ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩​ខែ​ដើមឆ្នាំ​២០២៤​ កម្ពុជា​ទទួលភ្ញៀវ​អន្តរជាតិ ​ជាង​៤​លាន​នាក់ ​និងបដិសេធ​មិន​ឱ្យ​ចូល​ប្រមាណ​១​ពាន់​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៤​នេះ មន្ត្រី​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលភ្ញៀវ​ជា​លក្ខណៈ​អន្តរជាតិ ​ចូល​មក​តាម​បណ្ដា​ច្រក​ទ្វា​ព្រំដែន​គោក និង​អាកាស​ រហូត​ទៅ​ដល់…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៤​នេះ មន្ត្រី​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលភ្ញៀវ​ជា​លក្ខណៈ​អន្តរជាតិ ​ចូល​មក​តាម​បណ្ដា​ច្រក​ទ្វា​ព្រំដែន​គោក និង​អាកាស​ រហូត​ទៅ​ដល់ ៤.៨៤៩.៩២២​នាក់ ស្មើនឹង ២១៧​សញ្ជាតិ កើនឡើង​៦,៧៦% ក្នុង​នោះ​ភ្ញៀវ​ទេសចរ ​មាន​ចំនួន ៣.៧៦៧.៥១៨​នាក់ ស្មើនឹង ៧៧,៦៨%​ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

ដោយឡែក ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២៤​ ដូច​គ្នា លោក​ ទូច សុ​ឃៈ បានឱ្យ​ដឹង​ទៀត​ថា ក៏​មាន​ជនបរទេស ​ចំនួន ១.០២៤​នាក់ ស្មើនឹង ៧៨​សញ្ជាតិ ត្រូវ​បាន​មន្ត្រី​អន្តោប្រវេសន៍ បដិសេធ​ការ​ផ្តល់​ទិដ្ឋាការ និង​បដិសេធ​មិន​ឱ្យ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។ បន្ទាប់​ពី​បាន​រក​ឃើញ​ពាក់ព័ន្ធ​ក្នុង​បញ្ជី​មុខសញ្ញា រក​ឃើញ​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​មិន​ប្រក្រតី មាន​គោលបំណង​មិន​ច្បាស់លាស់ និង​មិន​គ្រប់លក្ខណៈ​សម្បត្តិ​ឱ្យ​ចូល​ប្រទេស ​។

អ្នកនាំពាក្យ​រង​ ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ដែរ​លទ្ធផល​ការងារ​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ឡើង បើ​ទោះបីជា​សភាពការណ៍​សន្តិសុខ​ពិភពលោក ​នៅ​តែ​បន្ត​ភាព​ស្មុគស្មាញ ក្នុង​នោះ​សង្គ្រាម​រវាង រុ​ស្សី​-​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល និង​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​ចំនួន ​​បាន​និង​កំពុង​បន្ត​ការ​ប្រយុទ្ធ​គ្នា​យ៉ាងធ្ងន់ធ្ងរ​។ បន្ថែម​ពីលើ​នេះ ប្រទេស ក្នុង​តំបន់​មួយ​ចំនួន ​បាន​រង​គ្រោះ​ធម្មជាតិ​។ វិបត្តិ​ទាំងនេះ បាន​ជះ​ឥទ្ធិពលអវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​ជាស​កល រួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ផង​ដែរ​ ។

តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ ទូច សុ​ឃៈ បាន​គូសបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​បន្ត​រក្សា​បានសុខ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ក​បរិយាកាស​ដល់​ដំណើរការ​ប្រទេស​ទៅ​តាម​វិស័យ​នីមួយ​ៗ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ថាមពល ភាព​ឈ្លាសវៃ និង​ចក្ខុវិស័យ​ច្បាស់លាស់ របស់សម្តេច​មហា​បវរ ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជាមួយ​គ្នា​នោះ ​ដើម្បី​សម្រួល​ដល់​ការ​លំបាក និង​ដោះស្រាយ​របាំង​នានា ​ដែល​ប៉ះពាល់​ដល់​អ្នកដំណើរ​ចេញ ចូល រួម​មាន ការ​ពង្រឹង​សេវាកម្ម​អន្តោប្រវេសន៍​ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ លុប​បំបាត់​បាតុភាព​អសកម្ម និង​ការ​សម្រួល​បែបបទ​អោយ បាន​ងាយស្រួល ប្រមុខ​រាជរដ្ឋាភិបាល ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​សាល​ក្រប​ត្រ​អេ​ឡិច​ត្រូ​និក ​ចូល​ព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែល​បាន​ដាក់​អោយ​អនុវត្ត​ជំហាន​ដំបូង​នៅ​តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន អន្តរជាតិ នា​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ