ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ និង​ព​ន្លឿ​ន​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​បេតុង​អម​ប្រឡាយ​ស្ទឹង​មាន​ជ័យ ដែល​បាក់​ស្រុត​កន្លង​ទៅ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​បេតុង​អម​ប្រឡាយ​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​បាន​បាក់​ស្រុត កាលពី​ជាង​១​ខែ​មុន​នោះ បាន​ជួស​ជុស ស្ថាបនា​ឡើង​វិញ បានជា​ច្រើន​ភាគរយ​ហើយ​។…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​បេតុង​អម​ប្រឡាយ​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​បាន​បាក់​ស្រុត កាលពី​ជាង​១​ខែ​មុន​នោះ បាន​ជួស​ជុស ស្ថាបនា​ឡើង​វិញ បានជា​ច្រើន​ភាគរយ​ហើយ​។ ដើម្បី​ជំរុញ​អោយ​ការ​ជួស​ជុស និង​ស្ថាបនា ផ្លូវ​បេតុង​នេះ​ឡើង​វិញ ទទួល​បាន​គុណភាព ស្រប​តាម​ស្តង់ដា​បច្ចេកទេស​នោះ នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ ខែតុលា​នេះ លោក ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​មើល​ការដ្ឋាន ដើម្បី​ព​ន្លឿ​ន​ការ​ជួសជុល និង​បាន​ណែនាំ​អោយ​ក្រុមការងារ​ស្ថាបនា​កំណាត់​ផ្លូវ​នេះ ធ្វើ​អោយ​បាន​លឿន ជាមួយ​និង​ការ​អនុវត្ត​ការងារ​ទៅ​តាម​ស្តង់ដា​បច្ចេកទេស ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ដែរ បាន​ណែនាំ​អោយ​ក្រុមការងារ យកចិត្តទុកដាក់​អនុវត្ត​ការងារ​នេះ អោយ​បាន​ល្អ ចំពោះ​ទីតាំង​ផ្លូវ​បេតុង ដែល​បាក់​យើង​បាន​កាយ​ដី​ស្អុយ​ចេញ ចាក់​ខ្សាច់ កិន​បង្ហាប់​រួចរាល់​ហើយ វា​មិន​មាន​បញ្ហា​ត្រូវ​បាក់​បន្ត​ទៀត​នោះ​ទេ​។ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​នៅ​ទីតាំង​ជាប់​ៗ​គ្នា​នេះ ក៏​បាន​បាក់​ស្រុត​ច្រាំង​ប្រឡាយ​ដែរ ដូច្នេះ​ស្នើ​អោយ​ក្រុមការងារ​បន្ត​ជី​កាយ​យក​ដី​ស្អុយ​ចេញ ចាក់​ខ្សាច់​កិន​បង្ហាប់ កុំអោយ​បាក់​បន្ថែម​ដល់​ផ្លូវ​បេតុង​ទៀត​។ ក្រោយ​ការ​ចាក់​ខ្សាច់​កិន​បង្ហាប់​ហើយ យើង​ចាក់​ផ្លូវ​បេតុង​ដូច​មុន​តែ​ម្តង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជូន​ប្រជាពលរដ្ឋ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ផង​ដែរ​ថា អនុវត្ត​តាម​ការ​ណែនាំ​របស់ លោក ឃួ​ង ស្រេង ក្រុមការងារ​បាន​សម្រុក​អនុវត្ត​ការងារ ជួស​ជុស ស្ថាបនា​ផ្លូវ​បេតុង​នេះ​ឡើង​វិញ យ៉ាង​យកចិត្តទុកដាក់ ដោយ​បាន​កាយ​ដី​ស្អុយ​ខាងក្រោម​ចេញ​អស់ ចាក់​ខ្សាច់​ចូល រួច​កិន​បង្ហាប់ ទោះ​ទឹក​ហូរ​ច្រោះ ខាងក្រោម​ក៏​មិន​មាន​បញ្ហា​ដែរ ព្រោះ​បាន​ជីក​យក​ដី​ស្អុយ​ចេញ​អស់ រហូត​ដល់​ស្រទាប់ដី​រឹង​ហើយ ។

គួរ​រម្លឹក​ថា កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​បាក់​ស្រុត​ជា​បណ្តើរ​ៗ កាលពី​ថ្ងៃ​ទី​២៣ កញ្ញា កន្លង​មកនេះ​។ ដោយ​មានការ​យកចិត្តទុកដាក់ ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​កាល​ណោះ លោក​បាន​ធ្វើ​ដំណើរ​យ៉ាង​បន្ទាន់ ចេញពី​ខេត្ត​មណ្ឌល​គី​រី​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ស្ថានភាព នៃ​ការ​បាក់​កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹង​មាន​ជ័យ នេះ​ភ្លាម​ៗ ពោល​គឺ​ក្រោយ​ពី​លោក​បាន​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរ​មុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ការ​ធ្វើ​ទស្សនៈកិច្ច​មើល​បង្គោល​ព្រុំដែន​លេខ​៦៥ ឡា​ប៉ា​ខេ (​កម្ពុជា​-​វៀតណាម​) ក្នុងភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ។

ក្នុង​ចុះ​ពិនិត្យ​កាល​ណោះ លោក ឃួ​ង ស្រេង បាន​ណែនាំ​អោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​ជំនាញ ដាក់​ប៉ា​រ៉ា​ស​បិទផ្លូវ ធ្វើការ​ជួសជុល​កំណាត់​ផ្លូវ ដែល​បាក់​ស្រុត​នេះ​ឡើង​វិញ​ភ្លាម​ៗ ។

សូម​បញ្ជាក់​ថា កំណាត់​ផ្លូវ​បេតុង ដែល​បាក់​ស្រុត​នេះ​មាន (​ប្រវែង ១៤៦​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​) ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។ ចំពោះ​មូលហេតុ នៃ​ការ​បាក់​ស្រុត​ផ្លូវ​នេះ គឺ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជាប់​គ្នា​ច្រើន​ថ្ងៃ ទើប​បណ្ដាល​អោយ​ទឹក​ហូរ​ច្រោះ​ដី​ខាងក្រោម​ផ្លូវ និង​បាន​ធ្វើ​ឲ្យ​ដី​ទន់ជ្រាយ​រអិល​ទាំង​តួ​ថ្នល់ និង​បេតុង ទើប​មានការ​បាក់​ស្រុត​បែប​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ