រាជធានីភ្នំពេញ ៖ ទូកុងតឺន័រស្តុកសម្ភារៈ របស់ការដ្ឋានសំណង់ក្រុមហ៊ុន KBH ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យទូកុងតឺន័រចំនួនពីរ រួមនឹងសម្ភារៈមួយចំនួន បានរងការខូចខាតទាំងស្រុង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន KBH ផ្លូវលំ ក្រុមទី០៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជាងបានផ្សារធ្វើរោងកម្មករស្នាក់នៅ ជាប់ទូកុងតឺន័រ ដែលស្តុបសម្ភារៈរបស់ការដ្ឋានសំណង់ ខណៈនោះបណ្ដាលឲ្យផ្កាភ្លើង ធ្លាក់ទៅត្រូវសម្ភារៈ នៅក្នុងទូកុងតឺន័រ ហើយឆេះសម្ភារៈរាលដល់ទៅកុងតឺន័រ ដែលស្តុកប្រេង រួមនឹងសម្ភារៈមួយចំនួន យ៉ាងសន្ធោសន្ធៅ ។ នៅក្នុងហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រុមមេការសំណង់បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះរថយន្តការិយាល័យ ចំនួន ៥គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួនមួយគ្រឿង ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃដដែល ។
តាមនគរបាលឱ្យដឹងទៀតថា អគ្គិភ័យនេះបណ្តាលអោយទូកុងតឺន័រចំនួន០២ រួមជាមួយសម្ភារៈ ត្រូវភ្លើងឆេះរងការខូចខាត រួមមាន ៖ ម៉ាស៊ីនភ្លើង ចំនួន១គ្រឿង និងប្រេងម៉ាស៊ូត ចំនួន ១៨កាន និងសម្ភារៈគ្រឿងសំណង់មួយចំនួនទៀត ។
អគ្គិភ័យនេះ បណ្ដាលមកពីជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារ បង្កជាអគ្គិភ័យតែម្តង ។ ទោះបីជាយ៉ាងណា ពុំបានឆេះរាលដាលដល់អ្នកក្បែរខាងទេ និងមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕
ចែករំលែកព័តមាននេះ