ទីក្រុងបាងកក៖ ប្រទេសថៃកំពុងប្រញឹកដៃក្នុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាន៦កន្លែងថ្មីទៀតដើម្បីក្រសោបយកតំណែងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំប្រចាំតំបន់។ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកស្រីម៉ាណាផន ចម្រើនសិរី (Manaporn Charoensri) បង្ហើបឱ្យដឹងអំពីផែនការនេះនៅពេលលោកស្រីអញ្ជើញចូលរួមកិច្ចប្រជុំនៅប្រទេសហ្វ៊ីលីពីន។
លោកស្រីយល់ថាអ្នកដំណើរតាមយន្តហោះនឹងកើនឡើងទ្វេ១ជា២នារយៈពេល២០ឆ្នាំទៅមុខទៀត។ កិច្ចប្រជុំនេះចូលរួមដោយអ្នកតំណាងមកពីប្រទេស និងស្ថាប័នផ្នែកវិស័យអាកាសចរណ៍សរុប៤៨ដែលបានពិភាក្សាអំពីប្រធានបទសំខាន់ៗផ្នែកអាកាសចរណ៍ស៊ីវិលក្រោមពាក្យស្លោក «អនាគតនៃការដឹកជញ្ជូនតាមអាកាស៖ និរន្តរភាព ភាពធន់ និងបរិយាប័ណ្ណ។
បញ្ហាកំណើនអ្នកដំណើររហូតដល់ពីរដងនារយៈពេលម្ភៃឆ្នាំខាងមុខគឺជាប្រធានបទសំខាន់ដែលយកទៅជជែកគ្នាយ៉ាងផុលផុស។ គេយល់ថាចាំបាច់ណាស់ត្រូវតែវិនិយោគទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច។ ក្រោយបិទបញ្ចប់កិច្ចប្រជុំនោះ ក្រសួងដឹកជញ្ជូនថៃបានដាក់ចេញនូវទស្សនវិស័យដឹកជញ្ជូននាពេលអនាគតអមដោយសារដោយការព្យាករនូវកំណើនអ្នកដំណើរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជួយសម្រួលការធ្វើដំណើរ។
កិច្ចប្រជុំនេះជំរុញឱ្យក្រសួងដឹកជញ្ជូនថៃពិចារណាទៅលើការវិនិយោគកម្រិតជាតិនៅក្នុងការសាងសង់អាកាសយានដ្ឋានដែលមាននិរន្តរភាព និងបរិយាប័ណ្ណ ហើយនិងសាងសង់អាកាសយានដ្ឋាន៦កន្លែងដ៏ថ្មីសន្លាងនៅមុកដាហាន, បឹងកាន, សាទុន, ផាយ៉ាវ, ខាឡាស៊ីន និងផាត់ថាឡុង (Mukdahan, Bueng Kan, Satun, Phayao, Kalasin & Phatthalung)។
អគ្គនាយកផ្នែកព្រលានយន្តហោះប្រាប់ថាលោកនឹងចាប់អនុវត្តការសាងសង់ព្រលានយន្តហោះនៅទូទាំងតំបន់។ សព្វថ្ងៃនេះ គេកំពុងសិក្សាអំពីគម្រោងសាងសង់នេះហើយ។ ព្រលានយន្តហោះនៅមុកដាហាន និងបឹងកានកំពុងសិក្សាប្លង់មេ និងផលប៉ះពាល់ចំពោះបរិស្ថាន។ ព្រលានយន្តហោះនៅសាទុនកំពុងរកក្រុមហ៊ុនម៉ៅការសាងសង់ដើម្បីចុះកុងត្រាជាមួយគ្នា។
ព្រលានយន្តហោះនៅផាយ៉ាវនឹងទទួលបានថវិកាសាងសង់នៅឆ្នាំ២០២៥។ ចំណែកនៅខាឡាស៊ីន និងផាត់ថាឡុងបានបិទបញ្ចប់ការសិក្សាគម្រោងរួចហើយ។ ក្រសួងដឹកជញ្ជូននឹងសិក្សាទៅលើស្មារតីនៃកិច្ចប្រជុំនៅហ្វ៊ីលីពីនដើម្បីរៀបចំផែនការសាងសង់ព្រលានយន្តហោះ និងបន្តពង្រីកវិសាលភាពនៅតាមព្រលានយន្តហោះដែលមានស្រាប់ដែលអាចនឹងចង្អៀតដោយសារភ្ញៀវចេញចូលកាន់តែច្រើន។ ដូច្នេះ ត្រូវបំពេញទៅតាមបទដ្ឋានអន្តរជាតិ (ឬស្តង់ដារអន្តរជាតិ)៕
ចែករំលែកព័តមាននេះ