រាជធានីភ្នំពេញ ៖ រថយន្តទ្រុងឃ្លុបជិត ១គ្រឿង បើកលឿន បានជ្រុលទៅបុកចំទទឹងខ្លួនរថយន្តបែន យីឌុប ១គ្រឿង កំពុងថយចូលចាក់ដីខ្សាច់ នៅក្នុងការដ្ឋានមួយកន្លែង បណ្ដាលឲ្យរងការខូចខាតកាប៊ីនខ្លួនឯងមួយចំហៀង ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ ។
ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោ០១និង២៥នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅតាមមហវិថី ស៊ី ជីនពីង (អតីតផ្លូវក្រវាក់ក្រុងទី៣) ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តទ្រុងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ កណ្តាល 3A-3103 រងការខូចខាតកាប៊ីនធ្ងន់ធ្ងរ បើកបរដោយបុរសម្នាក់មិនមានរងរបួសទេ ។ ចំណែករថយន្តបែនយីឌុបដឹកដី ម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9875 បើកបរដោយបុរសម្នាក់អត់រងរបួសដូចគ្នាដែរ ។
អ្នកដំណើរតាមផ្លូវខាងលើបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តបែនយីឌុបដឹកដីខ្សាច់ ១គ្រឿង ខាងលើ បើកបរធ្វើដំណើរតាមមហាវិថី ស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបើកឈប់ រួចបើកថយក្រោយបត់ទទឹងផ្លូវ ចូលចាក់ខ្សាច់នៅក្នុងការដ្ឋានមួយកន្លែង នៅក្បែរនោះ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះ រថយន្តទ្រុងបានបើកក្នុងទិសដៅស្របគ្នាទៅដល់បុកចំទទឹងខ្លួនពេញរថយន្តបែនទំហឹង បណ្ដាលឲ្យខូចកាប៊ីនមួយចំហៀងតែម្ដង ។ ខណៈនោះ មិនបានបណ្ដាលឲ្យអ្នកបើកបររថយន្តទ្រុងខាងលើនោះរងរបួសទេ ហើយរថយន្តបែនដឹកខ្សាច់ពុំរងការខូចខាតនោះឡើយ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅកាន់កន្លែងកើតហេតុ ហើយបានឲ្យតំណាងភាគីរថយន្តទាំងពីរគ្រឿងនោះ ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ប៉ុន្តែពុំដឹងថា ត្រូវរ៉ូវគ្នាដោយរបៀបណានោះឡើយ ៕
ចែករំលែកព័តមាននេះ