ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតកម្មករ​ស៊ី​ឈ្មួល​លី​ទំនិញ​ឆ្លង​ដែន ត្អូញត្អែរ​ពី​​ជីវ​ភាព​​ប្រចាំ​ថ្ងៃ​រកបាន​ព្រឹក​ខ្វះ​ល្ងាច​

1 ថ្ងៃ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​«​ភ្នំ​ដី​» គឺ​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ច្រក​ទ្វារ​ព្រំដែន​ជា​ច្រើន​ក្នុង​ខេត្តបាត់ដំបង ដែល​ធ្លាប់​មាន​ទំនិញ និង​មនុស្ស​ម្នារ​ធ្វើ​ដំណើរ​ចេញចូល​យ៉ាង​មមារញឹក​បំផុត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ ។ …

​ខេត្តបាត់ដំបង ​៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​«​ភ្នំ​ដី​» គឺ​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ច្រក​ទ្វារ​ព្រំដែន​ជា​ច្រើន​ក្នុង​ខេត្តបាត់ដំបង ដែល​ធ្លាប់​មាន​ទំនិញ និង​មនុស្ស​ម្នារ​ធ្វើ​ដំណើរ​ចេញចូល​យ៉ាង​មមារញឹក​បំផុត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ ។  ប៉ុន្តែ​សព្វថ្ងៃ​ច្រក​អន្តរជាតិ​នេះ ហាក់​ស្ងាត់ស្ងៀម​គ្មាន​ទំនិញ ឬ​មនុស្ស​ម្នារ​ចេញ-ចូល​ដូច​មុន​សម័យ​«​កូ​វី​ដ​១៩»​ឡើយ លើកលែងតែ​រថយន្ត​ធុន​ធ្ងន់​របស់​ថៃ​ចេញ-ចូល​​ដឹក​កសិផល​របស់​ខ្មែរ​តាម​រដូវ​កាល​តែ​ប៉ុណ្ណោះ​ ។

​នៅ​លើ​ស្ពាន​ឆ្លង​ព្រំដែន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ «​ភ្នំ​ដី​» គេ​សង្កេត​ឃើញ​មាន​អ្នកដំណើរ​ឆ្លងកាត់​តិច​តួច​​យ៉ាង​សោះកក្រោះ​លាយឡំ​ជាមួយនឹង​ក្រុម​កម្មករ​ប៉ុន្មាន​នាក់ដែល​ស៊ី​ឈ្មូ​ល​លី​ ឬ​ស្ពាយ​ទំនិញ​ឆ្លងស្ពាន​ព្រំដែន​ពី​ទឹកដី​ថៃ​ចូល​មក​ទឹកដី​ខ្មែរ​ ។  បើ​និយាយ​ពី​ក្រុម​កម្មករ​ខ្មែរ ដែល​ប្រឹងប្រែង​ស៊ី​ឈ្នួល​លី​សែង​ទំនិញ​ឆ្លង​ព្រំដែន​វិញ​ ពួក​គេ​គ្មាន​រទេះដឹក​ជ​ញ្ជូន​ទេ​ ។

​ពួក​គេ​បាន​ប្រើ​កម្លាំងបាយ​សុទ្ធ​សាត​ ដើម្បី​លី​ឬ​ស្ពាយ​ទំនិញ​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​ចូល​មក​ដី​ខ្មែរ ជា​ថ្នូរ​នឹង​ប្រាក់​​កំរៃ​​តិចតួច​បំផុត ​។  នេះ​បើ​តាម​ក្រុម​កម្មករ​ទាំងនោះ​និយាយ​ប្រាប់​ ។  ក្រុម​កម្មករ​លី​សែង​ទំនិញ​ទាំងនោះ បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ពួក​គេ​មាន​ពេលវេលា​ត្រឹម​មួយ​ព្រឹក​ប៉ុណ្ណោះ ដើម្បី​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​តាម​រយៈ​ការ​ស៊ី​ឈ្នូ​ល​លី ឬ​ស្ពាយ​ទំនិញ​ឆ្លង​ព្រំដែន​ ។ ​ហើយ​ទំនិញ​ទាំងនេះ ភាគច្រើន​ជា​អីវ៉ាន់​ចាប់ហួយ និង​បន្លែ ផ្លែ​ឈើ​ បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ដែល​ម្ចាស់​ទំនិញ​ទិញ​ពី​ប្រទេស​ថៃ យក​មក​លក់​តាម​ផ្ទះ​ក្នុងភូមិ​ជា​លក្ខណៈ​គ្រួសារ​ ។

​បែកញើស​ជោ​ក​ពេញ​ផ្ទៃមុខ កម្មករ​ម្នាក់​ឈ្មោះ ម៉ាក សុខ អាយុ​ជាង​៤០​ឆ្នាំ បាន​ប្រាប់​ថា គាត់​ធ្វើ​
ចំណាកស្រុក​មក​ពី​ខេត្តពោធិ៍​សាត់​មក​ស្នាក់​បណ្ដោះអាសន្ន​នៅ​ស្រុក​សំពៅ​លូន ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​លី​ទំនិញ​​ឆ្លង​ដែន​បែប​នេះ​ច្រើន​ឆ្នាំ​ហើយ​ ។  គាត់​បាន​និយាយ​ដូច្នេះ​ថា «​មួយ​ព្រឹក​នេះ ខ្ញុំ​លី​អីវ៉ាន់​បាន​ប្រហែល​៣​ទៅ​៤​ជើង ​ហើយ​គិត​ជា​ប្រាក់​ឈ្នួល​បាន​ប្រហែល​ជិត​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ឥឡូវ​អស់​អីវ៉ាន់​លី​ហើយ​ ។  ទំនិញ​ដែល​លី​ឆ្លង​ដែន​ជា​ប្រភេទ​ទំនិញ​ស្រាល​ៗ​ទេ​»​ ។

​ដោយឡែក ​កម្មករ​ដែល​មាន​វ័យ​រាង​ជ្រេរ​ម្នាក់​ទៀត ដែល​មើល​ទឹកមុខ​ស្លេកស្លាំង ហាក់​មាន​រោគ​ប្រចាំ​កាយ​ផង បាន​ប្រឹងប្រែង​លី​ផង ស្ពាយ​ពីក្រោយ​ខ្នង​ផង យ៉ាង​សំពោងសម្ពាយ​ស្ទើរ​គ្រប​លុប​លើ​ខ្លួន  តែ​ទំនង​ដូច​ជា​មិន​ធ្ងន់ធ្ងរ​ទេ ព្រោះ​វា​ជា​ចាន​ស្នោរ​ ។ ​ គាត់​ឈ្មោះ សែ​ប ហឿ​យ អាយុ​៥៤​ឆ្នាំ បាន​ឆ្លើយ​តប​នឹង​សំនួរ​កោះសន្តិភាព ទាំង​ទំនិញ​នៅ​លើ​ស្មារ​នៅឡើយ​ថា «​ខ្ញុំ​ទើប​លី​បាន​មួយ​ជើង​ហ្នឹង​ទេ​» ​។       គាត់​បាន​រក​កន្លែង​អង្គុយ​បន្តិច ក្រោយ​ពី​ទម្លាក់​អីវ៉ាន់​ពីលើ​ស្មារ  រួច​ដោះ​មួក​ក្រណាត់​យក​មក​បក់ ដែល​ទំនង​ហត់​ផង និង​ក្ដៅ​ផង ​។

​លោក សែ​ប ហឿ​យ ជា​បុរស​ពោះម៉ាយ ដែល​មានកូន​០៤​នាក់​ក្នុង​បន្ទុក​។ នេះ​បើ​តាម​គាត់​លួច​បង្ហើប​ពី​ប្រវត្តិ​របស់​គាត់​យ៉ាង​ខ្លី​ប្រាប់​កោះសន្តិភាព​ ។ ​ក្នុង​ទឹកមុខ​ស្លេកស្លាំង អង្គុយ​លើ​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ កម្មករ​វ័យ​ចំណាស់​រូប​នេះ បាន​លើកដៃ​ចង្អុល​គំនរ​ចាន​ស្នោរ រួច​និយាយ​ថា «​មួយ​ព្រឹក​នេះ ខ្ញុំ​លី​អីវ៉ាន់​បាន​ប៉ុណ្ណឹង បើ​គិត​ប្រាក់​ឈ្នួល​បាន​ប្រហែល​៥០០០​រៀល​ប៉ុណ្ណោះ​»​ ។   ហាក់​គ្មាន​កម្លាំងកំហែង​ទេ លោក សែ​ម ហឿ​យ បាន​បង្ហាញ​នូវ​ទឹកមុខ​យ៉ាង​ស្រងូត​ស្រ​ង៉ា​ត់​ ។ ​

គាត់​ងើបមុខ​បន្តិច រួច​ប​ន្លឺ​សម្លេង​តិច​ៗ​ថា «​សព្វថ្ងៃ​ ខ្ញុំ​ស៊ី​ឈ្នូ​ល​លី​សែង​អីវ៉ាន់​ឆ្លង​ព្រំដែន​ឲ្យ​គេ បានកំរៃ​​តិចតួច​គ្រាន់​ចិញ្ចឹម​កូន​ៗ​ផង និង​ព្យាបាល​ជំងឺ​ខ្លួនឯង​ផង​ ។  ប៉ុន្តែរ​កមួយ​ព្រឹក​ស្ទើរតែ​ទិញ​អង្ករ​ច្រក​ឆ្នាំង​មួយ​ពេល​មិន​បាន​ផង​»​ ។ ​ត្រង់​ចំណុច​នេះ ទាំង​លោក សែ​ប ហឿ​យ ទាំង​លោក ម៉ាក សុខ ដែល​មាន​អាជីព​ស៊ី​ឈ្នូ​ល​លី​សែង​ទំនិញ​ឲ្យ​គេ រាប់​សិប​ឆ្នាំ​ដូច​គ្នា សុទ្ធតែ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា ពី​ជីវភាព​ដ៏​លំបាកលំបិន​ចិញ្ចឹម​កូន ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​បែប​នេះ​ ។

​ពួក​គាត់​បាន​និយាយ​ព្រម​ៗ​គ្នា នៅ​ចំពោះ​មុខ​កោះសន្តិភាព​ដូច្នេះ​ថា «​ពួក​ខ្ញុំ​ទាំង​០២​នាក់ សុទ្ធតែ​ជា​អ្នក​ធ្វើ​ចំណាកស្រុក​ដូច​គ្នា ហើយ​សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ដូច​គ្នា​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ  ហើយ​ជីវភាព​ក៏​ខ្វះខាត​ដូច​គ្នា​ទៀត ​។ ពេល​ខ្លះ​ រក​ប្រាក់​មិន​បាន​បង់​ថ្ងៃ​ផ្ទះ​ជួល​ផង ត្រឹម​១​ខែ​១០​ម៉ឺន​រៀល​»​ ។

​កម្មករ​ស៊ី​ឈ្នួ​ល​លី​សែង​ទំនិញ​ឆ្លង​ព្រ​ដែន នៅ​ច្រក​ទ្វារ​អន្តរជាតិ​ «​ភ្នំ​ដី​» នេះ មាន​មិន​ច្រើន​នាក់​ទេ​ ។ នេះ​បើ​តាម​កម្មករ​និយាយ​ប្រាប់​ ។ ពួក​គេ​និយាយ​ថា ឆ្មាំ​ព្រំដែន​មិន​អនុញ្ញាត​​ឲ្យ​ប្រើ​រទេះអូស ឬ​រុញ សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន​ទេ ព្រោះ​រញ៉េរញ៉ៃ​ពេក តែ​កម្មករ​អាច​លី​សែង​ដោយ​កម្លាំងបាយ ចេញពី​ទឹកដី​ថៃ ឆ្លងស្ពាន​ព្រំដែន​ចូល​មក​ដី​ខ្មែរ​បាន តាម​ដែល​អាច​ធ្វើ​បាន ​។

​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​កម្មករ​បាន​បញ្ជាក់​ថា ទំនិញ​ដែល​ពួក​គាត់​ស៊ី​ឈ្នូ​ល​លី​លែង​ឲ្យ​គេ​នោះ ភាព​ច្រើន​ជា​ទំនិញ​ស្រាល​ៗ ហើយ​លី​ជញ្ជូន​ត្រឹ​ម​មួយ​កំណាត់​ព្រឹក ក៏​អស់​ទំនិញ​ជ​ញ្ជូន​​ទៅ​ហើយ​ ។ ដូច្នេះ​ពួក​គាត់​រក​ចំណូល​បាន​បន្តិច​ប​ន្តួច​​ប៉ុណ្ណោះ​ ។ ​បើ​ពិនិត្យ​លើ​ចម្ងាយ​ផ្លូវ​ដែល​ក្រុម​កម្មករ​លី​សែង​ទំនិញ គឺ លី​ចេញពី​ចុងស្ពាន​ម្ខាង​នៃ​ព្រំដែន​ថៃ ឆ្លង​ចូល​មក​ចុងស្ពាន​ម្ខាង​នៃ​ខាង​ទឹកដី​ខ្មែរ ដែល​មាន​ចម្ងាយ​ប្រហែល​ជិត​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ ។

យើង​ក្រឡេក​ទៅ​មើល​ស្ត្រី​ម្នាក់​ឯណោះ​វិញ  ដែល​កម្មករ​លី​សែង​ទំនិញ​ដែរ ក៏​មិន​ខុស​ពី​លោក
សែ​ប ​ហឿ​យ ប៉ុន្មាន​ទេ ក្នុង​ការ​ប្រឹងប្រែង​លី​សែង​ទំនិញ​ដ៏​សំពីងសំពោង​នៅ​លើ​ស្មារ​ ។  ប៉ុន្តែ​ខុស​ត្រង់​ថា ស្ត្រី​រូប​នេះ​ស្ថិត​ក្នុង​ទឹកមុខ​ញញឹម​ញ​ញ៉េ​មយ៉ាង​រាក់ទាក់ ខណៈ​លោក​ហឿ​យ ស្ថិត​ក្នុង​ទឹកមុខ​ស្លេកស្លាំង បើ​ទោះជា​នៅ​ក្នុង​ដៃ និងក្រោយខ្នង​គាត់​ផ្ទុក​ទៅ​ដោយ​កេស​ទំនិញ​ស្ទើរ​គ្រប់​ពេញ​នៅ​លើ​ខ្លួន​ដូច​គ្នា​ក្ដី​ ។

​ក្នុង​ដៃ​ទាំង​២​មាន​យូរ​កេស​យ៉ាង​ធំ​ៗ ខណៈ​នៅ​ពីក្រោយ​ខ្នង​គាត់​ក៏​មាន​ស្ពាយ​កេស​ធំ​ៗ​ដែរ ​។   ក្នុង​ទឹកមុខ​ញ​ញឹក​ញ​ញ៉េ​ម ទំនិញ​មិន​ទាន់​ទម្លាក់​ចេញពី​ស្មារ​ផង  កម្មករ​ស្រី​រូប​នេះ បាន​ឆ្លើ​ង​ឆ្លើយ​យ៉ាង​រាក់ទាក់​ជាមួយ​កោះ​សន្ត​ភាព​ទៅ​ហើយ ​។

កិច្ច​ស្វា​គម​ន៍​​របស់​គាត់​ជាមួយនឹង​ពាក្យ​ថា «​ខ្ញុំ​ជញ្ជូន​បាន​មួយ​ជើង​ហើយ​។  អីវ៉ាន់​នេះ​មិន​ធ្ងន់​ទេ ព្រោះ​វា​ជា​សម្បក​កែវ​ជ័រ​ទេ​»​ ។   ក្នុងឱ​កាស​ដ៏​មាន​តំលៃ​របស់​គាត់ ស្ត្រី​រូប​នេះ​បាន​ផ្ដល់​ពេល​ដ៏​ខ្លី​និយាយ​ជាមួយ​កោះសន្តិភាព ក្រោយ​ទម្លាយ​ទំនិញ​ចុះ​ពីលើ​ស្មារ​ ។ ​គាត់​បាន​ប្រាប់​ថា «​ខ្ញុំ​ឈ្មោះ គឹ​ម ឈឿ​ន អាយុ​៤៨​ឆ្នាំ​ ។ ខ្ញុំ​អ្នក​នៅ​ខេត្តតាកែវ តែ​បាន​មក​រស់នៅ​ស្រុក​សំពៅ​លូន​នេះ​យូរ​ឆ្នាំ​ហើយ​ ។  ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​មួយ​រយៈ នៅ​ក្នុង​អំឡុង​ផ្ទុះ​មេរោគ​កូ​វី​ដ​១៩ តែ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ ក្រោយ​មេរោគ​ចង្រៃ​នេះ​ស្ងាប់​ស្ងាត់​ ។ ​ប៉ុន្តែ​បាន​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នូ​ល​លី​សែង​ទំនិញ​ឲ្យ​គេ​នេះ ទើបបាន​ប្រហែល​១​ខែ​ប៉ុណ្ណោះ ដោយសារ​គ្មាន​មុខរបរ​អ្វី​ផ្សេង​»​។

​កោះសន្តិភាព​៖ តើ​មួយ​ថ្ងៃ​រក​ចំណូល​បាន​ប៉ុន្មាន ? អ្នកស្រី គឹ​ម​ឈឿ​ន  ប​ន្លឺសំណើច​បន្តិច ជាមួយនឹង​ចម្លើយ​យ៉ាង​ខ្លី​ថា « បាន​ប្រហែល​ពី​១​ម៉ឺន ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ទេ​»​ ។​នៅ​លើ​ទីធ្លា​ដ៏​តូច​ចង្អៀត​មួយ ខាងក្រោយ​ស្នាក់​ការ​ត្រូ​ត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ ​«​ភ្នំ​ដី​» គេ​មាន​ក្រុម​កម្មករ​ត្រឹម​​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ រួម​ទាំង​អ្នក​រត់​ម៉ូតូ​កង់​៣​ផង កំពុង​រង់ចាំ​ដឹក​ទំនិញ​បន្ត កំពុង​មមារញឹក​ក្ន​ង​ការ​ដឹក​ជញ្ជូន​ទំនិញ​ ។ ​ម៉ោង​មិន​ទាន់​១០​ព្រឹក​ផង ស្ថានភាព​ចេញ-ចូល​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ហាក់​ស្ងប់ស្ងាត់​អ្នកដំណើរ​ចេញចូល​បាត់​ទៅ​ហើយ​ ។ លើកលែងតែ​ក្រុម​ពលករ​ឆ្លង​ដែន​ស្របច្បាប់​ប៉ុណ្ណោះ ដែល​មាន​សកម្មភាពរ​ប៉ុយ​ៗ ឆ្លង​ដែន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ។

​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ មន្ត្រី​ព្រំដែន​ម្នាក់​បាន​ប្រាប់​ថា ចាប់​តាំង​សម័យ​ផ្ទុះ​មេរោគ «​កូ​វី​ដ​១៩» រហូត​មក ច្រក​«​ភ្នំ​ដី​» នេះ​ ស្ងាត់ឈឹង​តែ​ម្ដង​ ។  មន្ត្រី​ដដែល​នេះ បាន​រំលឹក​ថា មុន​សម័យ​កូ​វី​ដ​១៩ ច្រក​ទ្វារ​ភ្នំ​ដី​នេះ​ ហាក់​មាន​សភាព​អ៊ូរអ​​សម្បើម​ណាស់​។  ប៉ុន្តែ​សព្វថ្ងៃ​មិនសូវ​មាន​ទំនិញ​ចេញចូល​ទេ លើក​លែង​តែ​ដល់​រដូវ​ប្រមូល​ផល​កសិកម្ម​ប៉ុណ្ណោះ ដែល​មានរ​ថយន្ត​ថៃ​ចេញ-ចូល​ដឹក​កសិផល ក្រៅពី​នេះ​ គ្មាន​សកម្មភាព​អ្វី​ទេ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ