ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាបឋមសិក្សាជ័យជម្នះបើកបវេសនកាលឆ្នាំសិក្សាថ្មី

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្របគ្នា​ដែល​គ្រឹះស្ថានសិក្សា​សាធារណៈ​នានា នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០២៤ អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២៤-២០២៥ សាលា​បឋម​សិក្សា​ជ័យ​ជំនះ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​៣…

រាជធានី​ភ្នំពេញ ៖ ស្របគ្នា​ដែល​គ្រឹះស្ថានសិក្សា​សាធារណៈ​នានា នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០២៤ អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២៤-២០២៥ សាលា​បឋម​សិក្សា​ជ័យ​ជំនះ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២៤-២០២៥ ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ហួត លាត​ពិសិដ្ឋ អភិបាលរង​ខណ្ឌ​បឹង​កេងកង និង​មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​សង្កាត់ ភូមិ មាតាបិតា​សិស្ស និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​រាប់រយ​នាក់ ។

តាម​របាយការណ៍​របស់​លោកស្រី ទឹម សុខា នាយិកា​សាលា​បានឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ សាលា​មាន​បុគ្គលិក​សិក្សា​ចំនួន ៤០​នាក់ ស្ត្រី​៣១​នាក់ និង​មាន​សិស្ស​សរុប ៦៤៤​នាក់ ស្រី​៣៤២​នាក់ ក្នុង​នោះ​សាលា​មាន​ការងារ​មនុស្សធម៌​មួយ​ផ្គត់ផ្គង់​សិស្ស​ក្រីក្រ​ជួប​ការ​លំបាក​ចំនួន​១៤៨​នាក់ ស្រី​៦៦​នាក់ ដែល​ក្នុង​នោះ​សិស្ស​១០០​នាក់ ស្រី​៤២​នាក់ បាន​ទទួល​អាហារូបករណ៍​១០០% ពី​អង្គការ​ផ្ទះបាយ​កុមារ​នូវ​អង្ករ​១០​គីឡូក្រាម ក្នុង​១​ខែ គ្រឿងទេស សម្ភារៈ​សិក្សា សម្លៀក​បំពាក់ និង​មានការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​ពី​សប្បុរសជន ។

លោកស្រី​នាយិកា​បាន​បន្ត​ថា សម្រាប់​ទិស​ដៅ​ឆ្នាំ​សិក្សា​ថ្មី លោកគ្រូ អ្នកគ្រូ​ទាំងអស់​បន្ត​ការ​អនុវត្តន៍ កម្មវិធី​សិក្សា​ទៅ​តាម​ផែនការ​ដែល​មន្ទីរ​និង​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​បាន​ប្រគល់​ឱ្យ និង​បន្ត​យកចិត្តទុកដាក់​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សាលា​ក៏​ដូច​ជា​បញ្ហា​អសកម្ម​ផ្សេង​ៗ​ទៀត រួម​ទាំង​បរិស្ថាន​ផង​ដែរ ។

បន្ទាប់​ពី​លោក ង៉ូ​វ ឈី​វ ក្នុង​នាម​គណៈកម្មការ​គ្រប់គ្រង​សាលា លោក ហួត លាត​ពិសិដ្ឋ អភិបាលរង​ខណ្ឌ ជា​គណៈអធិបតី​ក៏​បាន​ឡើង​អាន​សារលិខិត​សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​ក្នុង​ទិវា​បើក​បវេសនកាល​ឆ្នាំ​ថ្មី​នេះ និង​បាន​ថ្លែង​មតិ​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​និង​ចៀសវាង​ពី​គ្រឿងញៀន ។ ជាទី​បញ្ចប់​នៃ​ពិធី​នេះ​ក៏​មានការ​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ ពី​លេខ​១ ដល់​លេខ​៣ ជា​និមិត្តរូប​១០​នាក់ ។

ជាមួយ​គ្នា​នេះ សាលា​ក៏​បាន​ទទួល នូវ​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​កម្មវិធី​ពី​លោក​អភិបាលរង​ខណ្ឌ​ចំនួន ២០​ម៉ឺន​រៀល និង​សប្បុរសជន​នានា​ក៏​បាន​ជួយ​ឧបត្ថម្ភ​សៀវភៅ ប៊ិក កា​តាប និង​សម្ភារៈ​សិក្សា​មួយ​ចំ​នួ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ