ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយការពារសក់របស់អ្នកម្តាយមិនឲ្យជ្រុះខ្លាំងក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
អ្នកម្តាយគួរតែជ្រើសរើសសាប៊ូកក់សក់ដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួន។ នៅពេលដែលអ្នកកក់សក់ មិនគួរប្រើកម្លាំងខ្លាំងពេកទេ ហើយកក់រួចមិនគួរប្រើម៉ាស៊ីនផ្លុំសក់ផ្លុំឲ្យស្ងួតនោះទេ ដោយអាចប្រើកន្សែងជូតទឹកឲ្យស្ងួតបាន។ ការធ្វើបែបនេះអាចជួយកាត់បន្ថយការជ្រុះសក់របស់អ្នកបាន។
ក្រាស់សិតសក់ក៏គួរតែប្រើប្រភេទឈើ មិនគួរប្រើប្រភេទជ័រដែរ ព្រោះក្រាស់ជ័រសិតរួចអាចធ្វើឲ្យសក់អ្នកជ្រុះខ្លាំងបាន។ ដូចនេះ អ្នកគួរតែប្រើក្រាស់ឈើជំនួសឲ្យក្រាស់ជ័រវិញ។
ម៉ាក់ៗគួរតែកាត់បន្ថយការលាបសក់ មិនគួរប្តូរពណ៌សក់ញឹកញាប់នោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ថែមទាំងធ្វើឲ្យសក់ជ្រុះខ្លាំងទៀតផង។ ជាពិសេស អ្នកម្តាយដែលបំបៅទឹកដោះដល់កូន វានឹងធ្វើឲ្យកូនលូតលាស់មិនបានល្អឡើយ ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូនណាស់។
ការដែលញ៉ាំអាហារប៉ូវជ្រុលពេកក្រោយសម្រាលកូនរួច ក៏ងាយធ្វើឲ្យសក់អ្នកម្តាយជ្រុះផងដែរ។ ដូចនេះ អ្នកមិនគួរប៉ូវខ្លាំងដល់ថ្នាក់លើសកំណត់នោះឡើយ។
ការដែលរក្សាអារម្មណ៍ល្អ សប្បាយចិត្តច្រើន និងហាត់ប្រាណឲ្យបានទៀងទាត់ ក៏ជាវិធីក្នុងការការពារសក់អ្នកមិនឲ្យជ្រុះខ្លាំងក្រោយពេលដែលសម្រាលកូនរួចផងដែរ៕
ចែករំលែកព័តមាននេះ