាន​ បាន​កើន​ឡើង​ដល់​២៩៤​។ ចំណែក​លោក​ស្រី​ហារីស​ទទួល​បាន​អង្គ​បោះ​ឆ្នោត​សរុប​២២៣​។ ​លោក​បៃដិន​ក៏​បាន​ទាក់​ទង​ទៅ​លោក​ត្រាំ​ផង​ដែរ​ដើម្បី​អប​អរ​សាទរ​។ លោក​ថែម​ទាំង​អញ្ជើញ​លោក​ត្រាំ​ទៅ​សេត​វិមាន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​​ពិគ្រោះ​គ្នា​អំពី​​ដំណើរ​ការ​​ផ្ទេរ​អំណាច​ប្រធានា​ធិបតី​ដោយ​សន្តិ​វិធី និង​ដោយ​រលូន​។

យោង​តាម​ទី​ប្រឹក្សា​កំពូល​របស់​លោក​ស្រី​ហារីស​ លោក​ស្រី​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ត្រាំ​កាល​ពី​យប់​មិញ​ និង​បាន​ជជែក​គ្នា​អំពី​ការ​ផ្ទេរ​អំណាច​​។ លោក​ស្រី​ហារីស​ដែល​គេ​​សម្លឹង​ឃើញ​ថា​​​ជា​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ក្រោយ​ពេល​លោក​បៃដិន​ដកខ្លួន​ថយ​នោះ លោក​ស្រី​បែរ​ជា​ត្រូវ​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​​ខ្លះ​ដែល​ធ្លាប់​គាំទ្រ​បក្ស​នេះ​​​មិន​បោះ​ឆ្នោត​ឱ្យ​ទៅ​វិញ​។​​

​នៅ​ក្នុង​ចំណោម​រដ្ឋ​សំខាន់​ៗ​ទាំង​៧​ដែល​មាន​អង្គ​បោះ​ឆ្នោត​ច្រើន និង​ដែល​កំណត់​ភាព​ចាញ់​-​ឈ្នះ​របស់​បេក្ខ​ជន​នី​មួយ​ៗ​លោក​ស្រី​ហារីស​​ទទួល​បាន​សំឡេង​គាំទ្រ​​តិច​ជាង​លោក​ត្រាំ​ភាគ​ច្រើន​​។ ​លោក​ត្រាំ​​មាន​ប្រៀប​ជាង​លោក​ស្រី​ហារីស​ទាំង​សំឡេង​ឆ្នោត​ប្រជា​ប្រិយ​ និង​​អង្គ​បោះ​ឆ្នោត​​​។ លោក​ស្រី​ត្រៀម​ឡើង​ថ្លែង​សុន្ទរ​កថា​ទទួល​ស្គាល់​ការ​ចុះ​ចាញ់​ និង​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​នៅ​ម៉ោង​៤​ល្ងាច​ ម៉ោង​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​។​

គិត​ទៅ​លោក​ស្រី​ហារីស​មាន​ពេល​វេលា​មិន​ច្រើន​ទេ​​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​ខ្លួន​ឯង​​​ដើម្បី​ឱ្យ​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​បាន​ស្គាល់​​។ ក្រោយ​ពេល​លោក​បៃដិន​សម្រេច​ចិត្ត​ទាំង​ពិបាក​ដើម្បី​ដក​ខ្លួន​ថយ​ពី​ការ​ប្រកួត​ប្រជែង​នេះ លោក​ស្រី​ហារីស​មាន​ពេល​ត្រឹម​តែ​១០៧​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រៀប​ចំ​ខ្លួន​ក្នុង​ការ​ឃោស​នា​បោះ​ឆ្នោត ទល់​នឹង​​​បេក្ខ​ជន​ដែល​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​ប្រមូល​ផ្ដុំ​ដោយ​ក្រុម​មហា​សេដ្ឋី​នៅ​ជុំ​វិញ​គាត់​ដែល​មិន​ខ្លាច​នឹង​ជះ​លុយ​ទាំង​លាន​ដុល្លារ​ដើម្បី​ឃោសនា​នោះ​ទេ​។​

យោង​តាម​ក្រុម​អ្នក​វិភាគ​អំពី​ហិរញ្ញ​វត្ថុ មួយ​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​លើក​នេះ គណ​បក្ស​ទាំង​២​បាន​ចំណាយ​លុយ​មិន​ក្រោម​២៦០០​លាន​ដុល្លារ​នោះ​ទេ​។ ​លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​ពល​រដ្ឋ​អាមេរិក​គាំទ្រ​គណ​បក្ស​ធំ​ៗ​ទាំង​២​នេះ​ប្រហាក់​ប្រហែល​គ្នា​។ ពោល​គឺ​ប្រហែល​ជាង​៣០%​ម្ខាង​ៗ​។ និយាយ​នេះ​សំដៅ​ទៅ​លើ​ការ​គាំទ្រ​ជា​ប្រពៃណី​តែ​ម្ដង​ដោយ​មិន​​ប្រកាន់​ថា​បេក្ខ​ជន​ប្រធានា​ធិបតី​ជា​ប្រភេទ​មនុស្ស​ដែល​ពួកគេ​ចូល​ចិត្ត​ ឬ​មិន​ចូ​លចិត្ត​ទេ​។

ដូច្នេះ នៅ​សល់​ប្រហែល​ជិត​៤០%​ជា​អ្នក​ដែល​មិន​ទាន់​សម្រេច​ចិត្ត​បែប​ណា​ទេ​ ហើយ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្ដង​ទើប​សម្រេច​ចិត្ត​នៅ​នាទី​ចុង​ក្រោយ​។ ​ប៉ុន្តែ​លើក​នេះ គេ​សង្កេត​ឃើញ​ថា​អ្នក​ដែល​ធ្លាប់​គាំទ្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ជា​ប្រពៃណី​បែរ​ជា​ងាក​ទៅ​បោះ​ឆ្នោត​គាំទ្រ​លោក​ត្រាំ​ទៅ​វិញ​។ មូល​ហេតុ​មិន​មែន​ដោយ​សារ​ពួកគេ​ចូល​ចិត្ត​លោក​ត្រាំ​ ឬ​ស្អប់​លោក​ស្រី​ហារីស​ទេ​។ ប៉ុន្តែ​​​ពួក​គេ​ចង់​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ពួក​គេ​យល់​ថា​មិន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​ចង់​បាន​។

ជា​បន្ត​ទៅ​ទៀត​នេះ គណ​បក្ស​ប្រជា​ធិបតយ្យ​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​វិញ​ម្ដង​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោក​ស្រី​ហារីសក្រោយ​ការ​បោះ​ឆ្នោត និ​ងក្រោយ​បញ្ចប់​តំណែង​អនុ​ប្រធានា​ធិបតី​ ​​លោក​ស្រី​នឹង​ធ្វើ​អ្វី​ទៀត​ ហើយ​នឹង​ទទួល​បាន​តំណែង​អ្វី​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​? ចំណែក​លោក​ត្រាំ​ក៏​មាន​អាយុ​ច្រើន​មែន​ទែន​ហើយ​​​​។ ​ទម្រាំ​បញ្ចប់​អាណត្តិ​ថ្មី​នេះ លោក​នឹង​មាន​អាយុ​៨២​ឆ្នាំ​។ បើ​លោក​​ឈរ​ឈ្មោះ​នៅ​អាណត្តិ​បន្ទាប់ និង​​ឈ្នះ​ឆ្នោត​មួយ​អាណត្តិ​ទៀត​ មាន​ន័យ​ថា​លោក​នឹង​មាន​អាយុ​៨៦​ឆ្នាំ​ទម្រាំ​​ចប់​អាណត្តិ​។ ដូច្នេះ​នឹង​ក្លាយ​​ជា​ប្រធានា​ធិបតីដ៏​ចំណាស់​​​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ