ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីដនីម៉ារ៉ាតុង ត្រូវទទួលស្គាល់ជាសមាជិកទី៧ នៃព្រឹត្តិការណ៍រត់ធំលំដាប់ពិភពលោក

2 ថ្ងៃ មុន

ប្រទេសអូស្ត្រាលី ៖ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់ជា ទីក្រុងរៀបចំព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងធំបំផុតលំដាប់ពិភពលោកដោយ World…

ប្រទេសអូស្ត្រាលី ៖ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់ជា ទីក្រុងរៀបចំព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងធំបំផុតលំដាប់ពិភពលោកដោយ World Marathon Majors ដែលហៅកាត់ថា WMM ឬ Abbott World Marathon Majors។

ការទទួលស្គាល់ជាផ្លូវការខាងលើមានន័យថា ទីក្រុងស៊ីដនី គឺជាទីក្រុងនៃសមាជិកទី៧របស់ World Marathon Majors រួមជាមួយទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងញូវយ៉ក ទីក្រុងបូស្តុន ទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក និងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីក្លាយជាទីក្រុងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងធំបំផុតទាំង៧របស់ពិភពលោក។

លោកស្រី Dawna Stone ប្រធាន World Marathon Majors បានថ្លែងថា ភាពប្រសើរឡើងនៃការរៀបចំ និងបទពិសោធន៍ព្រឹត្តិការណ៍នៅទីក្រុងស៊ីដនី ក្លាយជាព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ខ្លាំង។ ហើយយើងទន្ទឹងរង់ចាំយ៉ាងអន្ទះសារមើលឃើញសហគមន៍នៃសមាជិករបស់យើង រៀបចំការប្រកួតរត់ម៉ារ៉ាតុងក្នុងនាមព្រឹត្តិការណ៍ធំរបស់ពិភពលោក និងចាប់ផ្តើមរៀបចំផែនការរត់តាមដងផ្លូវនៃទីក្រុងស៊ីដនី ដែលជាទីក្រុងដ៏ល្អបំផុតមួយក្នុងពិភពលោក។ បណ្តាអ្នករត់ប្រណាំង និងបុគ្គលល្បីឈ្មោះរបស់ប្រទេសអូស្ត្រាលីជាច្រើននាក់ ក៏កំពុងរង់ចាំយ៉ាងអន្ទះសារផងដែរ»។

លោកស្រី Jane Flemming អតីតកីឡាការិនីរត់ប្រណាំងឆ្នើមរបស់អូស្ត្រាលី បច្ចុប្បន្នជាប្រធានអត្តពលកម្មអូស្ត្រាលី ហៅការចូលជាសមាជិករបស់ទីក្រុងស៊ីដនីថា ជាពេលវេលានៃការផ្លាស់ប្តូរសម្រាប់កីឡាកំពុងពេញនិយមក្នុងប្រទេសអូស្ត្រាលី។ លោកស្រីបន្ថែមថា «វាជាសមិទ្ធផលមួយ ដែលនឹងជំរុញប្រជាជនអូស្ត្រាលីរាប់មិនអស់ចាប់អារម្មណ៍ការរត់។ យើងមានមោទកភាពចំពោះដំណើរនៃការប្រកួតនេះ ហើយពិតជារំភើបចំពោះអ្វីដែលមានន័យសម្រាប់អនាគតនៃកីឡានៅក្នុងប្រទេសអូស្ត្រាលី»។

សូមជម្រាបថា ស៊ីដនីម៉ារ៉ាតុងឆ្នាំ ២០២៥ (The 2025 Sydney Marathon) គ្រោងនឹងធ្វើឡើងជាលើកដំបូងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ តាមការរំពឹងទុកនឹងមានអ្នករត់ច្រើនជាង៣៣,០០០នាក់។ បន្ទាប់ពីទីក្រុងស៊ីដនីក្លាយជាសមាជិកពេញសិទ្ធិហើយនោះ World Marathon Majors កំពុងតែ

ស្វែងរកការពង្រីកសមាជិក ឬ ទីក្រុងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងរបស់ខ្លួនបន្ថែមទៀត ដោយក្នុងនោះបេក្ខភាពទីក្រុងខេបថោន (Cape Town) ប្រទេសអាហ្វ្រិកខាងត្បូង និងទីក្រុងសៀងហៃ ប្រទេសចិន កំពុងស្ថិតក្នុងដំណើរការចូលជាសមាជិកផងដែរ។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទាំងពីរនេះ អាចត្រូវបានទទួលស្គាល់ពេញសិទ្ធិនៅដើមឆ្នាំ ២០២៦ និង ២០២៧ ប្រសិនបើជោគជ័យលើការវាយតម្លៃ។

ការរត់ម៉ារ៉ាតុងពិភពលោក World Marathon Majors គឺជាព្រឹត្តិការណ៍រត់ប្រចាំឆ្នាំដ៏ធំបំផុត ដែលចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០៦ នៅទីក្រុងបូស្តុន ឡុងដ៏ ប៊ែរឡាំង ឈីកាហ្គោ និងញូវយ៉ក។ ចំណែកទីក្រុងតូក្យូ ចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៣៕ (ប្រភព ៖ AFP និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ